ភ្នំពេញៈ ការបន្ត​អូសបន្លាយ​ពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការអនុម័ត​គម្រោង​វិនិយោគឯកជន​មួយចំនួន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ជាក់ស្តែង​នៅក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ ការអនុម័ត​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ធ្លាក់ចុះ​ជាង ៣០ ​គម្រោង​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញថា ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ​ ២០២១ គម្រោង​វិនិយោគឯកជន​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អនុម័ត​មាន​ចំនួន​ ១០៧ ធ្លាក់ចុះ ៣៤​ គម្រោង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ តាមរយៈ​គម្រោង​ទាំង​ ១០៧ នឹង​អាចបង្កើត​ការងារ​បាន​ប្រមាណ ៨៩​ ពាន់​នាក់ ធ្លាក់ចុះ ២០,៣ ​ភាគរយ និង​មាន​ទុនវិនិយោគ​សរុប ១ ៧១៦ ​លាន​ដុល្លារ ធ្លាក់ចុះ ៧២,៨ ​ភាគរយ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ទោះបី​មិនទាន់​មានដំណើរការ​ល្អ​ដូច​មុន ​(​មុន​ឆ្នាំ​ ២០២០) ប៉ុន្តែ​គេ​សង្កេតឃើញថា ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា បានចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់​។ ភាពល្អ​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច​ត្រូវបាន​បង្ហាញ​តាមរយៈ​កំណើន​នៃ​សូចនាករ​មួយចំនួន​ដូចជា ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ គ្រឿង​ផ្គុំ​អគ្គិសនី និង​ផលិតផល​កសិកម្ម​ជាដើម​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១០ ខែមករា​ថា ទោះ​ចំនួន​គម្រោង​ស្នើសុំ​វិនិយោគ និង​ការអនុម័ត​របស់ CDC ធ្លាក់ចុះ ប៉ុន្តែ​អ្វី​ដែលជា​ចំណុច​គួរឱ្យកត់សម្គាល់ គឺ​គម្រោង​អនុម័ត​ថ្មីៗ​មិនមែន​សុទ្ធតែជា​គម្រោង​វិនិយោគ​លើ​វិស័យ​វាយនភណ្ឌ​នោះទេ ដោយ​គម្រោង​ទាំងនោះ​មាន​លក្ខណៈ​ចម្រុះ​ដូចជា គ្រឿង​ផ្គុំ​អេឡិចត្រូនិក អគ្គិសនី សូឡា រោងចក្រ​ដំឡើង​រថយន្ត និង​គ្រឿងសង្ហារិម ជាដើម​។ ការទទួល​បាន​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈ​ជា​ឧស្សាហកម្ម​ធុន​មធ្យម និង​ធ្ងន់ វា​នឹងមិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​សមត្ថភាព​កម្មករ​កម្ពុជា​កាន់​តែមាន​ជំនាញ​ជាង​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជួយ​ឱ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​ភាពរឹងមាំ​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ចំនួន​គម្រោង​អនុម័ត​តិចជាង​មុន គឺជា​រឿង​ធម្មតា​នៅពេលនេះ ប៉ុន្តែ​អ្វីដែល​គួរ​កត់សម្គាល់ គឺ​ការបង្កើតឱ្យមាន​ភាព​សម្បូរបែប និង​ចម្រុះ​នៃ​ឧស្សាហកម្ម​ផលិត និង​កែច្នៃ​នៅ​កម្ពុជា​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង និយាយថា ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ចំនួន​គម្រោង​វិនិយោគ​ធ្លាក់ចុះ​គ្រប់កន្លែង​ទូទាំង​ពិភពលោក ហើយ​ការធ្លាក់ចុះ​នេះ គឺ​ទាំង​ការវិនិយោគ​ក្នុងស្រុក និង​បរទេស​។ បញ្ហា​ចម្បង​ដែល​ធ្វើឱ្យ​ចំនួន​គម្រោង​វិនិយោគ​ថយចុះ គឺ​ឧបសគ្គ​នៃ​ការធ្វើដំណើរ​ទៅ​សិក្សា ឬ​ពិនិត្យ​ទីតាំង​វិនិយោគ​។

លោក​និយាយថា​៖ «​នេះ​មិនមែនជា​រឿង​ចម្លែក​ទេ ព្រោះ​កូវីដ​ ១៩ បានធ្វើឱ្យ​អ្នកវិនិយោគ​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការបញ្ចេញ​ទុនវិនិយោគ ខណៈ​ទីផ្សារ​សម្រាប់​បញ្ចេញ​ផលិតផល​ដែល​ផលិត​/​ដាំ​ដុះ​ក៏មាន​ភាពមិនច្បាស់លាស់​ដែរ​»​។

ទោះយ៉ាងណា លោក​លើកឡើងថា ចំនួន​គម្រោង​វិនិយោគឯកជន​នៅ​កម្ពុជា​ត្រូវបាន​រំពឹងថា នឹងមាន​ភាព​ល្អប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​ចាប់ពី​ដើមឆ្នាំ​ ២០២២ នេះ​តទៅ ខណៈ​ក្រៅពី​ការសម្រេចបាន​ជោគជ័យ​លើ​ចំនួន​ប្រជាជន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ហើយ​នោះ ប្រទេស​កម្ពុជា​ក៏​សម្រេចបាន​សមិទ្ធផល​ជាច្រើន​ទាក់​ទង​នឹង​ច្បាប់​វិនិយោគ​ថ្មី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបើកទ្វារ​ទទួល​អ្នក​វិនិយោគ និង​ភ្ញៀវទេសចរ​ចូល​ប្រទេស​ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២១ នឹង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​»​។

ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន ៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២ នេះ ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក បើទោះបី​ការរីក​រាលដាល​វីរុស​បំប្លែង​ថ្មី​នៃ​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។ ការបន្ត​ងើបឡើង​នៃ​សេដ្ឋកិច្ចពិភពលោក​នឹង​គាំទ្រ​ដល់​ការនាំចេញ​របស់​កម្ពុជា ដូចជា​ផលិតផល​កាត់ដេរ និង​ផលិតផល​កម្មន្តសាល​មិនមែន​កាត់ដេរ ជាពិសេស​ការនាំចេញ​ផលិតផល​គ្រឿង​ផ្គុំ​អគ្គិសនី និង​កង់ ដែល​នឹង​លើកកម្ពស់​ពិពិធកម្ម​ការនាំចេញ​របស់​កម្ពុជា​៕