ភ្នំពេញៈ បើទោះជា​ឥទ្ធិពល​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ផលប៉ះពាល់​ទៅដល់​កំណើន​សេដ្ឋកិច្ច​សកល និង​កម្ពុជា​ក៏ដោយ ក៏​ទំហំ​ទឹកប្រាក់​នៃ​ការនាំ​ចូល និង​នាំចេញ​ទំនិញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ (SSEZ) ​នៅតែ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ដោយ​ក្នុង​ឆ្នាំ​ ២០២១ កន្លងមក​បាន​កើនឡើង​ជាង ៤២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែមករា បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ សកម្មភាព​នៃប្រតិបត្តិ​ការ​ការងារ និង​អាជីវកម្ម​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​បាន​ដំណើរការ​ទៅមុខ​យ៉ាង​រលូន ដោយ​ទឹកប្រាក់​នាំចូល-​នាំចេញ​ទំនិញ​នៅក្នុង SSEZ មានតម្លៃ​សរុប ២ ២៣៤​ លាន​ដុល្លារ កើនឡើង ៤២,៧៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២០​។ ទោះជា​យ៉ាងណា ទិន្នន័យ​មិនបាន​បង្ហាញ​ពី​ចំនួន​ដាច់ដោយឡែក​នៃ​ទឹកប្រាក់​នាំចេញ និង​នាំចូល​ឡើយ​។

SSEZ ឱ្យដឹងថា​៖ «​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហ​នុ​ប្ដេជ្ញា​ធ្វើឱ្យមាន​កំណើន​យ៉ាង​ឆាប់រហ័ស​សម្រាប់​គ្រប់​សហគ្រាស​ទាំងអស់​នៅក្នុង SSEZ ពោលគឺ​បរិមាណ​នាំ​ចូល និង​នាំចេញ​ប្រចាំឆ្នាំ​ ២០២១ មាន​ចំនួន ២ ២៣៤ ​លាន​ដុល្លារ កើនឡើង ៤២,៧៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២០​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា អត្រាកំណើន​ខ្ពស់​នៃ​ចំនួន​ប្រាក់​នាំចូល​-​នាំចេញ​ទំនិញ​របស់​រោងចក្រ​នៅក្នុង SSEZ មកពី​កត្តា​ចម្បង​ ២ គឺ​កំណើន​នៃ​សមត្ថភាព​ផលិត និង​កំណើន​នៃ​ការបញ្ជាទិញ​ពី​សំណាក់​វិនិយោគិន​ធំៗ​។ លោក​បន្តថា កំណើន​នៃ​ការបញ្ជាទិញ​ពី​កម្ពុជា គឺ​ដោយសារ​ប្រទេស​ផលិត​មួយចំនួន​បាននិង​កំពុង​ជួបប្រទះ​ភាពរអាក់រអួល​ក្នុង​ចង្វាក់​ផលិតកម្ម​ដែល​បណ្តាលមកពី​អស្ថិរភាព​នយោបាយ និង​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ (​ប្រទេស​មីយ៉ាន់ម៉ា បង់ក្លាដែស និង​វៀតណាម​ជាដើម​)​។ លោក​បាន​បន្តថា ក្រៅពី​ជំនឿ​ចិត្ត​លើ​ដំណើរការ​ផលិតកម្ម​នៅ​កម្ពុជា​ដែល​មិន​រអាក់រអួល​ (​ដោយ​អត្រា​ប្រជាជន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ កើន​ដល់​ជិត ៩០ ​ភាគរយ​) ​ការបញ្ជាទិញ​សម្ភារ និង​វត្ថុធាតុដើម​ពី​ក្រុមហ៊ុន​នៅក្នុង SSEZ ដើម្បី​កែច្នៃ​ជា​ផលិតផល​សម្រេច​ក៏​កំពុង​កើនឡើង​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ឆ្នាំ ​២០២២ នេះ ខ្ញុំ​គិតថា ចំនួន​ទឹកប្រាក់​នាំចូល និង​នាំចេញ​របស់ SSEZ នឹង​កើន​ខ្ពស់​ថែមទៀត ខណៈ​ការចូល​ជាធរមាន​នៃ​ច្បាប់​វិនិយោគ​ថ្មី​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) នឹង​ក្លាយជា​កម្លាំងចលករ​ថ្មី​បន្ថែមទៀត​ ដែល​ធ្វើឱ្យ​ការបញ្ជាទិញ​លើ​គ្រប់​វិស័យ​កើនឡើង​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា កំណើន​ប្រាក់​នាំចូល​-​នាំចេញ​នេះ​បញ្ជាក់ថា ទោះជា​ជំងឺ​កូវីដ-១៩ បន្ត​គំរាមកំហែង​ដល់​ចង្វាក់​ផលិតកម្ម និង​តម្រូវការ​ពិភពលោក​ក៏​ការផលិត និង​នាំចេញ​របស់ SSEZ នៅតែមាន​ដំណើរ​ល្អប្រសើរ​ដដែល​។ កំណើន​នេះ​គឺមាន​ទាំង​ការ​នាំចូល​វត្ថុ​ធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​ផលិតកម្ម​ (​ក្រណាត់​, គ្រឿង​ផ្គុំ និង​គ្រឿង​ម៉ាស៊ីន​)​ ផងដែរ​។ លោក​បន្តថា កំណើន​រហូតដល់​ជិត ៥០ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​បែបនេះ គឺជា​សញ្ញា​ល្អ​ផងដែរ​សម្រាប់​ឆ្នាំ​ ២០២២​។

លោក​បន្ថែមថា​៖ «​ភាពល្អ​ប្រសើរ​នៃ​ការនាំ​ចូល-​នាំចេញ​នេះ​បញ្ជាក់ថា គុណភាព និង​ចង្វាក់​ផលិតកម្ម​របស់​រោងចក្រ​នៅក្នុង SSEZ គឺអាច​ឆ្លើយតបបាន​តាម​ស្តង់ដា និង​បរិមាណ​នៃ​ការបញ្ជាទិញ​។ ខ្ញុំ​គិតថា កំណើន​ទឹកប្រាក់​នាំចូល​-​នាំចេញ​របស់ SSEZ នឹងមាន​កាន់តែ​ច្រើន​ក្នុង​ឆ្នាំ​ ២០២២ នេះ​»​។

ក្នុង​ឆ្នាំ​ ២០២០ ការនាំចេញ-​នាំចូល​របស់​សហគ្រាស​នៅ​ SSEZ មាន​ទឹកប្រាក់ ១ ៥៦៥ ​លាន​ដុល្លារ​កើន ២៦,៥២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៩​។

យោងតាម​លោក លឹម ហេង ការវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច គឺមាន​ភាពងាយស្រួល​ក្នុង​ការរៀបចំ​ឯកសារ​នាំចេញ និង​នាំចូល​ទំនិញ ហើយ​វា​បាននិង​កំពុង​ក្លាយជា​ឈ្នាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​លឿន​ផងដែរ​។

គិត​មកដល់​ត្រឹម​ឆ្នាំ​ ២០២១ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ៣៩​។ នេះ​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕ LA