ភ្នំពេញៈ ធនាគារពាណិជ្ជ BIDC និង​ក្រុមហ៊ុន Sonatra Group បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើ​ការផ្តល់សេវា​ធនាគារ និង​ឥណទាន​ដំណាក់កាល​ដំបូង ៣៥ ​លាន​ដុល្លារ​សម្រាប់​អ្នកទិញ​ផ្ទះ ​ដើម្បី​ការលើក​កម្ពស់​សកម្មភាព​អាជីវកម្ម​គាំទ្រ និង​បំពេញតម្រូវការ​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​ធ្វើជា​ម្ចាស់​គេហដ្ឋាន​ទំនើប​។

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី ​៥ ខែមករា ឆ្នាំ​ ២០២២ រវាង​លោក Lam Van Hai អគ្គនាយក​ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា​ (BIDC) ​និង​លោក ស៊ន សុខ​ណា ប្រធាន​ក្រុមហ៊ុន Sonatra Group​។

ការចុះហត្ថលេខា​នេះ គឺជា​សញ្ញា​ថ្មី​ក្នុង​សកម្មភាព​អាជីវកម្ម​របស់​ធនាគារ BIDC និង​ក្រុមហ៊ុន Sonatra Group ដែល​បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ដំបូង​ក្នុង​ឆ្នាំ ​២០២២​។ កិច្ចព្រមព្រៀង​នេះ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ភាគី​ទាំង​ ២ ​ក្នុង​ការលើកកម្ពស់​សកម្មភាព​អាជីវកម្ម ការគាំទ្រ និង​បំពេញតម្រូវការ​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​ធ្វើជា​ម្ចាស់​គេហដ្ឋាន​ទំនើប​។

កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ​ត្រូវបាន​រំពឹងថា នឹង​នាំឱ្យ​ដៃគូ​ទាំង​ ២ ​ឈានដល់​ការអភិវឌ្ឍ​កម្រិត​ថ្មីៗ​លើ​វិស័យ​ជាច្រើន ដែល​ភាគី​នីមួយៗ​នឹង​ទទួលបាន​អត្ថប្រយោជន៍​រួមចំណែក​ដល់​ការអភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ និង​ទីផ្សារ​ហិរញ្ញវត្ថុ​ប្រទេស​កម្ពុជា​បន្ថែមទៀត​នាពេលខាងមុខ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃទី​ ៩ ខែមករា ឱ្យដឹងថា ភាគី​ទាំង​ ២​ បាន​ប្តេជ្ញា​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅរក​គោលដៅ​នៃ​ការ​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ធានា​កិច្ចសហប្រតិបត្តិការ​រយៈពេល​វែង និង​និរន្តរភាព​ដោយ​ពឹង​ផ្អែកលើ​ការផ្ដល់​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តទៀតថា អាស្រ័យហេតុនេះ​ធនាគារ BIDC ផ្តល់​ការកម្រិត​ប្រាក់កម្ចី​រហូត​ទៅដល់ ៣៥ ​លាន​ដុល្លារ​សម្រាប់​អ្នកទិញ​ផ្ទះ​នៅ​គម្រោង​បុរី Borey Sonatra ដែលមាន​ផ្ទៃដី​រាប់រយ​ហិកតា​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ហើយនឹង​បង្កើន​នៅ​ដំណាក់កាល​ជា​បន្តបន្ទាប់​ទៀត​។

BIDC ក៏​នឹង​ផ្តល់​គោលការណ៍​អនុគ្រោះ​សម្រាប់​ប្រាក់កម្ចី​ទាក់ទង​នឹង​អត្រា​ការប្រាក់​ (​ចាប់ពី ​៧ ភាគរយ​ក្នុង​ ១​ ឆ្នាំ​) រយៈពេល​អនុគ្រោះ (១ ​ឆ្នាំ​) រយៈពេល​កម្ចី (២០ ​ឆ្នាំ​) វត្ថុ​បញ្ចាំ​ជា​កិច្ចសន្យា​ទិញ និង​រយៈពេល​អនុម័ត​ឆាប់រហ័ស​។ ក្រុមហ៊ុន Sonatra Group ប្តេជ្ញា​ថា នឹង​បង្កើន​ការប្រើប្រាស់​យ៉ាង​ពេញលេញ​នូវ​សេវាកម្ម​ធនាគារ​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​ដែល​ផ្តល់​ដោយ​ធនាគារ BIDC និង​ក្រុមហ៊ុន​ធានារ៉ាប់រង CVI Insurance Company (​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ធនាគារ BIDC)​។

ជាមួយ​គ្នានេះ​ក្រុមហ៊ុន Sonatra នឹង​ជួយ​សម្រួល​ដល់​ការប្រឹក្សា​យោ​ល់ និង​ណែនាំ​អតិថិជន​ឱ្យប្រើ​ប្រាស់​សេវា​ធនាគារ និង​យកប្រាក់​កម្ចី​នៅ​ធនាគារ BIDC និង​ប្តេជ្ញា​ធានា​រយៈពេល​វែង​នូវ​អត្ថប្រយោជន៍​សម្រាប់​អ្នកទិញ​ផ្ទះ​ក៏ដូចជា​សម្រាប់​ធនាគារ BIDC ផងដែរ​។

លោក ឃាង ពុទ្ធី ប្រធាន​សមាគម​អចលនទ្រព្យ​កម្ពុជា​ (CREA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៩ ខែមករា​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង​វិស័យ​ធនាគារ​ដែល​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ​នេះ​ផ្តល់​កម្ចី​សម្រាប់​អ្នកទិញ​ផ្ទះ គឺ​ល្អ​សម្រាប់​គ្រប់ភាគី ព្រោះ​ពួកគេ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចគ្នា​។

លោក​បាន​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ធនាគារ និង​ប្រជាពលរដ្ឋ បាន​យល់ដឹង​អំពី​ហានិភ័យ​នៃ​ការបង់​រំលស់​ផ្ទាល់​ចំពោះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ដូច្នេះហើយ​ទើប​ពួកគេ​សម្រេចចិត្ត​សហការគ្នា​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​​ដូចគ្នា ជាពិសេស​ធានាបាន​អត្រា​ការប្រាក់​ល្អ និង​ប្លង់​ផ្ទះ​ស្របច្បាប់​ចំពោះ​អ្នកទិញ​ផ្ទះ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ឃើញថា​ធនាគារ​ទទួលបាន​អត្ថប្រយោជន៍ ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ដែរ ដោយ​ពួកគេ​ទទួល​បាន​ហិរញ្ញវត្ថុ​កាន់តែ​លឿន ដើម្បី​អភិវឌ្ឍ​គម្រោង​ផ្សេងទៀត ហើយ​អ្នកទិញ​ផ្ទះ​ក៏​ទទួលបាន​អត្ថប្រយោជន៍​ផងដែរ ដោយសារ​ពួកគេ​ទទួលបាន​អត្រា​ការប្រាក់​ទាប​ជាងគេ​»​។

លោក​បន្ថែមថា​៖ «​ប្រសិនបើ​ពួកគេ​ទូទាត់​ដោយ​ការបង់​រំលស់​ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ពួកគេ​នឹងត្រូវ​បង់ ១ ​ភាគរយ​ក្នុង​ ១ ​ខែ​ដែល​ស្មើនឹង ១២ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ ប៉ុន្តែ​បើ​ពួកគេ​ទូទាត់​ដោយ​ការបង់​រំលស់​ជាមួយនឹង​ធនាគារ គឺ​ត្រឹម ៧-៨ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ ដែលមាន​អត្រា​ការប្រាក់​កាន់តែ​ទាប​»​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន BIDC បច្ចុប្បន្ន​គឺជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ដែលមាន​ដើមទុន ១០០ ​លាន​ដុល្លារ និង​ទ្រព្យសកម្ម​សរុប​ប្រហែល ៨៥០ ​លាន​ដុល្លារ​។ ឥណទាន​មាន​ចំនួន​ជាង ៦០០ ​លាន​ដុល្លារ​។ ប្រព័ន្ធ​បណ្តាញ​នេះ​មាន ៩​ សាខា​នៅក្នុង​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ នៅ​ប្រទេស​កម្ពុជា និង​វៀតណាម​។ ក្នុងអំឡុង​ពេលកន្លងមក​ធនាគារ​នេះ​តែងតែ​ជា​ចំណុច​ស្នូល​នៃ​ការរៀបចំ​ការផ្តល់សេវា​ឥណទាន និង​ធនាគារ​សម្រាប់​គម្រោង​ធំៗ និង​ដៃគូ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា​។

ចំណែក​ក្រុមហ៊ុន Sonatra Group បច្ចុប្បន្នកំពុង​ប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​តាមរយៈ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​ ១៣ ​ដែល​ប្រតិបត្តិការ​ដូចជា អចលនទ្រព្យ ហិរញ្ញវត្ថុ ភោជនីយដ្ឋាន មូលបត្រ និង​កសិកម្ម​៕ LA