អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ ការអប់រំ​ផ្ដោត​សំខាន់​ទៅលើ​មធ្យោបាយ​បំពាក់បំប៉ន​មនុស្ស​ជំនាន់​ក្រោយ​ឱ្យមាន​ជំនាញ និង​ចំណេះដឹង​ជា​មូលដ្ឋាន​សម្រាប់​ការប្រកប​របរ​ចិញ្ចឹមជីវិត ប៉ុន្តែ​នៅពេល​ដែល​ឧស្សាហកម្ម​មាន​ការវិវឌ្ឍ​ឥតឈប់ឈរ​ការអប់រំ​បែប​ប្រពៃណី​​គឺ​លែង​គ្រប់គ្រាន់​ទៀតហើយ​។

មនុស្ស​វ័យក្មេង​គឺជា​កម្លាំង​ពលកម្ម​នា​ពេលអនាគត​របស់​ប្រទេស​នីមួយៗ ហើយ​ការវិនិយោគ​បរទេស គឺ​ពឹង​ផ្អែកលើ​ធនធានមនុស្ស​ដែល​អាច​រកបាន​។ កម្ពុជា​គឺជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ត្រូវការ​ចាំបាច់​បំផុត​នូវ​ធនធានមនុស្ស​កាន់​តែ​ច្រើន​បន្ថែមទៀត​។ ជាមួយនឹង​វិនិយោគ​បរទេស អនាគត​របស់​ប្រទេស​នេះ​មាន​សក្ដានុពល​ខ្លាំង ប្រសិនបើ​ខ្លួន​អាច​សម្រប​ទៅតាម​បដិវត្តន៍​ឧស្សាហកម្ម​ទាំងឡាយ​។

នាពេល​កន្លងមក ពិភពលោក​​បាន​ឆ្លងកាត់​ដំណាក់កាល​បដិវត្តន៍​ឧស្សាហកម្ម​ជាច្រើន​ដូចជា​៖

• បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​ ១ បានចាប់ផ្ដើម​ឡើង​ជាមួយ​នឹង​ការបង្កើត​នូវ​ម៉ាស៊ីន​ប្រើ​ចំហាយទឹក ដែល​គេ​ប្រើប្រាស់​ទៅលើ​ការផលិត​ផលិតផល​ជាច្រើន​នៅតាម​រោងចក្រ​។

• បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​ ២ គឺជា​របកគំហើញ​ថ្មី​ផ្នែក​ឧស្សាហកម្ម​នៅក្នុង​ផលិតកម្ម​ដែលមាន​បរិមាណ​ធំៗ ជាមួយនឹង​ការ​ប្រើប្រាស់​អគ្គិសនី ឥន្ធនៈ និង​ការផលិត​ដែកថែប​កម្រិត​ខ្ពស់​។

• បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី ​៣ គឺជា​ការចាប់ផ្ដើម​នៃ​យុគ​ឌីជីថល​ដែលជា​សម័យកាល​មួយ​ដែល​គេ​ចាប់ផ្ដើម​ប្រើប្រាស់​កុំព្យូទ័រ អ៊ីនធឺណិត និង​បណ្ដាញ​ទូរស័ព្ទ​ចល័ត​។

• បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​ ៤ គឺជា​អនុផល​នៃ​បច្ចេកវិទ្យា​ជំនាន់​ទី​ ៣ ដែលជា​ការធ្វើ​ស្វ័យប្រវត្តិកម្ម​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ និង​មនុស្ស​យន្ត ដើម្បី​បំពេញ​ទៅតាម​សេចក្ដីត្រូវការ​ជា​បុគ្គល​។

ប្រព័ន្ធ​អប់រំ​ជា​ប្រពៃណី​ផលិត​នូវ​ជំនាញ​ និង​ចំណេះដឹង​ដែល​ប្រព័ន្ធ​​នោះ​រំពឹង​ចង់ឱ្យ​អ្នកសម្រេច​ឱ្យបាន​។ ការអប់រំ​ប្រភេទ​នេះ​បង្កើតបាន​នូវ​ធនធាន​មនុស្ស​ទូទៅ​ធម្មតា ដែល​មិនមាន​សមត្ថភាព​សម្រប​ខ្លួន​ទៅតាម​បដិវត្តន៍​ឧស្សាហកម្ម​បន្ទាប់​នាពេលខាងមុខ​នោះឡើយ ដូចជា​មនុស្ស​យន្ត​ដែល​គេ​បញ្ជា​ដោយ​កម្មវិធី​កុំព្យូទ័រ និង​ការប្រើប្រាស់ AI នៅក្នុង​វិស័យ​ធ្វើដំណើរ ផលិតកម្ម និង​ការដឹកជញ្ជូន​ទំនិញ ជាដើម​។

ចំណេះធ្វើ​ផ្នែក​ឌីជីថល​នឹងមាន​សារៈសំខាន់​កាន់តែខ្លាំង ពីព្រោះ​ពិភពលោក​នឹង​ប្រែប្រួល​។ បច្ចេកវិទ្យា គឺជា​សសរស្ដម្ភ​នៅក្នុង​ការកំណត់​អនាគត​។ ភាព​ប្រឈម ​គឺ​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល​របស់​សិស្ស​និស្សិត ដើម្បីឱ្យ​ពួកគេ​អាច​ប្រើប្រាស់​ជំនាញ​ឌីជីថល​ទាំងនេះ​បាន​នៅពេលដែល​ពួកគេ​ចូលក្នុង​កម្លាំង​ពលកម្ម​។

SIS Cambodia ជា​ប្រព័ន្ធ​ដែល​ធ្វើ​ឌីជីថលូបនីយកម្ម​ការអប់រំ​សម្រាប់​សាលារៀន​ទាំងអស់​នៅ​កម្ពុជា​។ កម្មវិធី​នេះ​មានបំណង​ប្រែក្លាយ​សាលារៀន​បែប​ប្រពៃណី​ឱ្យទៅជា​កម្មវិធី​អនឡាញ​ដ៏ទំនើប​ទាន់សម័យ​។

នៅក្នុង​ដំណាក់កាល​ដំបូងៗ កម្មវិធី​នេះ​ផ្ដោតទៅលើ​វិស័យ​បច្ចេកវិទ្យា​ចំនួន ​៥​ គឺ ទី​ ១ ព័ត៌មាន​ និង​ទិន្នន័យ​, ទី​ ២ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​, ទី​ ៣ ការបង្កើត​មាតិកា​, ទី​ ៤ ការការពារ និង​សន្តិសុខ និង​ទី ​៥ គឺ​បរិយាកាស​ឌីជីថល​។

ជាមួយ​នឹង​អំណះអំណាង​ដូច​បាន​រៀបរាប់​ទាំងនេះ ឥឡូវនេះ​ជា​ពេលវេលា​ដ៏សំខាន់​ក្នុង​ការងាក​មក​ណែនាំ​បច្ចេកវិទ្យា​ឌីជីថល​ដល់​សិស្សានុសិស្ស​ក្នុង​លក្ខណៈ​មួយ​ដែល​ងាយស្រួល​ប្រើ​ជាទីបំផុត​ និង​មិន​ធ្វើឱ្យ​សិស្ស​ភ័យខ្លាច​។ ជាមួយនឹង​ការអប់រំ​បែប​ឌីជីថល និង​ SIS Cambodia សិស្សានុសិស្ស​គ្រប់រូប​អាច​សម្រេច​ក្ដីសុបិន​របស់​ពួកគេ​តាម​អនឡាញ​បាន​។

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន មិត្តហ្វូន ដើម្បី​ធ្វើ​ឌីជីថលូបនីយកម្ម​ការអប់រំ និង​ជំរុញ​សាលារៀន​ទាំងអស់​ឱ្យ​ងាក​មករក​ប្រព័ន្ធ​អនឡាញ​។

មិត្តហ្វូន​បាន​ចែកចាយ​ស៊ីមកាត​ដែល​អាច​ប្រើ​អ៊ីនធឺណិត​ដោយ​មិន​គិតថ្លៃ ហើយ​កម្មវិធី SIS Cambodia អាច​ដោនឡូត​ចូល​ទូរស័ព្ទដៃ​បាន​យ៉ាង​ងាយស្រួល​ជាទីបំផុត បន្ទាប់មក​កម្មវិធីសិក្សា​របស់​សាលា​នឹងត្រូវ​ដាក់បញ្ចូល​នៅក្នុង​កម្មវិធី​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​ការចំណាយ​របស់​សិស្សានុសិស្ស​មក​​ពី​គ្រួសារ​ដែលមាន​ជីវភាព​មិនសូវ​ធូរធារ​៕