ភ្នំពេញៈ កំណើន​នៃ​ការបញ្ជាទិញ​ផលិតផល​ធ្វើដំណើរ និង​ស្បែកជើង​ពី​ទីផ្សារ​ក្រៅប្រទេស និង​ការបើក​រោងចក្រ​ថ្មីៗ​ជា​បន្តបន្ទាប់​កំពុង​ធ្វើឱ្យ​វិស័យនេះ​ប្រឈម​នឹង​ការខ្វះខាត​កម្លាំង​ពលកម្ម​។ នេះ​បើ​យោងតាម​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​។

លោក លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៩ ខែមករា ថា នៅក្នុង​ឆ្នាំ​ ២០២១ ការបញ្ជាទិញ​ផលិតផល​ស្បែកជើង​ពី​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង​ក្នុង​រង្វង់ ៣០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ការបញ្ជាទិញ​បាន​កើនឡើង​ច្រើន ជាពិសេស​ចាប់ពី​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​ ២០២១ រហូតដល់​ដើមឆ្នាំ​ ២០២២ ខណៈ​ការបើក​រោងចក្រ​ថ្មីៗ​ក៏មាន​ច្រើន​ដែរ ដែល​បានធ្វើឱ្យ​មានការ​ខ្វះខាត​កម្លាំង​ពលកម្ម​ច្រើន ជាពិសេស​រោងចក្រ​នៅតាម​តំបន់​ជាយក្រុង​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ខាង​រោងចក្រ​មានការ​ពង្រីក​ខ្សែ​ច្រវាក់​ផលិត​ច្រើន គួបផ្សំ​នឹង​ការបើក​ដំណើរការ​រោងចក្រ​ថ្មីៗ ទើប​បណ្តាលឱ្យមាន​កង្វះ​កម្លាំង​ពលកម្ម ជាពិសេស​ក្រុមកម្មករ​ជំនាញ​ច្បាស់លាស់​»​។

លោក​បាន​បន្តថា ដោយសារ​កម្ពុជា​គ្រប់គ្រង​ស្ថានភាព​កូវីដ​ ១៩ បានល្អ​ប្រសើរ​ជាងគេ​ក្នុង​តំបន់​អាស៊ាន និង​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ស្ទើរ ៩០ ​ភាគរយ ហើយ​មាន​ស្ថិរភាព​នយោបាយ​ផង​នោះ បានធ្វើឱ្យ​អ្នកបញ្ជា​ទិញ​នៅក្រៅ​ប្រទេស សម្រេច​បង្វែរ​ការបញ្ជា​ទិញ​មក​កម្ពុជា​កាន់តែច្រើន ដែល​នេះ​បង្ហាញថា ដំណើរការ​សេដ្ឋកិច្ច​សកលលោក បានចាប់ផ្តើម​វិល​ទៅរក​ភាពប្រក្រតី​ជា​បណ្តើរ​ឡើងវិញ​ហើយ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើងថា បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ​នេះ មិន​ត្រឹមតែ​កើតមាន​ចំពោះ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​និង​សម្ភារ​ធ្វើដំណើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​កើតមាន​ស្ទើរ​គ្រប់​វិស័យ​ពិសេស​វិស័យ​កសិកម្ម​។

លោក​លើកឡើងថា​៖ «​ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេសជិតខាង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ​កម្ពុជា កំពុងតែ​ព្យាយាម​កាត់បន្ថយ​ថ្លៃដើម ផលិត ដែល​នេះ​ជា​ចំណុច​សំខាន់​បណ្តាលឱ្យ​យើង​ជួប​បញ្ហា​កង្វះខាត​កម្លាំង​ពលកម្ម​។ ខ្ញុំ​ជឿថា ប្រសិនបើ​យើង​ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​កម្លាំង​ពលកម្ម​ក្នុងស្រុក​នោះ​នឹងមិន​មានការ​ខ្វះខាត​កម្លាំង​ពលកម្ម​ទេ ព្រោះ​កន្លងមក​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន បាន​ឆ្លងដែន​ទៅធ្វើការ​នៅ​ប្រទេស​ថៃ ដោយសារ​តម្លៃ​កម្លាំង​ពលកម្ម​របស់គេ ខ្ពស់ជាង​យើង​»​។

បើតាម​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា កាលពី​ថ្ងៃទី​ ៦ ខែមករា ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ សមាគម​ក៏បាន​ស្នើ​ឱ្យមាន​ការចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដើម្បីឱ្យ​ក្រសួង​ជួយ​ស្វែងរក​កម្លាំង​ពលកម្ម​សម្រាប់​បម្រើការ​ងារ​នៅក្នុង​ផ្នែក​ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នេះ​ផងដែរ​។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​លើកឡើងថា លោក​គាំទ្រ​ចំពោះ​ការស្នើសុំ​របស់​សមាគម​ក្នុង​ការបង្កើត​ឱ្យមាន​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។ លោក​បន្តថា សមាគម​គួរតែ​ចាប់ផ្តើម​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ និង​ជ្រើសរើស​កម្លាំង​ពលកម្ម ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​មកដល់​រោងចក្រ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​កម្លាំង​ពលកម្ម​ជំនាញ សមាគម​អាចទាក់ទង​ផ្ទាល់​តាម​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​ឱវាទ​ក្រសួង​បាន​គ្រប់ពេល​ដើម្បី​ធ្វើការ​ជ្រើសរើស​ជំនាញ​តាម​អ្វី​ដែលជា​តម្រូវការ​»​។

បើតាម​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា ទោះបី​ពេលនេះ​មានការ​ផ្ទុះឡើង​នូវ​មេរោគ​កូ​វីដ​បំប្លែង​ថ្មី​អូមីក្រុង ក៏​លោក​មិនសូវមាន​ការព្រួយបារម្ភ​នោះទេ ដោយ​លោក​រំពឹងថា ឆ្នាំ​ ២០២២ នេះ នឹងមាន​កំណើន​វិនិយោគ និង​ការនាំចេញ​លើ​វិស័យ​កាត់​ដេរ ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ​បន្ថែមទៀត​ ព្រោះ​កម្ពុជា​មានច្បាប់​វិនិយោគ​ថ្មី ហើយ​ការគ្រប់គ្រង​ស្ថានភាព​ជំងឺ​កូវីដ-១៩ ក៏​ល្អ​ផងដែរ​។

ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា រយៈពេល​ ១០​ ខែ​ដំបូង​ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​សម្ភារ​ធ្វើដំណើរ និង​ស្បែកជើង ក្នុងតម្លៃ​សរុប ២ ២៩៣ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​ស្បែកជើង មានតម្លៃ ១ ១១៤ ​លាន​ដុល្លារ កើនឡើង ២១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ និង​ការនាំចេញ​សម្ភារ​ធ្វើដំណើរ មាន​ទឹកប្រាក់ ១ ១៧៩ ​លាន​ដុល្លារ កើនឡើង ចំនួន ៥២ ​ភាគរយ​៕ LA