ភ្នំពេញៈ គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ នៅ​ខេត្តកំពត​មកដល់ពេលនេះ​សម្រេចបាន​ប្រមាណ ៩០ ​ភាគរយ​ហើយ ដោយ​គ្រោង​បញ្ចប់​នៅត្រឹម​ដំណាច់​ខែមីនា​ខាងមុខ ខណៈ​គម្រោង​មួយ​នេះ​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត និង​ទិសដៅ​តំបន់ឆ្នេរ​ផ្សេងៗ​ទៀត​។

លោក សុខ សុគុណ អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍ បានឱ្យដឹងថា គម្រោង​នេះ​មានការ​យឺតយ៉ាវ​ខ្លះ​ដែល​បណ្តាល​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ និង​បញ្ហា​អាកាសធាតុ ហើយ​ត្រូវបាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) ​ឯកភាព​ឱ្យ​ពន្យារពេល​អនុវត្ត​គម្រោង​រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២២ ប៉ុន្តែ​ការសាងសង់​ជាក់ស្តែង​នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២២​។

គម្រោង​សាងសង់​កំពង់ផែ​នេះ​ស្ថិតក្រោម​ហិរញ្ញប្បទាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) ដែលជា​ចំណែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​ការរីកចម្រើន​ប្រកបដោយ​ចីរភាព​ក្នុង​មហាអនុតំបន់​មេគង្គ​ (GMS)​។ ការសាងសង់​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​ ៨ ខែសីហា ឆ្នាំ​ ២០១៨ ដែល​អនុវត្ត​ដោយ​អង្គភាព គ្រប់គ្រង​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

បើតាម​លោក សុគុណ តាម​ផែនការ​ដំបូង គម្រោង​នេះ​ត្រូវ​បញ្ចប់​តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក សុគុណ និយាយថា​៖ «​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ​នឹង​ក្លាយជា​ច្រក​សមុទ្រ​អន្តរជាតិ​ដ៏សំខាន់​ដែល​ត​ភ្ជាប់​ឆ្នេរសមុទ្រ​ភាគខាងត្បូង​របស់​ប្រទេស​កម្ពុជា ពី​ខេត្តកំពត​ទៅកាន់​ពិភពលោក​។ ម្យ៉ាងទៀត​កំពង់ផែ​នេះ​ក៏​នឹង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ថែមទៀត ជាពិសេស​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត និង​ទិសដៅ​តំបន់ឆ្នេរ​ផ្សេងៗ​ទៀត​»​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ីណុល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយពេល​បញ្ចប់​ការសាងសង់ និង​ដាក់ឱ្យ​ដំណើរការ ជាពិសេស​ក្រោយ​ស្ថានភាព​ជំងឺ​កូវីដ ​១៩ មាន​ស្ថានភាព​ល្អប្រសើរ កំពង់ផែ​នេះ​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេសជិតខាង​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​។

លោក​បន្តថា ក្នុង​ខេត្តកំពត មិនទាន់មាន​ទេសចរណ៍​ផ្លូវទឹក​ទេ ដូច្នេះ​វត្តមាន​កំពង់ផែ​នេះ​នឹង​ជួយ​ឱ្យមាន​ការផ្លាស់ប្តូរ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​នេះ​ខ្ញុំ​សង្ឃឹមថា ភ្ញៀវទេសចរ​នឹងធ្វើ​ដំណើរ​តាម​ផ្លូវទឹក​មកកាន់​ខេត្តកំពត​ច្រើន ព្រោះ​នៅ​ខេត្តកំពត​មាន​កន្លែង​ស្នាក់នៅ និង​គោលដៅ​ទេសចរណ៍​ច្រើន​»​។

បើតាម លោក ស៊ីណុល នៅពេល​មាន​ភ្ញៀវទេសចរ​ប្រទេសជិតខាង និង​ក្នុង​តំបន់ មកកាន់​ខេត្តកំពត​វា​នឹង​រួមចំណែក​ផ្តល់ឱកាស​ការងារ ប្រាក់ចំណូល​និង​សេដ្ឋកិច្ច​ខេត្ត​ផងដែរ​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ស្វាគមន៍​ការសាងសង់​កំពង់ផែ​នេះ ដែល​អាច​បម្រើឱ្យ​ទេសចរណ៍​តាមផ្លូវ​ទឹក ព្រោះ​នៅ​កម្ពុជា​បច្ចុប្បន្ន មិនមាន​កំពង់ផែ​ច្រើន​ទេ ដែល​ធ្វើឱ្យមាន​ការអភិវឌ្ឍ​យឺត​នៅតាម​តំបន់​កោះ​មួយចំនួន​។

លោក​បន្តថា បើ​រដ្ឋាភិបាល​មាន​ផែនការ​ក្នុងការ​ភ្ជាប់​កំពង់​ផែ​នេះ​ទៅ​កោះ​ផ្សេងៗ​ទៀត​នៅ​ខេត្ត​ព្រះសីហនុ និង​កោះកុង វា​នឹង​ជួយ​ឱ្យមាន​ដំណើរ​ជើង​ទឹក​កាន់តែច្រើន​ថែមទៀត​។ ដូច្នេះ​ការអភិវឌ្ឍ​កំពង់ផែ​នេះ​នឹងធ្វើ​ឱ្យ​ចរន្ត​ធ្វើដំណើរ​កើនឡើង និង​ទាក់ទាញ​ទេសចរណ៍​ពី​តំបន់ និង​អន្តរជាតិ​ទៀតផង​។

លោក​និយាយថា​៖ «​មិន​ថា​មាន​ ២ ​ឬ ៣​ ទេ​សំខាន់​មាន​កាន់តែ​ច្រើន​កាន់តែ​ល្អ ព្រោះ​វា​ធ្វើឱ្យ​ចរន្ត​ចរាចរណ៍​កាន់តែ​កើនឡើង និង​ធ្វើឱ្យ​ចំណូល​សេដ្ឋកិច្ច និង​មនុស្ស​អ៊ូអរ​ថែម​មួយ​កម្រិត​។ ក្រៅពី​ការតភ្ជាប់​ក្នុងស្រុក យើង​គួរ​តភ្ជាប់​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ជាមួយ​ប្រទេស​វៀតណាម ​(​កោះត្រល់​) និង​ថៃ ឱ្យបាន​ច្រើន គឺជា​ការល្អ​ថែមទៀត​»៕ LA