ភ្នំពេញៈ អ្នក​ក្នុង​វិស័យ​ទេសចរណ៍​បាន​សម្តែង​ក្តីកង្វល់​ពី​បញ្ហា​ប្រឈម​នៃ​ការងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ ដោយសារ​តែ​វត្តមាន​នៃ​វីរុស​កូវីដ​ ១៩ បំប្លែង​ថ្មី​ «​អូមីក្រុង​» ​ដែល​កំពុង​រីករាល​ដាល​យ៉ាងខ្លាំង​មិន​ធ្លាប់មាន​លើ​ពិភពលោក ខណៈ​កាលពី​ឆ្នាំ​ ២០២១ ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជាង ១៩ ​ម៉ឺន​នាក់ ធ្លាក់​ជាង ៨០ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិរ​បស់​ក្រសួង​ទេសចរណ៍ ដែល​ភ្នំពេញ-ប៉ុស្តិ៍​ទើប​ទទួល​បាន​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ១៩៦ ៤៩៥ ​នាក់ ធ្លាក់ចុះ ៨៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១ ៣០៦ ១៤៣ ​នាក់​។ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ ធ្វើដំណើរ​តាមផ្លូវ​អាកាស​មាន ៩៩ ៨២៩ ​នាក់ ថយចុះ ៨៦,៨ ​ភាគរយ​, តាមផ្លូវ​គោក ៩៦ ៤៧៨ ​នាក់ ថយចុះ ៨០ ​ភាគរយ និង​តាម​ផ្លូវទឹក ចំនួន ១៨៨ ​នាក់ ថយចុះ ៩៩,៦ ​ភាគរយ​។

ក្រសួង​ទេសចរណ៍​ឱ្យ​ដឹងថា ភ្ញៀវ​ជនជាតិ​ថៃ​ចូល​មក​កម្ពុជា​មាន​ចំនួន​ច្រើនជាងគេ គឺ ៨១ ៨៤៤ ​នាក់ ធ្លាក់ចុះ​ ៦១,២​ ភាគរយ​, ជនជាតិ​ចិន ៤៥ ៧៧៥ ​នាក់ ធ្លាក់ចុះ ៨៦,១ ភាគរយ និង​ភ្ញៀវ​វៀតណាម ២២ ១២០ ​នាក់ ធ្លាក់ចុះ ៨៧,៩ ​ភាគរយ​។ ភ្ញៀវទេសចរ​សំខាន់ៗ​ផ្សេងទៀត​រួមមាន​អាមេរិក​, ឥណ្ឌូនេស៊ី​, កូរ៉េខាងត្បូង​, ចិន​តៃប៉ិ​, បារាំង​, ម៉ាឡេស៊ី និង​ជប៉ុន ជាដើម​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៦ ខែមករា​ថា ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៨០ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២១ មិនមែនជា​រឿង​ចម្លែក​ទេ ដោយ​ព្រឹត្តិការណ៍​នេះ​កើត​មាននៅ​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​។ អ្វីដែល​គួរ​ចាប់អារម្មណ៍​នៅពេលនេះ​ថា តើ​វិស័យ​ទេសចរណ៍​នឹងមាន​ពន្លឺ​វិជ្ជមាន​ឡើងវិញ​ដែរ ឬទេ​ក្នុង​ឆ្នាំ​ ២០២២ នេះ ខណៈ​រដ្ឋាភិបាល​បាន​បើក​សេដ្ឋកិច្ច និង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ លោក​បន្តថា ឥទ្ធិពល​របស់​អូមីក្រុង កំពុង​ធ្វើឱ្យ​ក្តីសង្ឃឹម​នៃ​ការងើប​ឡើងវិញ​របស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ឆ្នាំ​ ២០២២ ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

លោក​ថ្លែងថា​៖ «​ចំនួន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ដ៏ច្រើន​ជា​រៀងរាល់​ថ្ងៃ ពិសេស​នៅ​តំបន់​អាមេរិក និង​អឺរ៉ុប កំពុង​បង្កើន​ក្តីបារម្ភ​យ៉ាងខ្លាំង​សម្រាប់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ ទោះបី​ប្រទេស​កម្ពុជា​បើកទ្វារ​ទទួល​ស្វាគមន៍​ពួកគេ​ក៏ដោយ​។ បន្ថែម​ពីលើ​នេះ ការ​លុបចោល​ជើងហោះហើរ​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នានា ក៏​ជា​ឧបសគ្គ​មួយ​ផងដែរ​សម្រាប់​អ្នក​មាន​បំណង​ធ្វើដំណើរ​មក​កម្ពុជា​»​។

ទោះជា​យ៉ាងណា លោក ស៊ីណាន បញ្ជាក់ថា ប្រសិនបើ​តំបន់​អាស៊ាន រួមទាំង​ប្រទេស​ចិន និង​ឥណ្ឌា អាច​សហការ​គ្នា​ឱ្យបាន​ល្អ​លើ​ការសម្រួល​ការធ្វើ​ដំណើរ​របស់​ប្រជាជន វា​ក៏​នឹង​ក្លាយ​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ធ្វើឱ្យ​វិស័យនេះ​មាន​កំណើន​ឡើងវិញ​។

លោក ស៊ីណាន លើកឡើង​ទៀតថា វិស័យ​ទេសចរណ៍​កម្ពុជា​ឆ្នាំ​ ២០២២ នេះ​នឹង​នៅតែ​បន្ត​រង​ហានិភ័យ​ដដែល​ពី​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់ និង​ជួយ​ពី​រដ្ឋាភិបាល​ទាំង​ផ្នែក​ពន្ធដារ ការសម្រួល​ផ្នែក​ច្បាប់ និង​ការឧបត្ថម្ភ​ផ្សេងៗ​។ លោក​បញ្ជាក់ថា​៖ «​វិស័យ​ទេសចរណ៍​កម្ពុជា រាប់​ចាប់ពី​ក្រុមហ៊ុន​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ភោជនីយដ្ឋាន និង​សណ្ឋាគារ ជាដើម ពួកគេ​ពិតជា​ត្រូវការ​ការគាំពារ​ឱ្យបាន​កាន់តែខ្លាំង​ទៀត​ពី​រដ្ឋាភិបាល​»​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាន​និយាយថា ទោះបី​កម្ពុជា​ប្រកាស​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ក៏​មកដល់ពេលនេះ​ចំនួន​ភ្ញៀវ​អន្តរជាតិ​ចូលមក​កម្ពុជា​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ វត្តមាន​របស់​វីរុស​បំប្លែង​ថ្មី អូមីក្រុង កំពុង​ធ្វើឱ្យ​ក្តី​ស្រមៃ​របស់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ ពី​ការមកដល់​របស់​ភ្ញៀវ​អន្តរជាតិ​ត្រូវបាន​ពន្យារពេល​ដោយ​ស្វ័យប្រវត្តិ​។

លោកស្រី​ថ្លែងថា​៖ «​ក្នុងស្ថានភាព​បែបនេះ វិស័យ​ទេសចរណ៍​ពិតជា​ត្រូវការ​ជួយ​ពី​រដ្ឋាភិបាល​ ដើម្បី​អាច​ទប់ខ្លួន​សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ឡើងវិញ​ នៅពេលដែល​ជំងឺ​កូវីដ​ ១៩ ត្រូវ​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​»​។

ទោះយ៉ាងណា លោកស្រី ស៊ីវលីន និយាយថា វិស័យ​ទេសចរណ៍​នឹង​ល្អ​ឡើងវិញ​បណ្តើរៗ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​ ២០២២ តទៅ​៕ LA