ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ ឱ្យដឹងថា ស្ថានភាព​នៃ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​បន្ត​រក្សាបាន​នូវ​កំណើន​ខ្ពស់​កាលពី​ឆ្នាំ​ ២០២១ ដោយ​ទាំង​ឥណទាន និង​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដូចគ្នា ទោះបី​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​យាយី​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្តី​។ យោងតាម​របាយការណ៍​របស់ NBC ចេញផ្សាយ​កាលពី​ចុងឆ្នាំ​ ២០២១ កំណើន​ឥណទាន​បាន​បន្ត​កើនឡើង​ ២១,២ ​ភាគរយ (១៨៦,៤ ​ពាន់​ពាន់​លាន​រៀល ស្មើនឹង ៤៥,៧ ​ពាន់លាន​ដុល្លារ​) ​ដែល​ត្រូវបាន​បែងចែក​ទៅគ្រប់​វិស័យ​។ ម្យ៉ាងវិញទៀត​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​/​សហគ្រាស​ដែលមាន​ចំណូល​ធ្លាក់ចុះ និង​គ្រប់គ្រង​សម្ពាធ​មកលើ​ឥណទាន​មិន​ដំណើរការ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ត្រូវបាន​អនុញ្ញាតឱ្យ​បន្ត​រៀបចំ​ឥណទាន​ឡើងវិញ​លើ​គ្រប់​វិស័យ​ដែលមាន​ចំនួន​សរុប ៣៧០ ៧៨៥ ​គណនី ស្មើនឹង ២២,៤ ​ពាន់​ពាន់​លាន​រៀល ​(៥,៥ ​ពាន់​លាន​ដុល្លារ​)​។

NBC បានឱ្យ​ដឹងថា​៖ «​ប្រឈម​នឹង​វិបត្តិ​ដែល​អូសបន្លាយ​អស់​រយៈពេល​ ២​ ឆ្នាំ​កន្លងមកនេះ ប្រព័ន្ធ​ធនាគារ​បាន​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការគាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ជាពិសេស​វិស័យ​ដែល​រង​ផលប៉ះពាល់​។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​ការរក្សា​ការបន្ធូរបន្ថយ​បទប្បញត្តិ និង​ផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​សាច់ប្រាក់​នៅក្នុង​ដៃ​គ្រប់គ្រាន់​សម្រាប់​រក្សា​និរន្តរភាព​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​សេដ្ឋកិច្ច​»​។

លោក កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ (CMA) បាន​ប៉ាន់​ប្រមាណ​ថា កំណើន​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ជាង ១០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១​។ លោក​បន្តថា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ចំពោះ​សមាជិក​ទាំង ១១៩ របស់ CMA រួមទាំង​ធនាគារ​ចំនួន ៤ បានរៀបចំ​ឥណទាន​ឡើងវិញ​ចំនួន ៣៦០ ០០០​ ដង​/​អតិថិជន​ជាមួយនឹង​ផលប​ត្រ​ទឹកប្រាក់​ឥណទាន​សរុប​ចំនួន ១ ៧៣៤ ​លាន​ដុល្លារ​។ ទិន្នន័យ​ការិយាល័យ​ឥណទាន​កម្ពុជា បង្ហាញថា វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​មានកា​រៀបចំ​ឡើងវិញ​ចំនួន ៧ ១៧២ ​លាន​ដុល្លារ ស្មើនឹង​ចំនួន ៦១៨ ០០០ ​គណនី​/​អតិថិជន​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក​បាន​បន្ថែមថា វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការចាក់​បញ្ចូល​ដើមទុន​ទៅដល់​វិស័យ​ផ្សេងទៀត​ដូចជា ផលិតកម្ម កសិកម្ម ពាណិជ្ជកម្ម សំណង់ អចលនទ្រព្យ​។​ល​។

លោក​បន្តទៀតថា វិស័យនេះ​ក៏បាន​គាំទ្រ​យ៉ាងសកម្ម​នូវ​ផែនការ​ការស្តារ​សេដ្ឋកិច្ច​ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា ធនាគារ SME និង​កិច្ចសហប្រតិបត្តិការ​ធានា​ឥណទាន​កម្ពុជា​ (CGCC) ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​។

លោក​ថ្លែងថា​៖ «​ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​សកម្មភាព​យ៉ាងខ្លាំង​ក្នុង​ការជួយ​ដល់​វិស័យ​ផ្សេងៗ​ទៀត និង​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​កូវីដ-១៩​។ ដើម្បី​បន្ធូរបន្ថយ​បន្ទុក​សាច់ប្រាក់​របស់​ពួកគេ វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​បានរៀបចំ​ឥណទាន​ឡើងវិញ​ជូន​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ចាប់តាំងពី​ខែមីនា ឆ្នាំ​ ២០២០ មក​។ នៅក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍ ឆ្នាំ​ ២០២១ ដែលនាំឱ្យ​មានការ​បិទ​ខ្ទប់​តំបន់​ខ្លះ​ក្នុង​ខែមេសា វិស័យនេះ​ត្រូវបាន​ណែនាំ​ឱ្យធ្វើ​ការអន្តរាគមន៍​បន្ថែម​ ដើម្បី​គាំទ្រ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយផ្ទាល់​ដូចជា អ្នកធ្វើ​ចត្តាឡីស័ក ឬ​អ្នក​ដែលមាន​សមាជិកគ្រួសារ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ​១៩​។​»

លោក តូច ចៅចេក ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែមករា ថា ទំហំ​ទឹកប្រាក់​ឥណទាន​ដែល​ធនាគារ​ប្រៃសណីយ៍​កម្ពុជា សម្រេច​បាន​មាន​កំណើន​ជាង ៣០ ​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ដែលជា​កំណើន​មួយ​ដ៏​ខ្ពស់​។

លោក​និយាយថា​៖ «​ក្នុង​ឆ្នាំ​ ២០២១ ​កន្លងមកនេះ យើង​ទទួលបាន​កំណើន​មួយ​ដ៏ខ្ពស់​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ដែលជា​ឆ្នាំ​មួយ​យើង​ហាក់​រឹតបន្តឹង​ការបញ្ចេញ​ឥណទាន​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​។ សម្រាប់​ឆ្នាំ​ ២០២១ កន្លងមក​យើង​ទទួលបាន​ការអនុគ្រោះ​ច្រើន​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដែល​អនុញ្ញាតឱ្យ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​មាន​សាច់ប្រាក់​គ្រប់គ្រាន់​ក្នុងការ​បញ្ចេញ​សម្រាប់​ប្រាក់កម្ចី​។ លើសពីនោះ​ទៀត ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ របស់​រដ្ឋាភិបាល​ក៏បាន​ចូលរួមចំណែក​ក្នុង​ការរក្សា​បាន​សកម្ម​ភាព​សេដ្ឋកិច្ច​ផងដែរ ទោះបីជា​យើង​មាន​ការបិទ​ខ្ទប់​កាលពី​ខែមេសា ប៉ុន្តែ​យើង​ចាប់ផ្តើម​ស្ទុះ​ងើប​ខ្លាំង​ចាប់ពី​ខែឧសភា​មក​»​។

លោក​បាន​ព្យាករ​ថា ប្រតិបត្តិការ​អាជីវកម្ម​របស់​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​នឹង​បន្ត​រក្សាបាន​កំណើន​ក្នុង​រង្វង់​ ២០ ​ភាគរយ​ជា​បន្តទៀត​ក្នុង​ឆ្នាំ​ ២០២២ នេះ​។

ជាមួយ​គ្នានេះដែរ NBC បាន​គូសបញ្ជាក់​ថា ជំនឿ​ទុកចិត្ត​មកលើ​ប្រព័ន្ធ​ធនាគារ​បន្ត​មាន​ភាពរឹងមាំ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ប្រាក់​បញ្ញើ​អតិថិជន​ដែលមាន​អត្រា​ ១៥,៤​ ភាគរយ ​(១៥៧,១​ ពាន់​ពាន់​លាន​រៀល ស្មើនឹង ៣៨,៥ ​ពាន់​លាន​ដុល្លារ​)​។ បរិយាប័ន្ន​ហិរញ្ញវត្ថុ​កើនឡើង​ដោយ​ចំនួន​គណនី​ប្រាក់​បញ្ញើ​អតិថិជន​កើន​ដល់ ១២,១ ​លាន​គណនី (​កើន ៤០, ៧ ភាគរយ​) និង​គណនី​ឥណទាន​អតិថិជន​កើន​ដល់ ៣,៣ ​លាន​គណនី​ (​កើន ៥,១ ភាគរយ​)៕ LA