ភ្នំពេញៈ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ (​ដក​មាស​) ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ សម្រេចបាន​ទឹកប្រាក់​ជាង ៣៦ ​ពាន់​លាន​ដុល្លារ ដោយ​ចំនួន​នេះ​កើនឡើង​ទាំង​ការ​នាំចូល និង​នាំចេញ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

យោងតាម​ទិន្នន័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ការនាំចេញ​ទំនិញ ​(​ដក​មាស​ចេញ​) ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ទឹកប្រាក់ ១៥ ៦១៣ ​លាន​ដុល្លារ កើន ២២,៦ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ការកើនឡើង​ចំនួន​ទឹកប្រាក់​នាំចូល​នេះ​បានមកពី​កំណើន​នៃ​ការនាំចេញ​ផលិតផល​វាយនភណ្ឌ​, កង់ និង​ទំនិញ​ផ្សេងៗ​ដូចជា គ្រឿងសង្ហារិម​, ស្បែក​សត្វ​មាន​រោម​, កៅស៊ូ​, ក្តារ​កុងប្លាកេ​, វត្ថុ​សម្រាប់​ជាងសំណង់​ធ្វើ​ពី​ប្លាស្ទិក​, សូឡា​, ខ្សែភ្លើង និង​គ្រឿង​ផ្គុំ​ខ្សែភ្លើង​, គ្រឿង​អេឡិចត្រូនិក និង​ភាគ​បំណែក​, ចេក​, ស្ករស​, កសិផល​ផ្សេងៗ​, ដំឡូងមី និង​ស្វាយ ជាដើម​។

ចំណែក​ការនាំ​ចូល​ទំនិញ​ (​ដក​មាស​ចេញ​) សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ ២០,៤ ​ពាន់​លាន​ដុល្លារ កើន ​២៥,៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដោយសារ​កំណើន​នៃ​ការនាំចូល​ក្រណាត់​, គ្រឿងសំណង់​, ប្រេងឥន្ធនៈ និង​ទំនិញ​ផ្សេងៗ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា បន្ទាប់ពី​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បានបង្ហាញ​ពី​ភាពប្រសើរ​ឡើងវិញ​បន្តិច​ម្តងៗ ប៉ុន្តែ​ពុំទាន់​អាច​វិល​រក​ភាពប្រក្រតី​ដូច​មុន​មាន​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅឡើយ​ទេ ជាពិសេស​វិស័យ​មួយចំនួន​ដូចជា ទេសចរណ៍​, សំណង់ និង​ការ​បោះទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា​៖ «​ជារួម​សេដ្ឋកិច្ចកម្ពុជា​រំពឹងថា នឹងមាន​កំណើន​វិជ្ជមាន​ក្នុង​ឆ្នាំ​ ២០២២ ដោយសារ​ការ​ងើប​ឡើងវិញ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល​, សេដ្ឋកិច្ច​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា និង​ការចូលរួម​ពី​ប្រជាជន​កម្ពុជា​ក្នុងការ​បំពេញ​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ជំងឺ​កូវីដ​ ១៩»​។

អាមេរិក ជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើនជាងគេ ដោយមាន​ចំណែក​ទីផ្សារ ៤២,៨ ​ភាគរយ​, អឺរ៉ុប ១៨,៥ ​ភាគរយ​, ចិន ៨,៨ ​ភាគរយ​, ជប៉ុន ៦,៤ ​ភាគរយ​, អាស៊ាន ៦,៣ ​ភាគរយ អង់គ្លេស ៤,២ ​ភាគរយ និង​ប្រទេស​ផ្សេងៗ​ទៀត ១៣​ភាគរយ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៩ ខែមករា ថា កំណើន​ទឹកប្រាក់​នាំចូល-​នាំចេញ​ទំនិញ គឺ​បញ្ជាក់​ពី​ភាពខ្លាំង​របស់​សកម្មភាព​ផលិតកម្ម និង​តម្រូវការ​នៅក្នុង​ស្រុក បន្ទាប់ពី​ប្រទេស​កម្ពុជា​អាច​គ្រប់គ្រង​បាន​ស្ទើរ​ទាំងស្រុង​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ កំណើន​នេះ​ក៏​ទទួលបាន​ពី​ភាព​អសកម្ម​នៅ​បណ្តា​ប្រទេស​ដែល​ផលិតផល​ទំនិញ​ដូច ឬ​ស្រដៀង​កម្ពុជា និង​ទំនាក់ទំនង​ល្អ​របស់​កម្ពុជា​ជាមួយនឹង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ផងដែរ​។

លោក​បន្ថែមទៀតថា សម្រាប់​ទំហំ​ទឹកប្រាក់​នាំចូល​ដែលមាន​ចំនួន​ច្រើនជាង​ការនាំចេញ វា​មិនមែនជា​ក្តីបារម្ភ​ទេ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ព្រោះ​ភាគច្រើន​នៃ​ទំនិញ​នាំចូល គឺជា​ផលិតផល ឬ​វត្ថុធាតុដើម​សម្រាប់​គាំទ្រ ឬ​ចូលរួម​ក្នុង​ចង្វាក់​ផលិតកម្ម​នាំចេញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចក្ខុវិស័យ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ នេះ​នឹងមាន​សម្ទុះ​កើនឡើង​បន្ថែមទៀត​បើ​ធៀប​ឆ្នាំ ​២០២១ តាមរយៈ​កំណើន​សកម្មភាព​ផលិតកម្ម​ក្នុងស្រុក និង​ការនាំចេញ​»​។

នៅក្នុង​ឆ្នាំ​ ២០២០ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៣៣ ១៤៣ ​លាន​ដុល្លារ ដោយ​ក្នុងនោះ​ការនាំចេញ​ទំនិញ​មាន​ទឹកប្រាក់ ១៤ ២០៤ ​លាន​ដុល្លារ ធ្លាក់ចុះ ១,១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ និង​ការ​នាំចូល​មាន​ទឹកប្រាក់ ១៨ ៩៣៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៦,១ ​ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕ LA