ការកើនឡើង​ទិន្នផល​សញ្ញាបណ្ណ​បាន និង​កំពុង​ទាញ​ការចាប់អារម្មណ៍​ពី​អ្នក​ជួញដូរ​ចេញពី​ការទិញ​មាស ដែលជា​លោហធាតុ​មានតម្លៃ​សំខាន់​ធៀប​ទៅនឹង​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក ខណៈពេល​ដែល​ទិសដៅ​កើនឡើង​នៅតែ​អាច​កើតមាន បើ​ផ្អែក​ទៅតាម​ការវិភាគ​ផ្នែក​បច្ចេកទេស​។

Kitco News បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា គិត​ត្រឹម​សប្តាហ៍​ទី​ ២ ​នៃ​ឆ្នាំ​ ២០២២ តម្លៃ​មាស​បាន​កំពុង​ជួប​ឧបសគ្គ​ធំៗ​ ២ គឺ​ការកើនឡើង​ទិន្នផល​រតនាគារ​សហរដ្ឋ​អាមេរិក និង​ការ​រឹតបន្តឹង​គោលនយោបាយ​ចាក់​បញ្ចូល​សាច់ប្រាក់​ទៅក្នុង​ទីផ្សារ​របស់​ធនាគារកណ្ដាល​សហរដ្ឋអាមេរិក​។ ក្នុងការ​ឆ្លើយតប​ទៅនឹង​ទំនោរ​ខ្ពស់​នៃ​ការដំឡើង​អត្រា​ការប្រាក់ ទិន្នផល​សញ្ញាបណ្ណ​បាន​កើន​ឡើង​ដល់​កម្រិត​កំពូល​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ និង​កំពុង​បន្ថែម​សម្ពាធ​ទៅលើ​តម្លៃ​មាស​។ ការកើនឡើង​ទិន្នផល​សញ្ញាបណ្ណ​រដ្ឋាភិបាល​បានធ្វើឱ្យ​តម្លៃ​មាស​ធ្លាក់ចុះ​ពី ១ ៨៣០ ទៅ ១ ៧៨២ ​ដុល្លារ​ក្នុង ១ ​អោនស៍ កាលពី​ថ្ងៃ​ចន្ទ ដោយ​បង្កើតបាន​តម្លៃ​មធ្យម​ត្រឹម ១ ៨០០ ​ដុល្លារ​។

តាម​លក្ខណៈ​បច្ចេកទេស​វិញ តម្លៃ​មាស​នៅតែ​ប្រែប្រួល​ប្រចាំ​សប្តាហ៍​ក្នុង​ចន្លោះ​ពី ១ ៧៦២ ទៅ ១ ៨៣០ ​ដុល្លារ​ក្នុង ១ ​អោនស៍ ដែល​បង្ហាញថា​ទីផ្សារ​មិនទាន់​បំបែក​ទៅរក​ទំនោរ​មួយណា​នៅឡើយ​ទេ​។ នៅក្នុង​តារាង​តម្លៃ​ប្រចាំថ្ងៃ​វិញ តម្លៃ​មាស​ក៏​នៅ​មិនទាន់​បង្ហាញ​ទំនោរ​ឡើង ឬ​ចុះ​ដែរ ប៉ុន្ដែ​ទម្រង់ Symmetric Triangle កាន់តែ​តូច​ជាង​មុន ដែល​រង់ចាំ​ការ​បំបែកចេញ ដែល​មានន័យថា​ទីផ្សារ​អាច​បំបែក​ទៅ​របារ​តម្លៃ​តម្លៃ​ទាប ឬ​របារ​តម្លៃ​ខ្ពស់​។

ដូច្នេះ​សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ អ្នកជួញដូរ​អាច​ពិចារណា​លក់​មាស​ក្នុងតម្លៃ ១ ៨២០ ​ដុល្លារ ដោយ​កំណត់​មុខងារ​កាត់​យកប្រាក់​ចំណេញ​នៅ​តម្លៃ ១ ៨០២ ដុល្លារ និង​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ១ ៨៣១ ​ដុល្លារ ឬ​រង់ចាំ​ទិញ​នៅ​តម្លៃ ១ ៨០០ ​ដុល្លារ (Psychological Support) ​ដោយ​កំណត់​តម្លៃ ១ ៨២៣ ​ដុល្លារ សម្រាប់​ការកាត់​យកប្រាក់​ចំណេញ និង​តម្លៃ ១ ៧៨៥ ដុល្លារ សម្រាប់​ការការពារ​ហានិភ័យ​៕