ភ្នំពេញៈ ការនាំចេញ និង​នាំចូល​ទំនិញ (​ដក​មាស​ចេញ​)​ របស់​ប្រទេស​កម្ពុជា រយៈពេល ១១ ខែ ឆ្នាំ​ ២០២១ បាន​កើនឡើង​ក្នុង​រង្វង់​ជាង ២០ ​ភាគរយ​ព្រម​គ្នា ដោយ​សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៣៦ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ទិន្នន័យ​នៃ​ឯកសារ​និន្នការ​សេដ្ឋកិច្ច-​សង្គម របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ការនាំចេញ​ទំនិញ​ (​ដក​មាស​ចេញ​) ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ទឹកប្រាក់​សរុប ១៥ ៦១៣ លាន​ដុល្លារ កើនឡើង ២២,៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ការកើនឡើង​ចំនួន​ទឹកប្រាក់​នាំចូល​នេះ​បានមកពី​កំណើន​នៃ​ការនាំចេញ​ផលិតផល​វាយនភណ្ឌ​, កង់ និង​ទំនិញ​ផ្សេងៗ​ដូចជា គ្រឿងសង្ហារិម​, ស្បែក​សត្វ​មាន​រោម ​(furskins), កៅស៊ូ​, ក្តារ​កុងប្លាកេ​, វត្ថុ​សម្រាប់​ជាងសំណង់​ធ្វើ​ពី​ប្លាស្ទិក​, សូឡា​, ខ្សែភ្លើង​ និង​បង្គុំ​ខ្សែភ្លើង​, គ្រឿង​អេឡិចត្រូនិក​ និង​ភាគ​បំណែក​, ចេក​, ស្ករស​, កសិផល​ផ្សេងៗ​, ដំឡូងមី និង​ស្វាយ ជាដើម​។

ចំណែក​ការនាំ​ចូល​ទំនិញ (​ដក​មាស​ចេញ​) សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ ២០,៤ ពាន់​លាន​ដុល្លារ កើនឡើង ២៥,៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដោយសារ​កំណើន​នៃ​ការនាំចូល​ក្រណាត់​, គ្រឿងសំណង់​, ប្រេងឥន្ធនៈ និង​ទំនិញ​ផ្សេងៗ​។

យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ទាប់ពី​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ ​១៩ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បានបង្ហាញ​ពី​ភាពប្រសើរ​ឡើងវិញ​បន្តិច​ម្តងៗ ប៉ុន្តែ​ពុំទាន់​អាច​វិល​រក​ភាពប្រក្រតី​ភាព​ដូច​មុន​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅឡើយ​ទេ ជាពិសេស​វិស័យ​មួយចំនួន​ដូចជា ទេសចរណ៍​, សំណង់ និង​ការ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​។ ទោះបីជា ការនាំចេញ​ក្រៅពី​សម្លៀកបំពាក់​ និង​ផលិតផល​កាត់ដេរ ដូចជា កង់​, គ្រឿង​បង្គំ អេឡិចត្រូនិក​, ផលិតផល​ពី​ឈើ និង​ផលិតផល កសិកម្ម​ផ្សេងទៀត ជាដើម បាន​បន្ត​រក្សា​កំណើន​ល្អ​។

ក្រសួង​សេដ្ឋកិច្ច បាន​បញ្ជាក់ថា ជារួម​សេដ្ឋកិច្ច​កម្ពុជា បានបង្ហាញ​សញ្ញា​វិជ្ជមាន​ឆ្នាំ​ ២០២១ ដោយសារ​ការងើប​ឡើងវិញ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល​, សេដ្ឋកិច្ច​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​៕