The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Aeon Mall នឹង​បើក​កន្លែង​ស្តុក​ទំនិញ​លក្ខណៈ​អន្តរជាតិ​នៅ​ឆ្នាំក្រោយ

Aeon Mall នឹង​បើក​កន្លែង​ស្តុក​ទំនិញ​លក្ខណៈ​អន្តរជាតិ​នៅ​ឆ្នាំក្រោយ

Content image - Phnom Penh Post
ទិដ្ឋភាពក្នុងផ្សារទំនើបអ៊ីអន ២ សែនសុខ ភ្នំពេញ។ ហុង មិនា

Aeon Mall នឹង​បើក​កន្លែង​ស្តុក​ទំនិញ​លក្ខណៈ​អន្តរជាតិ​នៅ​ឆ្នាំក្រោយ

ភ្នំពេញៈ មជ្ឈមណ្ឌល​ស្តុក​ទំនិញ​លក្ខណៈ​អន្តរជាតិ​ដ៏ធំ​ដំបូង​គេ​របស់​ផ្សារ​ទំនើប អ៊ីអន ម៉ល ​(Aeon Mall) ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្បែរ​កំពង់ផែ​ភាគខាងត្បូង​ខេត្ត​ព្រះសីហនុ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំនេះ ដោយ​នឹង​អាច​ចាប់ផ្តើម​បើក​ដំណើរការ​នៅក្នុង​ឆ្នាំ​ ២០២៣​។

ផ្សារ​ទំនើប អ៊ីអន ម៉ល បាន​ជួល​ដី​ពី​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ទំហំ​ប្រហែល ៣ ​ហិកតា​ ដើម្បី​រៀបចំ​ជា​មជ្ឈមណ្ឌល​ស្តុក​ទំនិញ​ក្នុង​កិច្ចសន្យា​រយៈពេល ៥០ ​ឆ្នាំ​ដោយ​មជ្ឈមណ្ឌល​នេះ​គ្រោង​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ឆ្នាំសារពើពន្ធ ​២០២៣ ដោយ​នឹង​ផ្តល់ជូន​នូវ​ទីតាំង​ស្តុក​ទំនិញ​នាំចូល ដោយ​មិនចាំបាច់​បង់ថ្លៃ​កាតព្វកិច្ច មុនពេល​ឆ្លងកាត់​នីតិវិធី​របស់​អាជ្ញាធរ​គយ​។

លោក សុខ កុល​ចិន្តា ប្រធាន​រដ្ឋបាល​នៃ​អង្គភាព​គ្រប់គ្រង​គម្រោង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​១១ ខែមករា​ថា ការសាងសង់​មជ្ឈមណ្ឌល​ស្តុក​ទំនិញ​នេះ គឺមាន​ការជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ហៅ​កាត់​ថា JICA​។

លោក​បាន​បន្ថែមថា មជ្ឈមណ្ឌល​ស្តុក​ទំនិញ​មាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​ការ​ទុកដាក់​ទំនិញ​គ្រប់​ប្រភេទ ដែល​បាន​នាំចូល​ពី​ក្រៅប្រទេស ព្រោះ​ទំនិញ​ដែល​បាន​នាំ​ចូលមក និង​ទុក​ក្នុង​មជ្ឈមណ្ឌល មិនចាំបាច់​បង់ពន្ធ​គយ​នោះ គឺ​ត្រូវ​រង់ចាំ​ទាល់​តែមាន​កុម្ម៉ង់​ទិញ​ពី​អតិថិជន និង​មាន​ការដឹក​ជញ្ជូន​ចេញពី​មជ្ឈមណ្ឌល ទើប​តម្រូវឱ្យ​បង់ពន្ធ​គយ​តាម​ក្រោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការធ្វើ​ឃ្លាំង​ស្តុក​ទំនិញ​បែបនេះ គឺមាន​លក្ខណៈ​ងាយស្រួល​សម្រាប់​វិនិយោគិន ព្រោះ​រាល់​ទំនិញ​ដែល​ស្តុក​ទុក​នៅ​ឃ្លាំង​នេះ​រយៈពេល​យូរ​គឺ​មិនចាំបាច់​ត្រូវ​បង់ពន្ធ​គយ​ទេ ប្រសិនបើ​មិនមាន​ការបញ្ជាទិញ​។ ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​ក៏បាន​អនុវត្ត​រួចហើយ​ដែរ​។ មជ្ឈមណ្ឌល​មួយ​នេះ ក៏​នឹង​ជួយ​ធ្វើឱ្យ​សកម្មភាព​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កាន់តែ​មាន​ភាព​មមាញឹក​បន្ថែមទៀត​ផងដែរ​»​។

លោក កុលចិន្តា បាន​បន្ថែមទៀតថា មជ្ឈមណ្ឌល​ស្តុក​ទំនិញ​លក្ខណៈ​អន្តរជាតិ​នេះ​នឹង​ក្លាយជា​គំរូ​សម្រាប់​ឱ្យ​វិនិយោគិន​ដទៃទៀត​មានការ​ចាប់​អារម្មណ៍​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ស្តុក​ទំនិញ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ ដោយ​ក្នុង​ឆ្នាំ ​២០២៣ ខាងមុខនេះ លោក​រំពឹងថា​នឹងមាន​ក្រុមហ៊ុន ១ ​ទៅ​ ២ ​បន្ថែមទៀត ដែល​ចាប់អារម្មណ៍​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា គម្រោង​មជ្ឈមណ្ឌល​ស្តុក​ទំនិញ​នាំចូល​របស់​ផ្សារ​ទំនើប អ៊ីអន ម៉ល នេះ​គឺជា​ការឈាន​ជើង​ដ៏ល្អ​មួយ​សម្រាប់​វិស័យ​លក់ដុំ និង​រាយ​នៅ​កម្ពុជា​ដោយ​វា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​គំរូ​មួយ​។ ប្រសិនបើ​អាចមាន​ឃ្លាំង​ស្តុក​ទំនិញ​សម្រាប់​នាំចេញ ដែលមាន​ទំហំ​ធំ​បែបនេះ​នៅតាម​កំពង់ផែ និង​ផែស្ងួត ទៀត​នោះ​វា​នឹង​កាន់តែ​ល្អ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​កំពុងតែ​រៀបចំ​ធ្វើ​ឃ្លាំង​ស្តុក​ទំនិញ​នៅតាម​អាកាសយានដ្ឋាន​ផងដែរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុមហ៊ុន​ ដែល​នាំចូល​ទំនិញ​មកហើយ ខ្វះ​ទីតាំង​សម្រាប់​ស្តុក​»​។

លោក​បាន​បន្ថែមថា នៅពេលដែល​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​កាន់តែច្រើន ការនាំចេញ នាំចូល​ទំនិញ​នឹង​កាន់តែ​មមាញឹក ដូចនេះ​ការបង្កើត​ឃ្លាំង​ស្តុក​កាន់តែ​ធំ និង​កាន់តែច្រើន​នឹង​ជួយ​សម្រួល​ច្រើន​ដល់​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូអិលធីឌី បាន​បញ្ជាក់ថា មជ្ឈមណ្ឌល​ស្តុក​ទំនិញ​នេះ​មិន​ត្រឹមតែ​បម្រើ​ដល់​ការស្តុក​ទំនិញ និង​ដឹកជញ្ជូន​ទំនិញ​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​ដទៃ​ផងដែរ​។

បើតាម​លោក កុលចិន្តា គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ស្តុក​ទំនិញ​នេះ បានទទួល​ការជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​-​ជប៉ុន និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ​JICA ដោយ​ជាក់ស្តែង កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​ ២០២១ កន្លងទៅ​រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្ដល់​ហិរញ្ញប្បទាន ឥត​សំណង​ចំនួន ១ ៥០០ ​លាន​យ៉េន ឬ​ស្មើនឹង ១៤ ​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​អនុវត្ត គម្រោង​បំពាក់​គ្រឿងចក្រ​លើកដាក់​ទំនិញ​ចល័ត នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​៕ LA​

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍