The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រោងចក្រ​ដំឡើងរថយន្ត Ford នឹង​អាច​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ខែមេសា​ខាងមុខ

រោងចក្រ​ដំឡើងរថយន្ត Ford នឹង​អាច​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ខែមេសា​ខាងមុខ

Content image - Phnom Penh Post
រោងចក្រ​ដំឡើងរថយន្ត Ford ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រគរ ខេត្តពោធិ៍សាត់​។ FN

រោងចក្រ​ដំឡើងរថយន្ត Ford នឹង​អាច​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ខែមេសា​ខាងមុខ

ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន R.M.Asia ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បាន​ប្រាប់​ឱ្យដឹងថា ដំណើរការ​សាងសង់​រោងចក្រ​ដំឡើងរថយន្ត​សម្រេចបាន ១០០ ​ភាគរយ​ហើយ ខណៈ​ការដំឡើង​ឧបករណ៍​នានា​ក៏​សម្រេចបាន​ជិត ៧០ ​ភាគរយ​ផងដែរ ដែល​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចាប់ផ្តើម​សកម្មភាព​ដំឡើងរថយន្ត​នៅក្នុង​ខែមេសា​ខាងមុខ គឺ​ស្របតាម​ផែនការ​ដែល​បានកំណត់​។

លោក ង៉ន សាំង អគ្គនាយក​ក្រុមហ៊ុន R.M.Asia បាន​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១០ មករា​ថា គិត​មកទល់ពេលនេះ​ដំណើរការ​សាងសង់​អគារ​រោងចក្រ​សម្រេចបាន ១០០ ​ភាគរយ​ហើយ ប៉ុន្តែ​ដំណើរការ​បំពាក់​ឧបករណ៍​នានា​នៅសល់​ប្រហែល ៣០-៤០ ​ភាគរយ​ទៀត​ទើប​រួចរាល់​។ រោងចក្រ​នេះ មាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រគរ ខេត្តពោធិ៍សាត់​។

លោក​ថ្លែងថា​៖ «​តាម​អ្វីដែល​សម្រេចបាន​អំពី​វឌ្ឍនភាព​នៃ​ការងារ​សាងសង់​របស់​យើង ខ្ញុំ​យល់ថា​យើង​សម្រេចបាន​ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក ដោយ​នឹង​អាច​ចាប់ផ្តើម​ដំណើរការ​ដំឡើង​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​»​។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​បាន​និយាយថា វត្តមាន​រោងចក្រ​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន R.M.A នឹង​ជួយ​ចូលរួម​ចំណែក​មិន​ត្រឹម​ការអភិវឌ្ឍ​សម្រាប់​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។

លោក​បាន​និយាយថា​៖ «​បើ​ផែន​ការមិន​ប្រែប្រួល តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រយៈពេល​ជាង ៥ ​ឆ្នាំ​កន្លងមកនេះ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ គឺ​រថយន្ត Ford សហរដ្ឋអាមេរិក ប្រភេទ Ford ទាំង Pick-Up ទាំង Station Wagon ឬ Ford SUV នឹង​ចាប់ផ្តើម​ផលិត​ក្នុងអំឡុង​ខែមេសា មុន​ចូលឆ្នាំ​ខ្មែរ ដោយ​ចេញពី​ទឹកដី​ស្រុក​ក្រគរ​របស់​យើង​»​។

លោក​បន្ថែមថា​៖ «​ឥឡូវនេះ​យើង​កំពុងតែ​ខិតខំ​ទាក់ទាញ​ពួកគេ​ឱ្យ​អូស​យកដៃ​គូ​សហការ​របស់គេ​បន្ថែមទៀត ដើម្បី​ផលិត​គ្រឿង​បង្គុំ​ក្នុង​ទឹកដី​នៃ​ស្រុក​ក្រគរ ដែល​ទាំងនេះ គឺជា​ផែនការមេ​របស់​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង និយាយ​ជារួម​និង​និយាយ​ដោយឡែក គឺ​សម្រាប់​ខេត្តពោធិ៍សាត់​យើង​ផ្ទាល់​តែម្តង ហើយ​យើង​នឹង​ចាប់ផ្តើម​ដាក់​សម្ពោធ​ជា​បន្តបន្ទាប់ ក្រោយពី​ស្ថានភាព​កូវីដ-១៩​បាន​ធូរស្បើយ​»​។

យោងតាម​លោក ង៉ន សាំង ការសម្រេចបាន​នៃ​ការ​សាងសង់​ដោយ​រលូន​នេះ គឺ​ដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ថ្នាក់ជាតិ និង​មូលដ្ឋាន ជាពិសេស​គឺ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ការផ្តល់​ពន្ធ​អនុគ្រោះ​ពី​រាជរដ្ឋាភិបាល​។ លោក​បន្តថា នៅ​ដំណាក់កាល​ដំបូង រោងចក្រ​បានជ្រើសរើស និង​បណ្តុះបណ្តាល​បុគ្គលិក​ចំនួន ២០០​ នាក់​រួចរាល់​ហើយ​ដែល​នឹង​ចាប់ផ្តើម​ការងារ​នៅ​ចុងខែ​មីនា និង​ដើមខែ​មេសា ហើយ​នៅ​ដំណាក់កាល​ទី​ ២ រោងចក្រ​នឹង​ត្រូវការ​បុគ្គលិក​រហូត​ដល់ ៥០០ ​នាក់​។ ប៉ុន្តែ​លោក​ក៏​ជួប​ផលវិបាក​មួយចំនួន​ដែរ​ទាក់ទង​នឹង​ប្រព័ន្ធ​ឡូជីស្ទិក​។

លោក​បន្តថា​៖ «​នៅ​ដំណាក់កាល​ដំបូង​នេះ យើង​នឹង​ធ្វើការ​ដំឡើង​រថយន្ត​ចំនួន ៤ ៥០០ ក្នុង​ ១ ​ឆ្នាំ​សម្រាប់​តម្រូវការ​ក្នុង​ទីផ្សារ​។ ប៉ុន្តែ​សមត្ថភាព​ផលិត​ទាំងមូល គឺ​រោងចក្រ​នេះ​អាច​ដំឡើង​បាន​រហូត​ទៅដល់ ១០ ០០០ ​គ្រឿង​»​។

យោងតាម លោក ង៉ន សាំង រោងចក្រ​នេះ​នឹង​ដំឡើង​យីហោ​រថយន្ត ​២ ​របស់​ក្រុមហ៊ុន Ford គឺ​យីហោ Ford Ranger និង Ford Everest​។

លោក​និយាយថា​៖ «​រថយន្ត​ Ford Brand ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​នៅក្នុង​ទីផ្សារ ខណៈ​ចំណែក​ទីផ្សារ​របស់ខ្លួន​មាន ៤៥ ​ភាគរយ​នៃ​រថយន្ត​យីហោ​ថ្មី​សរុប​»៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • កោះកុងៈ កូនអណ្តើក​ហ្លួង​ចំនួន ៣០ ​ក្បាល​បាន​ញាស់​ចេញពី​សម្បុក​នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង កាលពី​សប្តាហ៍​កន្លងទៅ ហើយ​នេះ​គឺជា​លើក​ទី​ ២ ​ហើយ ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​ក្នុង​មជ្ឈមណ្ឌល​នេះ​បាន​ពង​កូន​។ នេះ​បើតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS)​។

  • ភ្នំពេញៈ ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អង្ករ គឺជា​ជំហាន​ចម្បង​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រជាជន​ភាគច្រើន​ទទួលទាន​បាយ ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ នេះ​បើតាម​មន្ត្រី​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។

  • ភ្នំពេញ: ក្នុង​ចំណោម​ភោជនីយដ្ឋាន​ពោរពេញ​ដោយ​សិល្បៈ​ចម្អិន​ម្ហូបអាហារ ការ​គិតគូរ​ពី​និរន្តរភាព​បរិស្ថាន​ភព​ផែន​ដី និង​បង្កប់​រឿង​រ៉ាវ​ប្រពៃណី​វប្បធម៌​ដ៏​អស្ចារ្យ​នៅ​អេស្ប៉ាញ ប៉េរូ​សហរដ្ឋអាមេរិក​ ថៃ ដាណឺម៉ាក​ នូវែលសេឡង់ ចិន ជប៉ុន អ៊ីតាលី និង​ម៉ិកស៊ិក អាហារ​នៅ​​ផ្ទះ​ប្រពៃណី​បុរាណ​មួយ​​​តាម​ដង​ទន្លេ​មេគង្គ

  • ភ្នំពេញៈ ទាំង​អ្នកនយោបាយ អ្នកវិភាគ និង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានចាត់ទុក​ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត ក្នុង​រយៈពេល ៣ ​ថ្ងៃ​របស់​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ថា មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ និង​មិនមាន​អំពើហិង្សា​ណាមួយ​កើតឡើង​នោះ

  • ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៣ ​ឧសភា បានប្រកាស​សាលដីកា​កំបាំង​មុខមន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ៤ ​រូប និង​អតីត​មន្ត្រី​ ១ ​រូប​ទៀត​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល បន្ទាប់ពី​បាន​កាត់ក្តី​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​ ៥ ​ឆ្នាំ តែ​ឱ្យ​អនុវត្ត​ទោស ​១៤ ​ខែ​ពាក់ព័ន្ធ​បទចោទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ដល់​ នាង ខុម ចាន់តារាទី ហៅ​ ស្រីមុំ​។

  • បន្ទាយមានជ័យៈ ក្នុង​មួយ​ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន ជាពិសេស​ពលករ​ខ្មែរ​ពី ​៤០០ ទៅ​ ៥០០​ នាក់​បាន​ទៅ​ស្នើសុំ​ធ្វើ​បណ្ណ​ឆ្លងដែន ដើម្បី​បាន​ចូលទៅ​ធ្វើការ ឬ​លក់ដូរ​ស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​ភាគី​ទាំង​ ២​ បាន​ឯកភាព​គ្នា​បើក​ច្រកព្រំដែន​ឡើងវិញ កាលពី​ថ្ងៃទី​ ១ ខែឧសភា ក្នុង​កម្រិត​ថ្នាក់​តំបន់​។