ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ការដោះដូរ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​រវាង​កម្ពុជា និង​ថៃ នឹង​កាន់​តែមាន​ភាពល្អ​ប្រសើរ​បន្ថែមទៀត​ បន្ទាប់ពី​ផ្លូវជាតិ​លេខ ​៥ កំណាត់​ទី​ ១ ភាគ​ខាងជើង បាត់ដំបង​-​សិរីសោភ័ណ ដែលមាន​ប្រវែង ៨៤,៧៤ ​គីឡូម៉ែត​បានបញ្ចប់​ការសាងសង់ ១០០ ​ភាគរយ និង​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ពី​ខេត្តបាត់ដំបង​ទៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​ ១០ ខែមករា លោក ហ៊ុន សែន បានឱ្យដឹងថា ការកសាង និង​ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​ ៥ ​នេះ គឺ​ក្នុង​គោលដៅ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ឱ្យក្លាយ​ទៅជា​ទីផ្សារ កន្លែង​ផលិតកម្ម និង​ទេសចរណ៍ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

លោក​បាន​ថ្លែងថា​៖ «​កម្ពុជា​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជាពិសេស​នៅតាម​តំបន់​ព្រំដែន ពី​តំបន់​មាន​ជម្លោះ​សង្គ្រាម​ឱ្យក្លាយ​ជា​តំបន់​ដោះដូរ​ទំនិញ​ទៅវិញទៅមក ដោយ​ឆ្នាំ​កន្លងទៅ​ (២០២១)​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​សម្រេចបាន​ប្រមាណ ១០ ​ពាន់​លាន​ដុល្លារ វៀតណាម ជាង ៩ ​ពាន់​លាន​ដុល្លារ និង​ឡាវ​ជាង ១០០ ​លាន​ដុល្លារ ដែល​ទំហំ​នេះ​អាច​នឹង​កើនឡើង​ថែមទៀត​»​។

លោក​បន្តថា គម្រោង​ផ្លូវជាតិ​ ៥ ទាំងមូល​ចាត់ទុកថា​រួច​ប្រមាណ ៩០ ​ភាគរយ​ហើយ ខណៈ​ការងារ​ដែល​នៅ​សេសសល់​ភាគច្រើន គឺ​ការប្រមូល​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មិនទាន់​បំផ្លាញ​អស់​នៅឡើយ​។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​លើកឡើងថា ដោយ​មើលឃើញ​ពី​សារៈសំខាន់ និង​ភាព​មមាញឹក​នៃ​ការដឹកជញ្ជូន​នៅតាម​ផ្លូវជាតិ​លេខ​ ៥ រួមទាំង​ស្ថានភាព​ខូចខាត​ផ្លូវ​ដែល​បង្ក ការលំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​ដំណើរ និង​ការដឹកជញ្ជូន​ផ្សេងៗ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន ដើម្បី​សាងសង់​លើក​កម្រិត​គុណភាព និង​ពង្រីក​ផ្លូវ​នេះ​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​ផ្លូវជាតិ​លេខ ៥ គឺជា​ខ្សែ​ផ្លូវ​ដ៏មាន​សក្តានុពល​ក្នុងការ​តភ្ជាប់​ទំនាក់ទំនង​រវាង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​ទៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់ ជាពិសេស​ជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ច្រកទ្វារ​ប៉ោយប៉ែត ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​ ៥»​។

លោក​បាន​បន្តថា ផ្លូវជាតិ​លេខ​ ៥ គឺជា​ផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ាន High way លេខ​ ១ AH1 ដែល​បាន​តភ្ជាប់​រវាង​រាជធានី​ភ្នំពេញ​-​ក្រុង​បាងកក​ទីក្រុង​ហូជីមិញ និង​ជា​ខ្សែ​ផ្លូវ​ស្ថិតក្នុង​របៀង​សេដ្ឋកិច្ច​ខាងត្បូង​ដ៏​មាន​សក្តានុពល និង​ការប្រកួត​ប្រជែង​ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភ័ស្តុភារកម្ម និង​សេដ្ឋកិច្ច​របស់​អាស៊ាន ក៏ដូចជា​មហា​អនុតំបន់​មេគង្គ​ផងដែរ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ផ្លូវជាតិ​លេខ ៥ គឺជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ការដោះដូរ​ទំនិញ​ជាមួយ​នឹង​ប្រទេស​ថៃ ដែល​នឹងធ្វើ​ឱ្យមាន​កំណើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។

លោក​បញ្ជាក់ថា​៖ «​វិស័យ​ដឹកជញ្ជូន​ពិតជា​ត្រូវការ​ចាំបាច់​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​ល្អ ដូចជា​ផ្លូវថ្នល់ ស្ពាន និង​កំពង់ផែ​ជាដើម ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​»​។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​ ៥ មាន​ប្រវែង​សរុប ៣៦៦ ​គីឡូម៉ែត្រ​ចាប់ពី​ផ្តើម​ពី​ព្រែកក្តាម​ (​ខេត្តកណ្តាល​) រហូតដល់​ក្រុង​ប៉ោយប៉ែត (​ខេត្តបន្ទាយមានជ័យ​) គ្រោង​នឹង​ប្រើប្រាស់​ថវិកា​ប្រមាណ ៥០០ ​លាន​ដុល្លារ និង​បែង​ចែកជា ៣ ​កំណាត់​។ កំណាត់​ទី​ ១ ភាគ​ខាងជើង បាត់ដំបង​-​សិរីសោភ័ណ មាន​ប្រវែង ៨៤,៧៤ ​គីឡូម៉ែត្រ បានបញ្ចប់​ការសាងសង់​ ១០០ ​ភាគរយ​, កំណាត់​ទី ​២ ភាគខាងត្បូង ព្រែកក្តាម​-​ធ្លាម្អម​ (​ខេត្ត​ពោធិ៍សាត់​) មាន​ប្រវែង ១៣៥,២៥ ​គីឡូម៉ែត្រ សម្រេចការ​សាងសង់​បាន ៦៤ ​ភាគរយ គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២២ និង​កំណាត់​ទី​ ៣ ភាគ​កណ្តាល ធ្លាម្អម​-​បាត់ដំបង និង​សិរីសោភ័ណ-​ប៉ោយប៉ែត មាន​ប្រវែង​សរុប ១៤៦ ​គីឡូម៉ែត្រ ក្នុងនោះ​ធ្លាម្អម​-​បាត់ដំបង សម្រេចបាន ៥៦ ​ភាគរយ និង​សិរីសោភ័ណ​-​ប៉ោយប៉ែត កំពុង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​។ គម្រោង​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពីដើមឆ្នាំ​ ២០១៧ នឹងត្រូវ​ប្រើពេល​សាងសង់​សរុប ៥៥ ​ខែ ដើម្បី​បញ្ចប់​គម្រោង​ទាំងមូល​នេះ​បើតាម​លោក ស៊ុន ចាន់ថុល​៕ LA