
ធនាគារ មេយប៊ែង ត្រូវបានទទួលស្គាល់ជាធនាគារអន្តរជាតិល្អបំផុតនៅកម្ពុជាឆ្នាំ ២០២១។ រូបថត សហការី
ធនាគារ មេយប៊ែង កម្ពុជាត្រូវបានទទួលស្គាល់ជា ធនាគារអន្តរជាតិល្អបំផុតនៅកម្ពុជារយៈពេល ២ ឆ្នាំជាប់គ្នា ពីកម្មវីធីផ្តល់ពានរង្វាន់ Asiamoney Best Bank Awards តាមរយៈការដាក់បញ្ចូលចីរភាពទៅក្នុងដំណើរការអាជីវកម្ម និងការផ្តួចផ្តើមសហគមន៍នានា ដែលរួមមានកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការបង្កើនបរិយាប័ន្នហិរញ្ញវត្ថុទូទាំងតំបន់។
លោក ដាតុ ហានីវ ស៊ូហាឌី នាយកប្រតិបត្តិធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ីបានមានប្រសាសន៍៖ «ពួកយើងពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង សម្រាប់ការឈ្នះពានរង្វាន់ប្រកបដោយកិត្យានុភាពមួយនេះ បើទោះបីជាពួកយើងកំពុងតែឆ្លងកាត់ពេលវេលាដ៏លំបាក ដែលពិភពលោកទាំងមូលកំពុងតែប្រឈមនឹងបញ្ហានានា ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ក្តី។ សមិទ្ធផលមួយនេះ គឺអាចកើតឡើងបានដោយមានការគាំទ្រ និងទំនុកចិត្តពីអតិថិជន សហគមន៍ និងភាគីពាក់ព័ន្ធរបស់ពួកយើង»។

ស្នាក់ការកណ្ដាលធនាគារមេយប៊ែង តាមបណ្ដោយមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។ រូបថត សហការី
កាលពីឆ្នាំមុន ធនាគារ មេយប៊ែង ក៏បានសម្រេចបាននូវជោគជ័យថ្មីមួយ ដែលត្រូវបានជ្រើសរើសជាធនាគារ អន្តរជាតិដំបូងគេបង្អស់ ដោយធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួមក្នុងការផ្តួចផ្តើម និងដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេស មេយប៊ែង-បាគង។ នេះគឺជាលើកដំបូងគេបង្អស់ចំពោះដំណោះស្រាយនៃសេវាកម្មផ្ទេរប្រាក់ឆ្លងប្រទេសដែលបានដាក់ចេញឱ្យដំណើរការនៅលើទីផ្សារក្នុងប្រទេសកម្ពុជា តាមរយៈបច្ចេកវិទ្យាដែលមានភាពច្នៃប្រឌិត Blockchain-based។
លោក ដាតុ ហានីវ មានប្រសាសន៍បន្ថែមថា៖ «ខណៈពេលដែលឆ្នាំ ២០២២ បានមកដល់ ពួកយើងនៅតែបន្ដប្ដេជ្ញាចិត្តក្នុងការបម្រើសេវាកម្ម និងការអភិវឌ្ឍផ្សេងៗ ជូនអតិថិជនរបស់ពួកយើងក៏ដូចជាសហគមន៍ទៅលើផ្នែកឌីជីថល និងប្រកបដោយចីរភាព»។
«នៅក្នុងចំណោមការផ្តួចផ្តើមនានា ពួកយើងរំពឹងឆ្ពោះទៅរកការពង្រីកវិសាលភាពនៃការផ្ញើប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធបាគងឱ្យកាន់តែទូលំទូលាយ បង្កើនការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុបុគ្គល និងអាជីវកម្មកាន់តែល្អប្រសើរ ដែលរួមបញ្ចូលនូវការផ្តល់ជូននៃប័ណ្ណឥណទានទៅលើផលិតផលរបស់ពួកយើង»។
កាលពីដើមខែតុលា ឆ្នាំមុន ធនាគារ មេយប៊ែង បានឈ្នះពានរង្វាន់ ធនាគារបុគ្គលល្អបំផុតនៅប្រទេសកម្ពុជា ហើយទទួលបានការកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមផ្នែកទំនួលខុសសង្គមល្អបំផុតពីកម្មវិធី Annual Retail Banker Asia Trailblazer Awards ឆ្នាំ ២០២១ ផងដែរ៕