ភ្នំពេញៈ អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​វារីវប្បកម្ម សមាគម​អ្នក​ចិញ្ចឹមសត្វ និង​សិប្បករ​បាន​សាទរ​ចំពោះ​ការប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បានចាត់ទុក​អាករ​លើ​តម្លៃបន្ថែម​សម្រាប់​មុខទំនិញ​មួយចំនួន​ដែលជា​ «​អាហារ​ជា​មូលដ្ឋាន​» ​សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ គឺជា​បន្ទុក​របស់​រដ្ឋ ដោយ​រំពឹងថា​នឹង​អាច​កាត់បន្ថយ​ការចំណាយ និង​ជំរុញ​ឱ្យ​ផលិតផល​ក្នុងស្រុក​មានលទ្ធភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​កាន់តែច្រើន​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​ប្រកាស​ស្តីពី​ការ​ចាត់ជា​បន្ទុក​របស់​រដ្ឋ​នូវ​អាករ​លើ​តម្លៃបន្ថែម​លើ​មុខទំនិញ​ដែលជា​អាហារ​ជា​មូលដ្ឋាន​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​ ១១ ខែមករា ឆ្នាំ​ ២០២២​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច មុខទំនិញ​មួយចំនួន​ដែលជា​អាហារ​ជា​មូលដ្ឋាន​ត្រូវ​បាន​កំណត់​ជា​បន្ទុក​របស់​រដ្ឋ​នូវ​អាករ​លើ​តម្លៃបន្ថែម រួមមាន សាច់សត្វ​ចិញ្ចឹម​មាន​ជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបី​មាន​លក្ខណៈ​ជា​សាច់​ស្រស់ ឬ​កែច្នៃ​តាម​វិធី​ប្រឡាក់ ឬ​ឆ្អើរ​, ស៊ុត​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ​, ត្រី​ទឹកសាប និង​ទឹកប្រៃ​គ្រប់​ប្រភេទ​​រួមទាំង បង្កង បង្គា កំពឹស ក្ដាម និង​សិប្បីជាតិ​គ្រប់​ប្រភេទ​, ស្ករ​គ្រប់​ប្រភេទ ដែល​មិនមាន​លក្ខណៈ​ជា​ស្ករ​គ្រាប់​, អំបិល​គ្រប់​ប្រភេទ​, ទឹកត្រី និង​ទឹក​ស៊ីអ៊ីវ​គ្រប់​ប្រភេទ​។

លោក ចាន់ ស៊ីថា អគ្គនាយក​ក្រុមហ៊ុន​ផលិត​ទឹកត្រី​អ៊ីឆេ ង៉ូវហេង កំពត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការចាត់ទុក​អាករ​លើ​តម្លៃបន្ថែម​សម្រាប់​មុខទំនិញ​មួយចំនួន​ជា​បន្ទុក​របស់​រដ្ឋ ដែល​ក្នុងនោះ​រួមមាន​ទឹកត្រី ទឹក​ស៊ីអ៊ីវ ផង​នោះ គឺជា​ការជួយ​កាត់បន្ថយ​ការចំណាយ​បាន​មួយចំនួន​របស់​អ្នក​បរិភោគ ថែមទាំង​ជំរុញ​ឱ្យ​សិប្បកម្ម​ក្នុងស្រុក​មានលទ្ធភាព​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​។

លោក​បញ្ជាក់ថា​៖ «​សព្វថ្ងៃនេះ ការ​ចំណាយ​ថ្លៃដើម​លើ​ការផលិត​ទឹកត្រី និង​ទឹក​ស៊ីអ៊ីវ​បាន​កើនឡើង ដោយសារ​វត្ថុធាតុដើម​ផលិត​ចាប់ផ្តើម​ខ្សត់ និង​សម្បក​វេច​ខ្ចប់​មាន​ការឡើងថ្លៃ ខណៈ​តម្លៃ​ត្រូវ​ដាក់លក់​គឺមាន​ការប្រកួត​ប្រជែង​ខ្លាំង​ជាមួយ​ផលិតផល​នាំចូល​ថែមទៀត ដូចនេះ​ការអនុគ្រោះ​អាករ​លើ​តម្លៃ​បន្ថែមនឹង​ជួយ​សម្រួល​ដល់​ការផលិត​របស់​សិប្បកម្ម​បាន​ ១ ​កម្រិត ព្រមទាំង​ជំរុញ​ដល់​ការបង្កើន​ផលិតភាព​ចំពោះ​ផលិតផល​ទឹកត្រី​នេះ​»​។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុន ពៅ បាន​ចាត់ទុក​ការអនុគ្រោះ​របស់​រដ្ឋ​ចំពោះ​ផលិតផល​សាច់សត្វ គឺជា​ការជួយ​សម្រាល​ការចំណាយ​បាន ​១ ​ផ្នែក​ដល់​អ្នក​ចិញ្ចឹម និង​អ្នក​ទទួលទាន​។

លោក​បាន​ប្រាប់ថា ចំពោះ​អាករ​លើ​តម្លៃបន្ថែម​នេះ​នៅ​ប្រទេសជិតខាង​គេ​មិន​តម្រូវឱ្យ​បង់​ទេ ប៉ុន្តែ​សម្រាប់​កម្ពុជា​រយៈពេល​ជាង ១០ ​ឆ្នាំ​មកហើយ​ដែល​ក្រសួង​សេដ្ឋកិច្ច បានសម្រេច​ផ្តល់​ការអនុគ្រោះ​ចំពោះ​អាករ​លើ​តម្លៃបន្ថែម ១០ ​ភាគរយ​នេះ ព្រោះ​នៅ​រៀងរាល់ ២​ ឆ្នាំ​ម្តង សមាគម​តែងតែ​ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​បន្ត​ការលើកលែង​អាករ​លើ​តម្លៃបន្ថែម​នេះ ព្រោះ​បើ​មិន​ដូច្នេះ​ទេ អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​នឹង​ជួប​បញ្ហា​ខ្លាំង​ចំពោះ​ការចំណាយ​ថ្លៃដើម​ច្រើន ដែលនាំឱ្យ​សាច់សត្វ​នៅ​ទីផ្សារ​ឡើងថ្លៃ​ទៅតាម​ហ្នឹង​ដែរ​។

លោក​អះអាងថា​៖ «​នៅ​រៀងរាល់​ ២ ឆ្នាំ នៅ​ខែធ្នូ សមាគម​តែង​ធ្វើការ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ឱ្យ​លើកលែង​ចំពោះ​អាករ​លើ​តម្លៃបន្ថែម​នេះ ដោយ​ការលើកលែង​នេះ បាន​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក ជាពិសេស​មាន់ ដែល​កំពុងតែ​មានការ​ចុះថ្លៃ​យ៉ាងខ្លាំង​»​។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា​បាន​ប្រាប់ថា កន្លងមក​ត្រី​ទឹកសាប​ក៏ត្រូវ​បង់អាករ​លើ​តម្លៃបន្ថែម ១០ ​ភាគរយ​នេះដែរ ដូច្នេះ​ការសម្រេច​របស់​រដ្ឋ​នឹង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​អ្នក​ចិញ្ចឹម​។

លោក រ៉ាដែន បាន​បញ្ជាក់ថា​៖ «​ការចំណេញ​នេះ គឺ​មិន​ត្រឹមតែ​អ្នក​ចិញ្ចឹម​នោះទេ តែ​អ្នក​ទទួលទាន​ក៏បាន​អត្ថប្រយោជន៍​ពី​ការលើកលែង​នេះដែរ ជាពិសេស​ក្នុងអំឡុង​វិបត្តិ​កូវីដ​ ១៩»​។

ការកំណត់​អាករ​លើ​តម្លៃបន្ថែម​ជា​បន្ទុក​របស់​រដ្ឋ​ត្រូវបាន​កំណត់​ជា​បន្ទុក​របស់​រដ្ឋ​នូវ​អាករ​លើ​តម្លៃបន្ថែម​លើ​ការផ្គត់ផ្គង់​ក្នុងស្រុក​នូវ​អាហារ​ជា​មូលដ្ឋាន គឺ​សម្រាប់​រយៈពេល​ ២​ ឆ្នាំ​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ ដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៣​។ ការចាត់​ទុកជា​បន្ទុក​របស់​រដ្ឋ​នូវ​អាករ​លើ​តម្លៃបន្ថែម មិន​រាប់បញ្ចូល​ការផ្គត់ផ្គង់​ម្ហូបអាហារ​ដោយ​ភោជនីយដ្ឋាន​ឡើយ​៕ LA