ភ្នំពេញៈ និយតករ​មូលបត្រ​កម្ពុជា ​(ន. ម.ក.) បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC) និង​សាជីវកម្ម​ធានា​ឥណទាន និង​វិនិយោគ​ (CGIF) សហការគ្នា​ ដើម្បី​លើកកម្ពស់​ដល់​យន្តការ​ធានា​ឥណទាន​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ទីផ្សារ​មូលបត្រ​បំណុល​នៅ​កម្ពុជា​។

លោក ស៊ូ សុជាតិ អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា​ (SERC) បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ១០ ខែមករា គឺជា​ការបើក​ច្រក និង​សម្របសម្រួល​ឱ្យ​ក្រុមហ៊ុន​ធានា​ឥណទាន ២ បើក​កិច្ច​សហការគ្នា​លើ​ការធានា​ឥណទាន​លើ​មូលបត្រ​បំណុល ដើម្បី​ធ្វើឱ្យ​ទីផ្សារ​មូលបត្រ​បំណុល​នៅ​កម្ពុជា​កាន់​តែមាន​សម្ទុះ​ថែមទៀត​។

ទោះបីជា​យ៉ាងណា លោក សុជាតិ បញ្ជាក់ថា ការប្រជុំ​នេះ​នៅ​មិនទាន់​ទទួលបាន​លទ្ធផល​ផ្លែផ្កា​អ្វី​នៅឡើយ​ទេ ព្រោះ​និយតករ​មូលបត្រ​កម្ពុជា​គ្រាន់តែ​សម្របសម្រួល ដើម្បី​ឱ្យមាន​កិច្ចសហការ​កើតឡើង ប៉ុន្តែ​ការសហការ​តាមរបៀប​ណា ឬ​បន្តធ្វើ​ការងារ​យ៉ាងណា​ទៀត​នោះ​ក្រុមហ៊ុន​ទាំង ២ នឹង​បន្ត​កិច្ច​ពិភាក្សា​ជាមួយគ្នា​បន្ថែម​នៅពេល​ក្រោយ​។

លោក​បន្ថែមថា​៖ «​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​មាន​សញ្ញា​វិជ្ជមាន​ល្អ ដោយសារ​មានការ​បញ្ជាក់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា នឹងមាន​ការបោះ​ផ្សាយ​សញ្ញាបណ្ណរដ្ឋ ក្នុង​ឆ្នាំ​ ២០២២ ហើយ​ជាមួយគ្នានេះ​ទំនោរ​ពី​ខាង​វិស័យ​ឯកជន​ក៏មាន​សម្ទុះ​នៃ​ការរៀបចំ​បោះផ្សាយ​លក់​សញ្ញាបណ្ណ​នេះ​ផងដែរ ដូចនេះ​មាន​សញ្ញា​វិជ្ជមាន​ច្រើន ដោយ​ទំហំ​នៃ​ការបោះ​ផ្សាយ​ក៏​នឹងមាន​ច្រើន​ដែរ​»​។

លោក ហុង សុហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ប្រាប់ថា ការជួញដូរ​ជា​មធ្យម​ប្រចាំថ្ងៃ​របស់​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២១ បាន​កើនឡើង​ពី ១១​ ម៉ឺន​ដុល្លារ​ដល់ ២៧​ ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ កើន ១៤៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ ខណៈ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​រំពឹងថា​នឹងមាន​ក្រុមហ៊ុន​ថ្មី​ចំនួន ៥ ​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ក្នុងឆ្នាំនេះ បើទោះបី​កាលពី​ឆ្នាំ​ ២០២១ មាន​ក្រុមហ៊ុន​ចុះបញ្ជី​ត្រឹមតែ ២ ក៏ដោយ​។

លោក​បន្តទៀតថា កាលពី​ឆ្នាំ​ ២០២១ គណនី​ដែល​បាន​បើក​មាន​ប្រមាណ ៨ ​ពាន់​គណនី ដែល​ចំនួន​នេះ​នឹងមាន​កំណើន​ជា​បន្តបន្ទាប់​ទៀត​។

លោក​ប្រាប់ទៀតថា ទោះបី​កាលពី​ឆ្នាំមុន មាន​ក្រុមហ៊ុន​ចុះបញ្ជី​ត្រឹមតែ​ចំនួន ២ ដែល​ទាប​ជាង​ការរំពឹងទុក​ឆ្ងាយ​ក៏​ពិតមែន ប៉ុន្តែ​ការចាប់​អារម្មណ៍​របស់​សាធារណជន​គឺមាន​ការកើនឡើង ព្រោះ​ឃើញថា ចំនួន​អ្នកបើក​គណនី​កើនឡើង​ខ្លាំង ដូចនេះ​នៅពេល​មាន​ក្រុមហ៊ុន​ថ្មីៗ​ចុះបញ្ជី​នៅ​ឆ្នាំនេះ​ថែមទៀត វា​នឹង​ធ្វើឱ្យ​ផ្សារ​មូលបត្រ​កម្ពុជា កាន់តែ​មាន​ភាព​គគ្រឹក​គគ្រេង​ជាមិនខាន​។

លោក​បញ្ជាក់ថា​៖ «​យើង​រំពឹងថា នឹងមាន​ក្រុមហ៊ុន​ថ្មី​ចំនួន ៥ ​ទៀត (​បោះផ្សាយ​លក់​ភាគហ៊ុន និង​សញ្ញាបណ្ណ​) ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​នៅ​ឆ្នាំនេះ ហើយ​ឆាប់ៗ​នេះ​យើង​នឹង​ទទួលបាន​ក្រុមហ៊ុន​មួយទៀត ដូចនេះ​គោលដៅ​របស់​យើង ក្នុងការ​សម្រេច​ឱ្យបាន​នូវ​ទំហំ​ជួញដូរ​ក្នុង​ ១ ​ថ្ងៃ​ឱ្យបាន​ ១ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៣ ​ទៅ​ ៤ ឆ្នាំ​ខាងមុខ គឺមាន​ទំនោរ​អាច​សម្រេចបាន​»​។

បើតាម​អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា ទោះ​មានការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩ កាលពី​ឆ្នាំ​ ២០២១ ក៏​ផ្សារហ៊ុន​កម្ពុជា​ (CSX) បានឃើញ​ពី​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មិន​ធ្លាប់មាន ដោយបាន​ចុះបញ្ជី​លើ​ទីផ្សារ​កំណើន​។ គិត​ត្រឹម​ឆ្នាំ​ ២០២១ មាន​ក្រុមហ៊ុន​ចុះបញ្ជី​នៅលើ​ទីផ្សារ​កំណើន​ចំនួន ១៥ ដែល​ក្នុងនោះ​ក្រុមហ៊ុន​ចំនួន ៨ បាន​ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​។ នៅក្នុង​ឆ្នាំ​ ២០២១ ផ្សារ​មូលបត្រ​កម្ពុជា ប្រមូល​មូលនិធិ​បាន​ចំនួន​ប្រហែល ២៧៧,៧៩ លាន​ដុល្លារ​៕ LA