ភ្នំពេញៈ ក្រុមហ៊ុន ជីន យូតាំង (ខេមបូឌា) ​ហ្វីសឺរី ឯ.ក មាន​ផែនការ​វិនិយោគ​លើ​គម្រោង​វារីវប្បកម្ម​តាមបែប​ចិញ្ចឹម​ត្រី​សមុទ្រ​ក្នុង​បែ នៅ​ជិត​កោះ​ដែក​គោល និង​កោះ​ថាស​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​ទិន្នផល​នៃ​ការផលិត​ត្រី​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។

ក្នុងជំនួប​ជាមួយ​តំណាង​ក្រុមហ៊ុន ជីន យូ តាំង កាលពី​ថ្ងៃទី​ ១១ ខែមករា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​លើកឡើងថា ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​វិស័យ​ជលផល​នៅ​កម្ពុជា ជាពិសេស​បាន​ចូលរួម​បង្កើត​ការងារ​ជូន​ប្រជាជន​បង្កើន​ផល​ត្រី​សមុទ្រ​ធម្មជាតិ និង​ផល​ត្រី​ចិញ្ចឹម​នៅ​កម្ពុជា​។

ជាមួយ​គ្នានេះ​លោក​ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​រៀបចំ​ឯកសារ​វាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ព្រមទាំង​ធ្វើការ​ស្នើសុំ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាមុន ទើប​ក្រសួងកសិកម្ម​អាច​ចុះ​កិច្ចព្រមព្រៀង​លើ​ការអនុវត្ត​គម្រោង​នេះ​ជាមួយ​ក្រុមហ៊ុន​បាន​។

លោក វេង សាខុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១១ ខែមករា ថា ដើម្បី​អាច​វិនិយោគ​បាន​ក្រុមហ៊ុន​ត្រូវតែ​គោរព​តាមច្បាប់​របស់​កម្ពុជា ព្រោះ​នៅពេល​មានការ​វិនិយោគ​បែបនេះ​គឺ​ត្រូវតែ​ឆ្លងកាត់​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ការឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។ លោក​ពន្យល់ថា ក្នុងការ​អនុម័ត គម្រោង​នីមួយៗ​គឺ​ត្រូវមាន​ក្រសួង​ពាក់ព័ន្ធ​ដែល​ត្រូវ​ឆ្លើយបំភ្លឺ ដូច្នេះ​ជាបឋម​គឺ​ក្រសួង​បាន​ឯកភាព​ជាគោលការណ៍​តែប៉ុណ្ណោះ និង​ស្នើឱ្យ​ក្រុមហ៊ុន​ត្រូវ​ទៅ​បំពេញបែបបទ​ដោយ​ធ្វើ​របាយការណ៍​ពី​ផលប៉ះពាល់​នៃ​ការចិញ្ចឹម​ទៅកាន់​ក្រសួងបរិស្ថាន ខណៈ​បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​បានទទួល និង​បាន​កែលម្អ​រួចហើយ​។

បើតាម​លោក វេង សាខុន នៅ​ប្រទេស​កម្ពុជា​មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​វិនិយោគ​លើ​ការចិញ្ចឹម​ត្រី​ក្នុង​លម្ហ​សមុទ្រ​នៅឡើយ​ទេ ដោយ​ទើប​តែមាន​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ​ប៉ុណ្ណោះ ខណៈ​កន្លងមក​ក៏មាន​សហគមន៍​នេសាទ​មួយចំនួន​ធ្វើការ​ចិញ្ចឹម​ត្រី​នៅតាម​ជ្រលង​ព្រែក​សមុទ្រ និង​នៅជាប់​មាត់សមុទ្រ រីឯ​ការចិញ្ចឹម​នៅ​លម្ហ​សមុទ្រ​គឺ​មិនមាន​ទេ​។

លោក​ថ្លែងថា​៖ «​ទាក់ទង​នឹង​ក្រុមហ៊ុន​វិនិយោគ គឺ​ក្រសួង​ទើបតែ​ទទួលបាន​សំណើ​មួយ​នេះ​។ ខ្ញុំ​គិតថា អ្នកវិនិយោគ​មិនសូវ​ចាប់អារម្មណ៍​លើ​ការវិនិយោគ​វារីវប្បកម្ម​សមុទ្រ​នៅ​កម្ពុជា​ទេ ប៉ុន្តែ​នៅ​បណ្តា​ប្រទេស​មួយចំនួន​ការវិនិយោគ​បែបនេះ​គឺមាន​ច្រើន​។ ការណ៍​នេះ​ជា​ចំណុច​ពិសេស​ដែល​ត្រូវ​គិតគូរ​ដើម្បី​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​ពេលអនាគត​»​។

លោកស្រី ជេស៊ីកា តំណាង​ក្រុមហ៊ុន ជីន យូ តាំង បានឱ្យដឹងថា គម្រោង​របស់​ក្រុមហ៊ុន​គឺមាន​ទីតាំងនៅ​ជិត​តំបន់​កោះដែកគោល និង​កោះ​ថាស​។ ក្នុង​ដំណាក់កាល​ទី​ ១ នៃ​ផែនការ​គឺ​នឹង​វិនិយោគ​លើ​ផ្ទៃ​ទឹក​ចំនួន ១ ៩៨៤ ​ហិកតា​។

លោកស្រី​បន្តថា បន្ទាប់ពី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង និង​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០១៧ និង​ទទួលបាន​ការណែនាំ​ពី​លោក​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ ក្រុមហ៊ុន​បានធ្វើការ​ពិនិត្យ និង​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​លើ​ការសិក្សា​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕ LA