ភ្នំពេញៈ ការិយាល័យ​ឥណទាន​កម្ពុជា ​(CBC) បានដាក់​ឱ្យ​ដំណើរការ​ផលិតផល​ថ្មី​គឺ Credit Report Plus ដែលជា​មុខងារ​សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ មាន​នៅលើ​កម្មវិធី​ទូរស័ព្ទដៃ CBC Mobile App ខណៈ​មុខងារ​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ខ្ចីប្រាក់​គ្រប់រូប​អាច​គ្រប់គ្រង​សុខភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​បាន​។

មុខងារ Credit Report PLUS រួមបញ្ចូល​របាយការណ៍​ឥណទាន និង​សេវា​ពិន្ទុ K-Score នៅក្នុង​មុខងារ​តែមួយ ដោយ​បង្ហាញ​អ្នក​ខ្ចីប្រាក់​ឱ្យឃើញ​ពី​ស្ថានភាព​សុខភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​។ មុខងារ​នេះ​ផ្តល់ជូន​ក្នុង​តម្លៃ​សមរម្យ​ជាង​ការបញ្ជាទិញ​របាយការណ៍​ឥណទាន និង​សេវា​ពិន្ទុ K-Score ដាច់ដោយឡែក​ពីគ្នា​ដែល​ជួយ​ឱ្យ​ការពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​មានតម្លៃ​សមរម្យ សម្រាប់​អ្នកប្រើប្រាស់​ពេញ​ផ្ទៃ​ប្រទេស​។

អតិថិជន​ដែល​បានស្នើ​សុំ​របាយការណ៍​សុខភាព​ហិរញ្ញវត្ថុ​តែមួយ​មុខ​ពី CBC នៅពេលនេះ​អាច​ទាញយក​នូវ​អត្ថប្រយោជន៍ (1 Credit Report + 1 K-Score) នៃ​មុខងារ Credit Report PLUS ដោយ​ចំណាយ​បន្ថែម​តិចតួច​បំផុត​។ ​នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី CBC កាលពី​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២២​។

CBC បានឱ្យ​ដឹងថា​៖ «​តាមរយៈ​ការ​កែលម្អ សេវា​ពិន្ទុ K-Score របស់ខ្លួន អ្នកប្រើប្រាស់​ទំនងជា​អាច​បង្កើន​កម្រិត​កម្ចី​របស់​ខ្លួន​បាន​ច្រើន ដោយ​អាស្រ័យ​លើ​គោលការណ៍​ផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។ ពិន្ទុ​នោះ​រំលេច​ឡើង​នូវ​ភាព​ស័ក្តិសម និង​ទទួលបាន​ឥណទាន​របស់​អតិថិ​ជនណាម្នាក់​ជា​ចំនួន​ទោល ដែល​ជួយ​ឱ្យ​អ្នក​ខ្ចី​ដឹងថា ខ្លួន​ស្ថិតនៅ​ក្នុងស្ថានភាព​ណា​»​។

លោក អឿ សុធារ័ត្ន អគ្គនាយក​ប្រតិបត្តិ​របស់ CBC បានឱ្យដឹងថា អ្នក​ខ្ចី​នឹង​បានឃើញ​ទិដ្ឋភាព​សុខភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​កាន់តែច្បាស់ ហើយនឹង​អាចធ្វើ​ការកែលម្អ ភាពស័ក្តិសម នឹង​ទទួលបាន​ឥណទាន​របស់ខ្លួន រក្សា​ពិន្ទុ ខេស្ករ ហើយ​រាយការណ៍​ពី​ភាពអសុក្រឹត​ទាំងឡាយ​ក្នុង​របាយការណ៍​ឥណទាន​របស់ខ្លួន​បាន​។

លោក​ថ្លែងថា​៖ «​យើង​បាន​សម្ពោធ​ឱ្យប្រើប្រាស់​មុខងារ Credit Report PLUS ដើម្បីឱ្យ​ស្របតាម​តម្រូវ​ការឱ្យ​កាន់តែ​ប្រសើរឡើង ហើយ​ផ្តល់នូវ​ជម្រើស​តាម​ការពេញចិត្ត​ដល់​អ្នក​ប្រើប្រាស់ បន្ទាប់ពី​សម្ពោធ​ឱ្យប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ​របស់​យើង​បាន ១ ​ឆ្នាំ​រួចមកហើយ​។ មុខងារ​ថ្មី​នេះ​សំដៅ​កែលម្អ​អក្ខរកម្ម​ហិរញ្ញវត្ថុ និង​លើក​ទឹកចិត្ត​ដល់​ឥរិយាបថ​ហិរញ្ញវត្ថុ ប្រកបដោយ​ការទទួល​ខុសត្រូវ​នៅ​កម្ពុជា​»​។

យោងតាម​ទិន្នន័យ​ចុងក្រោយ​នៅក្នុង​របាយការណ៍​សន្ទស្សន៍​ឥណទាន​លក្ខណៈ​បុគ្គល​ប្រចាំត្រីមាស​ទី​ ៣ បោះពុម្ព​ដោយ CBC ការដាក់​ពាក្យសុំ​ឥណទាន​របស់​អ្នកប្រើប្រាស់​កើនឡើង ៣៨​ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី ​២​។ ទិន្នន័យ​បានបង្ហាញ​ពី​កំណើន​សមតុល្យ​កម្ចី​បាន ៥,៨៤ ភាគរយ​។ កម្ចី ៣០ ​ថ្ងៃ​ផុតកំណត់​សង​ក៏​កើនឡើង​បាន ៦ ​ភាគរយ​ដែរ ដែល​ចំណុច​នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការបង្កើត​ប្រព័ន្ធ​ជឿជាក់​មួយ ដែល​វាយតម្លៃ​ហានិភ័យ​ឥណទាន​បាន​ភ្លាម​។ ជាមួយនឹង​មុខងារ Credit Report Plus អ្នក​ខ្ចី​អាចធ្វើ​ការ​សម្រេចចិត្ត ដោយ​មាន​ការគិតគូរ​បាន​ប្រសើរ​ជាង​មុន​។ សព្វថ្ងៃ CBC ជា​គ្រឹះស្ថាន​រាយការណ៍​ឥណទាន​តែមួយ​នៅ​កម្ពុជា ដែល​ផ្តល់ជូន​នូវ​របាយការណ៍​ឥណទាន និង​សេវា​ពិន្ទុ K-Score៕ LA