
ចម្ការដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលស្ថិតក្នុងខេត្តព្រះសីហនុ។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបាននាំចេញដូងប្រេង (ឆៅ) ទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណសរុបជិត ៦២ ០០០ តោនកាលពីឆ្នាំ ២០២១ កើន ១៧៦ ភាគរយធៀបនឹងឆ្នាំ ២០២០ ខណៈចំណូលទទួលបានមានជាង ៦៦ លានដុល្លារ។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម លោក ងិន ឆាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើទោះបីពិភពលោកជួបនឹងវិបត្តិកូវីដ ១៩ ក៏តម្រូវការដូងប្រេងនៅលើទីផ្សារអន្តរជាតិនៅតែមានបរិមាណច្រើនដដែល។
លោកប្រាប់ថា៖ «ការនាំចេញដូងប្រេង (ឆៅ) ក្នុងឆ្នាំ ២០២១ សម្រេចបាន ៦២ ០០០ តោន ហើយសម្រាប់តម្លៃដែលអ្នកនាំចេញក្នុងវិក្កយបត្រ គឺដូងប្រេងមានតម្លៃប្រមាណ ១០៦៥ ដុល្លារក្នុង ១តោន ដូច្នេះចំណូលបានពីការនាំចេញដូងប្រេង គឺប្រមាណ ៦៦ លានដុល្លារ»។
បច្ចុប្បន្នក្រៅពីការវិនិយោគរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏មានក្រុមហ៊ុនវៀតណាមកំពុងវិនិយោគនៅក្នុងខេត្តមណ្ឌលគិរីផងដែរ។ នេះបើតាមលោក ងិន ឆាយ។
អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប លោក ម៉ុង ឫទ្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនាំចេញដូងប្រេង (ឆៅ) របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី កាលពីឆ្នាំ ២០២១ សម្រេចបានប្រមាណ ៤៧ ០០០ តោន កើនឡើង ៣ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ លោកបន្ថែមថា ការកើនឡើងនេះដោយសារក្នុងឆ្នាំ ២០២១ អាកាសធាតុមានភាពអំណោយផល (ភ្លៀងច្រើន) ដែលធ្វើឱ្យដូងមានផ្លែច្រើន។ ទីផ្សារដែលទទួលទិញដូងប្រេងពីកម្ពុជា មានដូចជា ប្រទេសឥណ្ឌា សហគមន៍អឺរ៉ុប និងម៉ាឡេស៊ី ជាដើម។
លោកបញ្ជាក់ថា៖ «ការដាំដុះដូងប្រេងនៅកម្ពុជានៅមានតិចតួចនៅឡើយបើធៀបជាមួយប្រទេសក្នុងតំបន់អាស៊ានដូចជា ថៃ និងម៉ាឡេស៊ី»។
លោកឱ្យដឹងទៀតថា ក្រុមហ៊ុនលោកកំពុងមានផែនការពង្រីកការដាំដុះដូងប្រេងឱ្យកើនដល់ ៣០ ០០០ ហិកតា ខណៈបច្ចុប្បន្នផ្ទៃដីដាំដូងប្រេងរបស់ក្រុមហ៊ុនមានត្រឹមតែជាង ២០ ០០០ ហិកតា។ លោកបន្តថា ក្រុមហ៊ុនចង់ពង្រីកបន្ថែមទៀត ប៉ុន្តែមិនទាន់មានលទ្ធភាព ព្រោះនៅក្នុងករណីពង្រីកការដាំដុះបន្ថែម គឺត្រូវធ្វើនៅក្បែរនឹងចម្ការដូងប្រេងដែលមានស្រាប់ ដោយសារតែនៅតាមបណ្តាខេត្តដទៃទៀតមិនមានល្បាយទឹកភ្លៀងគ្រប់គ្រាន់ដូចខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «យោងតាមទំហំផ្ទៃដីដាំដុះដូងប្រេងសព្វថ្ងៃ គឺមិនគ្រប់គ្រាន់ក្នុងការបង្កើតរោងចក្រកែច្នៃផលិតជាប្រេងឆានៅឡើយទេ។ បើចង់បង្កើតរោងចក្រ លុះត្រាតែការដាំដុះកើនដល់ ៣០ ០០០ ហិកតា។ នេះជាមូលហេតុដែលកម្ពុជាត្រូវបង្ខំចិត្តនាំចេញប្រេងដូងឆៅទៅលក់នៅក្រៅប្រទេស»។
ម៉ុង ឫទ្ធី គ្រុប គឺជាក្រុមហ៊ុនដែលវិនិយោគលើការដាំដូងប្រេងធំជាងគេនៅកម្ពុជា និងជាប់ចំណាត់ថ្នាក់ទី ៤ នៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនបានចាប់ផ្តើមវិនិយោគលើការដាំដូងប្រេង ក្នុងឆ្នាំ ១៩៩៦។
សព្វថ្ងៃក្រុមហ៊ុនមានរោងចក្រកែច្នៃកិនយកប្រេងដូងចំនួន ២ ដែលមានសមត្ថភាពផលិតបាន ៧៥ តោន ក្នុង ១ ម៉ោង។ ក្រុមហ៊ុនរំពឹងថា នឹងអាចនាំចេញដូងប្រេង (ឆៅ) បានយ៉ាងតិច ៥០ ០០០ តោន ក្នុងឆ្នាំ ២០២២ នេះ៕ LA