
កម្ពុជារង់ចាំចម្លើយពីភាគីចិន សម្រាប់ទីផ្សារនាំចេញផ្លែមៀនកម្ពុជាជាផ្លូវការទៅកាន់ប្រទេសចិន។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រសួងកសិកម្មកំពុងរង់ចាំចម្លើយពីរដ្ឋបាលគយចិន ដើម្បីឈានទៅចុះហត្ថលេខាលើពិធីសារបើកផ្លូវសម្រាប់ការនាំចេញផ្លែមៀនកម្ពុជាជាផ្លូវការទៅកាន់ប្រទេសចិន ក្រោយពេលរដ្ឋបាលគយចិនបានធ្វើការវិភាគទៅលើហានិភ័យ និងត្រួតពិនិត្យផ្លែមៀនកម្ពុជា តាមរយៈវីដេអូ ខណៈតំណាងស្ថានទូតចិន និងមន្ត្រីក្រសួងកសិកម្មកម្ពុជាបានចុះទៅពិនិត្យចម្ការផ្លែមៀនចំនួន ៣ កន្លែងក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង និងរោងចក្រវេចខ្ចប់ចំនួន ២ កន្លែងក្នុងខេត្តប៉ៃលិន និងខេត្តកំពង់ស្ពឺកាលពីសប្តាហ៍ទី ១ នៃខែមករានេះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែមករា ថា រដ្ឋបាលគយចិនបានធ្វើការវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀនកម្ពុជាតាមរយៈវីដេអូកាលពីសប្តាហ៍មុនរួចហើយ ដោយពេលនេះក្រសួងកសិកម្ម កំពុងរង់ចាំការឆ្លើយតបពីអគ្គរដ្ឋបាលគយចិនក្នុងការចុះហត្ថលេខាលើពិធីសារដើម្បីអនុញ្ញាតឱ្យផ្លែមៀនកម្ពុជាអាចនាំចេញទៅប្រទេសចិនជាផ្លូវការ។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីការចុះហត្ថលេខាលើពិធីសារ ក្រុមហ៊ុននឹងត្រូវបន្តបញ្ចប់ការសាងសង់ឃ្លាំងត្រជាក់ឱ្យរួចរាល់ទើបអាចនាំចេញបាន»។
លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតកម្មកសិកម្មនៃមន្ទីរកសិកម្មខេត្តបាត់ដំបងដែលបានចូលរួមជាមួយតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីតំណាងក្រសួងចុះត្រួតពិនិត្យនៅចម្ការមៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបងបាននិយាយថា ការចុះត្រួតពិនិត្យនៅទីតាំងចម្ការមៀនប៉ៃលិននោះ គឺដើម្បីត្រួតពិនិត្យពីលក្ខណៈបច្ចេកទេស ជាពិសេសពាក់ព័ន្ធនឹងលក្ខខណ្ឌភូតគាមអនាម័យ ដែលភាគីចិនបានកំណត់។
លោកប្រាប់ថា៖ «ការវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀនកម្ពុជាតាមរយៈវីដេអូនោះ គឺរដ្ឋបាលគយចិនបានពិនិត្យទៅលើ ដើម មែក និងផ្លែរបស់មៀន បន្ទាប់មកតំណាងស្ថានទូតបានធ្វើរបាយការណ៍ ដើម្បីបញ្ជូនទៅខាងគយនៅប្រទេសចិនពិនិត្យបន្ត ដោយមិនទាន់ទទួលលទ្ធផលនោះទេ ខណៈដែលបច្ចុប្បន្នខាងមន្ទីរកសិកម្មខេត្តកំពុងរៀបចំឯកសារបន្ថែមទៀតលើការងារនេះ»។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនឱ្យដឹងថា ការវិភាគហានិភ័យ និងត្រួតពិនិត្យរបស់ភាគីចិនមានលក្ខណៈហ្មត់ចត់ និងច្បាស់លាស់ណាស់ មុននឹងអនុញ្ញាតឱ្យនាំចេញទៅប្រទេសគេ។
លោក សុផាត លើកឡើងថា ខាងរដ្ឋបាលគយចិន មិនទាន់បានឆ្លើយតបមកវិញពីចំណុច ដែលត្រូវកែលម្អទេ ដោយនៅពេលនេះត្រូវរង់ចាំលទ្ធផលដែលតំណាងភាគីចិនបានយកទៅត្រួតពិនិត្យសិន។
លោកឱ្យដឹងថា៖ «កសិករដាំដុះមៀននៅខេត្តប៉ៃលិន មិនទាន់យល់ដឹងពីអត្ថប្រយោជន៍នៃការអនុវត្តកសិកម្មល្អ (GAP) នៅឡើយទេ។ ជាបណ្តើរៗកសិករដែលធ្លាប់ដាំដំណាំផ្សេងៗបានងាកមកដាំមៀនប៉ៃលិនវិញ ដោយសារតែការរំពឹងទុកពីទីផ្សារចិន និងមិនចាំបាច់ពឹងផ្អែកតែលើទីផ្សារប្រទេសថៃនោះទេ»។
បើតាមប្រធានមន្ទីរកសិកម្មរូបនេះ ផ្ទៃដីដាំដុះដំណាំមៀនក្នុងខេត្តប៉ៃលិនមានជិត ៤ ពាន់ហិកតា ខណៈខេត្តបាត់ដំបងមានជិត ៧ ពាន់ហិកតា។
ប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បាននិយាយថា បើសិនជាវាយតម្លៃវិភាគហានិភ័យមៀនប៉ៃលិននេះទទួលបានជោគជ័យខាងសហគមន៍នឹងបន្តផ្សព្វផ្សាយឱ្យកសិករខិតខំប្រឹងប្រែងបន្តការដាំដុះ និងថែទាំធ្វើយ៉ាងណាដើម្បីឱ្យស្របតាមស្តង់ដារបស់ប្រទេសចិនចង់បាន។
លោកបន្ថែមថា ក្នុងចំណោមកសិករជាង ២ ពាន់គ្រួសារនៅខេត្តប៉ៃលិន មានតែប្រមាណ ៣០ ភាគរយប៉ុណ្ណោះដែលដាំដុះតាមរយៈកម្មវិធីអនុវត្តកសិកម្មល្អ (GAP) ក្រៅពីនេះការដាំដុះមិនទាន់បានត្រឹមត្រូវតាមស្តង់ដានៅឡើយទេ។
លោកលើកឡើងថា៖ «យើងបានត្រៀមរួចហើយ ដោយនៅពេលនេះមានកសិករខ្លះចាប់ផ្តើមពង្រីកផ្ទៃដីដាំដុះបន្ថែម។ សហគមន៍កំពុងចងក្រងកសិករឱ្យចូលជាសមាជិកដើម្បី ងាយស្រួលគ្រប់គ្រង និងផ្តល់ព័ត៌មានជុំវិញទីផ្សារ»៕ LA