ភ្នំពេញៈ អគ្គនាយក​ធានារ៉ាប់រង​កម្ពុជា លោក ប៊ូ ច័ន្ទភីរូ បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្នុងស្រុក​សហការ​គ្នា​ក្នុង​ការធ្វើ​អាជីវកម្ម​ ប៊េងកាសូរេន (Bankassurance) ​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​ឱ្យមាន​កំណើន​បន្ថែមទៀត ខណៈដែល​វិភាគទាន​ដល់​សេដ្ឋកិច្ច​កម្ពុជា និង​ការប្រើប្រាស់​ធានារ៉ាប់រង​ជា​ដង់ស៊ីតេ​ធានា​រ៉ាប់រង​មាន​កម្រិត​ទាប​នៅឡើយ​។

ការលើកឡើង​របស់លោក ប៊ូ ច័ន្ទភីរូ បានធ្វើ​ឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA និង​ធនាគារ​ព្រីនស៍​លើ​អាជីវកម្ម​ប៊េងកាសូរេន កាលពី​ថ្ងៃទី ​១២ ខែមករា ឆ្នាំ​ ២០២២​។ លោក​បាន​លើកឡើងថា ទីផ្សារ​ធានា​រ៉ាប់​រ៉ង​នៅ​កម្ពុជា​បាន​រីកចម្រើន​ឆាប់រហ័ស​ជាមួយនឹង​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ ២៥ ​ភាគរយ​។ បើទោះបីជា​សកលលោក​រង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ ក៏​បុព្វលាភ​ធានា​រ៉ាប់រ៉ង​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ នៅ​បន្ត​កើនឡើង​រហូតដល់ ២៧០ ​លាន​ដុល្លារ​ដែលមាន​កំណើន​ប្រមាណ ៨​ ភាគរយ និង​កើន​ដល់​ប្រមាណ ៣០០ ​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ​២០២១​។

លោក​បន្តទៀតថា ថ្មីៗ​នេះ​និយតករ​ធានារ៉ាប់រង​នៃ​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ឆ្នាំ​ ២០២១-២០៣០ ដើម្បី​ដាក់ចេញ​ជា​ផែនទី​ចង្អុល​ផ្លូវ​ជាមួយ​នឹង​ផែនការ​សកម្មភាព​ការងារ​របស់​និយតករ​ធានា​រ៉ាប់រង​កម្ពុជា​សម្រាប់​រយៈពេល​ខ្លី​រយៈពេល​មធ្យម និង​រយៈពេល​វែង​។

លោក​បាន​បន្តថា ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី​ឆ្នាំ​ ២០២១-២០២៣ ប្រព័ន្ធ​ចែកចាយ​ធានារ៉ាប់រង​ត្រូវបាន​យកចិត្ត​ទុកដាក់​ខ្ពស់ ពិសេស​ជំរុញ​ការលក់​ផលិតផល​តាមរយៈ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​គេ​ហៅថា​ប៊ែងខាស៊ួរិន​។

លោក ច័ន្ទភីរូ ថ្លែងថា​៖ «​ជាក់ស្តែង​ថ្ងៃនេះ​ក្រុមហ៊ុន​ AIA (Cambodia Life Insurance និង Prince Bank បាន​ចាប់​ដៃគូ​គ្នា​ជំរុញ​ការលក់​ផលិតផល​ធានារ៉ាប់រង​ឱ្យ​កាន់តែ​ធំ​ទូលាយ​នៅក្នុង​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា​ដ៏មាន​សក្តានុពល​មួយ​នេះ​»​។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ក្នុង​កម្មវិធី​ចុះហត្ថលេខា​នោះ​ថា វិស័យ​ធានារ៉ាប់រង​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ដល់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ ២០១៦-២០២៥ និង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ ២០១៩-២០២៥​។ ជាមួយគ្នានេះ​កាលពី​ថ្ងៃទី​ ៣០ មីនា ឆ្នាំ​ ២០២១ ធនាគារជាតិ​បានចេញ​នូវ​សេចក្តី​ប្រកាស​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​ការធ្វើ​ហិរញ្ញវត្ថុ​ប៊ែងអ៊ិនសួរិន​ក្នុង​គោលបំណង​កំណត់​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​សម្រាប់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ ដើម្បី​ចូលរួម​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

លោក​បន្ថែមថា​៖ «​ការអនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ប្រកប​អាជីវកម្ម ប៊េងកាសូរេន នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​គ្រប់ភាគី​ចូលរួម​ដែលមាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​អាចបង្កើត​ទំនាក់ទំនង​ជាមួយ​អតិថិជន​បន្ថែម ការធ្វើ​ពិពិធកម្ម​ផលិតផល​ និង​សេវាកម្ម​ទទួលបាន​សោហ៊ុយ​បន្ថែម និង​ពង្រីក​ប្រភព​មូលនិធិ និង​ហិរញ្ញប្បទាន​ដល់​ប្រតិបត្តិការ​របស់ខ្លួន​។ ចំណែក​អតិថិជន​ក៏​អាច​កាត់បន្ថយ​ការចំណាយ​លើ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ប្រកបដោយ​គុណភាព និង​តម្លៃ​សមស្រប​»​។

បើតាម​លោក ច័ន្ទភីរូ ចំនួន​ក្រុមហ៊ុន​ធានារ៉ាប់រង​បាន​កើន​ដល់​ ៤០ ​នាពេល​បច្ចុប្បន្ន​ជាមួយ​នឹង​ភ្នាក់ងារ​ធានា​រ៉ាប់រង​ជា​ធនាគារ​ចំនួន ២៧ ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្នុង​ការលក់​ផលិតផល​ធានារ៉ាប់រង​ដែល​យើង​ហៅថា ប៊ែងកាស៊ួរិន​។

លោក​បញ្ជាក់ថា​៖ «​យ៉ាងណាមិញ​ក្នុង​ឆ្នាំ ​២០២២ ​នេះ វិស័យ​ធានារ៉ាប់រង​បានរួម​វិភាគទាន​ដល់​សេដ្ឋកិច្ចកម្ពុជា (Insurance Penetration Rate) ​ជា​អត្រា​តែ ១,០៤ ​ភាគរយ​ប៉ុណ្ណោះ ហើយ​ការប្រើប្រាស់​ធានារ៉ាប់រង​ជា​ដង់ស៊ីតេ​ធានារ៉ាប់រង (Insurance Density) តែ​ ១៧,២៦ ​ដុល្លារ​សម្រាប់​មនុស្ស​ ១ ​នាក់​ដែល​នេះ​បញ្ជាក់ថា​ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា​នៅមាន​សក្តានុពល​ធំធេង​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​។ ជាការ​ឆ្លើយតប​រាជរដ្ឋាភិបាល​បាន​បង្កើត​និយតករ​ធានារ៉ាប់រង​កម្ពុជា​ជា​ស្ថាប័ន​ថ្មី​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ចុះ​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ​ ២០២១»៕