ភ្នំពេញៈ ភ្ញៀវ​ទេសចរ​ប្រមាណ​ជិត ១៦ ម៉ឺន​នាក់​បាន​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាននានា​នៅ​ទូទាំង​ប្រទេស​ក្នុង​ឱកាស​នៃ​ខួប ៤៣​ឆ្នាំនៃ​ថ្ងៃ​ទិវា​ជ័យ​ជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) លើ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដែល​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ថា ក្នុង​រយៈពេល ១ថ្ងៃ (៧ មករា ២០២២) នៃ​ថ្ងៃ​ឈប់​សម្រាក​នា​ឱកាស​ខួប ៤៣​ឆ្នាំ នៃ​ទិវា​ជ័យ​ជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ចំនួន​ភ្ញៀវទេសចរ​ផ្ទៃ​ក្នុងចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា មាន​ចំនួន​សរុប ១៥៨ ៦៣០នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ ១៥៦ ៤៧៩នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២ ១៥១នាក់។

បើ​តាម​ក្រសួង​ទេសចរណ៍ ទីតាំង​សំខាន់ៗ​ដែល​ទទួល​ភ្ញៀវ​ច្រើន​ក្នុង​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ ២០២១ រួមមាន រាជធានី​ភ្នំពេញ ៥៥ ៨៤២នាក់, ខេត្តព្រះសីហនុ ១២ ៥៨៥នាក់, សៀមរាប ១០ ១៤៨នាក់, ពោធិ៍សាត់ ៩ ៨៦៣នាក់, មណ្ឌលគិរី ៩ ៤៩៧នាក់, បាត់ដំបង ៨ ៣៦៥នាក់, ស្ទឹងត្រែង ៨ ៣១០នាក់, កែប ៨ ១៣៥នាក់ និងខេត្តកំពត ៨ ០៨២នាក់។

លោក ថោង ខុន បានឱ្យដឹងថា ទោះ​បី​ថ្ងៃ​ឈប់​សម្រាក​ពិធី​បុណ្យ​ឆ្នាំ​សកល ទើប​តែ​កន្លង​ផុត​ប៉ុន្តែ​ចរន្ត​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​នៅ​តែ​បង្ហាញសញ្ញា​រឹងមាំ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ការ​សម្រេច​បើក​សង្គម-សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា និង​អត្រា​ដ៏​ខ្ពស់​នៃ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង​កម្ពុជា​ចាប់​ផ្តើម​មាន​សម្ទុះ​ឡើង​វិញ​ជា​បន្តបន្ទាប់។

លោកស្រីបន្តថា ចរន្តភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​កំពុង​រួម​ចំណែក​ក្នុង​ការ​ប៉ះប៉ូវ​ការ​បាត់បង់​ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ទេសច​រអន្តរជាតិ។

លោកស្រីថា៖«អត្រា​ដ៏​ច្រើន​នៃ​ចំនួន​ប្រជាជន​ខ្មែរ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ព្រម​នឹង​កំណើន​សេដ្ឋកិច្ច នឹង​ធ្វើ​ឱ្យ​ចលានាទេសចរណ៍​ក្នុង​ស្រុក​មាន​ចំនួន​កាន់​តែ​ច្រើន»។

រយៈពេល ១១ខែ ឆ្នាំ ២០២១ ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ១៩៦ ៤៩៥ នាក់ ធ្លាក់ចុះ ៨៥ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០ ដែល​មាន​ចំនួន ១ ៣០៦ ១៤៣ នាក់។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រសួង​ទេសចរណ៍៕