ភ្នំពេញៈ ពាណិជ្ជករ និង​អ្នកជំនាញ​សេដ្ឋកិច្ច បាន​លើកឡើងថា ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក​ក្នុង​ឆ្នាំ​ ២០២១ កាន់​តែមាន​ភាពល្អប្រសើរ ខណៈ​រយៈពេល​ ១១ ​ខែ ឆ្នាំ ​២០២១ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មានតម្លៃ​សរុប​ជិត ៨,៤ ​ពាន់​លាន​ដុល្លារ កើន ៣២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​អាមេរិក បង្ហាញថា ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក មានទឹក​ប្រាក់ ៨ ០១៨,២ ​លាន​ដុល្លារ កើន ៣២,៦៩ ​ភាគរយ​ធៀប​នឹង ៦ ០៤២,៨ ​លាន​ដុល្លារ​នា​រយៈពេល ១១​ ខែ ឆ្នាំ​ ២០២០ និង​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា មាន​ទឹកប្រាក់ ៣៧៨,១ ​លាន​ដុល្លារ កើន ២១,០៣ ​ភាគរយ​ពី​ចំនួន ៣១២,៤​ លាន​ដុល្លារ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៩ ខែមករា​ថា ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក បង្ហាញថា​វិបត្តិ​កូវីដ​ ១៩ មិនបាន​ប៉ះពាល់​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ទេ​។ លោក​បន្ថែមថា មាន​កត្តា​មួយចំនួន​ដែល​ធ្វើឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​ បន្ត​នូវ​កំណើន​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ រួមមាន ការផ្គត់ផ្គង់​ទំនិញ​របស់​កម្ពុជា ជាពិសេស​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​សម្លៀកបំពាក់ គឺមាន​គុណភាព និង​ការ​ឆ្លើយតបបាន​ទាន់ពេលវេលា​, ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ និង​ការបន្ត​ផ្តល់​ការអនុគ្រោះ​ពន្ធ GSP ជាដើម​។

លោក​បន្តទៀតថា នាពេលខាងមុខ ថ្វី​ដ្បិត​កម្ពុជា​ត្រៀមខ្លួន​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ប៉ុន្តែ​វា​នឹងមិន​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​បើសិនជា​ដល់ពេល​វេលា​ណាមួយ​ដែល​អាមេរិក​ដក GSP ពី​កម្ពុជា​នោះ ខ្ញុំ​យល់ថា មិនមែនជា​បញ្ហា​ចោទ​ទេ ព្រោះ​ទម្រាំ​ដល់​ពេលនោះ​កម្ពុជា​ពិតជា​អាចមាន​លទ្ធភាព​រស់​ដោយ​ខ្លួនឯងបាន ហើយ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ដូចនេះ កម្ពុជា​អាច​ឈរ​បាន​ដោយ​ខ្លួនឯងបាន​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​លើកឡើងថា ការកើនឡើង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​អាមេរិក គឺ​ដោយសារ​ប្រទេសមួយ​ចំនួន​ជួប​បញ្ហា​អស្ថិរភាព​នយោបាយ និង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដែលមាន​ដូចជា មីយ៉ាន់ម៉ា បង់ក្លាដែស និង​វៀតណាម ដែល​បាន​ជំ​រុញឱ្យ​អ្នកបញ្ជា​ទិញ បង្វែរ​ទិសដៅ​មករក​កម្ពុជា​។

លោក​ឱ្យដឹងថា ប្រព័ន្ធ GSP ដែល​កម្ពុជា​ទទួលបាន​ពី​អាមេរិក​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើឱ្យមាន​កំណើន​នេះដែរ ដូចនេះ​ប្រសិនបើ​ពេលខាងមុខ​លែងមាន GSP ក៏​ជា​ក្តីបារម្ភ​មួយ​ផងដែរ​សម្រាប់​អ្នកវិនិយោគ​នៅ​កម្ពុជា​។

លោក​បន្ថែមថា​៖ «​ទោះយ៉ាងណា​យើង​សង្ឃឹមថា​នឹងមាន​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា អាមេរិក នាពេល​អនាគត ខណៈ​បច្ចុប្បន្ន​កម្ពុជា​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្នាក់​តំបន់ និង​ទ្វេភាគី​មួយចំនួន​រួចមកហើយ​»​។

ផលិតផល​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​ជា សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ កង់ និង​គ្រឿង​ផ្គុំ​អគ្គិសនី​។ ដោយឡែក​ផលិតផល​អាមេរិក​នាំមក​កម្ពុជា មានដូចជា រថយន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​អេឡិចត្រូនិក និង​ឱសថ ជាដើម​។

កាលពី​ឆ្នាំ​ ២០២០ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​អាមេរិក មានតម្លៃ​សរុប ៦ ៩២១,៣ ​លាន​ដុល្លារ ឡើង​ ១៧,៨៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក មាន ៦ ៥៧៧,៧ លាន​ដុល្លារ ចំណែក​ការនាំ​ពី​អាមេរិក​មក​កម្ពុជា​មាន​តម្លៃ ៣៤៣,៦ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការិយា​ល័យ​ពាណិជ្ជកម្ម​អាមេរិក​៕ LA