ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យដឹងថា ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ ២០២១ ការនាំចេញ​អង្ករ​ផ្លូវការ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស​ថយ​ចុះ​ប្រមាណ​ជាង ១០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ខណៈ​ការនាំចេញ​ស្រូវ​វិញ បាន​កើនឡើង​ជាង ៦០ ​ភាគរយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​កសិកម្ម កាលពី​ថ្ងៃទី​ ១១ ខែមករា បាន​ឱ្យដឹងថា នៅ​ឆ្នាំ​ ២០២១ ការប្រមូល​ផល​ស្រូវ​នៅ​កម្ពុជា​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ហើយ ដោយ​ទទួល​បាន​ផល​ស្រូវ​ប្រមាណ​ជាង ១២,២១ ​លាន​តោន​កើនឡើង​ប្រហែល ១១,៦​ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០​។ ចំពោះ​ការនាំចេញ​អង្ករ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន ៦១,៧ ​ម៉ឺន​តោន​ថយចុះ​ ១០,៦៨ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២០​។ ដោយឡែក​សម្រាប់​ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​ជិតខាង​មាន​ចំនួន​រហូតដល់ ៣,៥៣ ​លាន​តោន កើនឡើង ៦១,១៦​ ភាគរយ​។

ជាមួយ​គ្នា​នេះ​នៅ​ឆ្នាំ​ ២០២១ តម្លៃ​ស្រូវ​បាន​ធ្លាក់ចុះ​បន្តិច​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ដោយមាន​គម្លាត​ប្រមាណ ៥ ​ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​ ២០១៨ និង​ឆ្នាំ​ ២០១៩​។

ក្រសួងកសិកម្ម​បាន​ពន្យល់ថា ការធ្លាក់ចុះ​តម្លៃ​ស្រូវ ជាពិសេស​ស្រូវវស្សា​ក្នុង​ឆ្នាំ​ ២០២១-២០២២ គឺ​បណ្ដាលមកពី​ការរាតត្បាត​ជា​សកល​របស់​ជំងឺ​កូវីដ ​១៩ ដែលនាំឱ្យ​តម្លៃ​អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​យ៉ាងគំហុក ជាពិសេស​អង្ករ​ក្រអូប​បាន​ធ្លាក់ចុះ​ពី ២០-២៥ ​ភាគរយ ព្រមទាំង​មាន​ការកាត់បន្ថយ​ការទិញ​ស្រូវ​ពី​បណ្ដា​រោង​ម៉ាស៊ីន​កិនស្រូវ​មួយចំនួន​ផងដែរ​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ ខែមករា​ថា ឆ្នាំ​ ២០២១ គឺជា​ឆ្នាំ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ខ្លាំង​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឱ្យមាន​ការរាំងស្ទះ​ដល់​ការដឹកជញ្ជូន​ស្រូវ និង​អង្ករ​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​។ ទោះជា​យ៉ាងណា​ការដឹកជញ្ជូន​ស្រូវ​ទៅ​ប្រទេស​វៀតណាម​មាន​កំណើន​ខ្ពស់ ព្រោះ​មាន​ភាពងាយស្រួល និង​ចំណាយ​ពេលវេលា​តិច​។

លោក​បន្ថែមថា ជាមួយ​គ្នានេះ​ការនាំ​អង្ករ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស គឺមាន​ការថយចុះ​ច្រើន​សម្រាប់​ទីផ្សារ​សហភាព​អឺរ៉ុប និង​ទីផ្សារ​ផ្សេងៗ​ទៀត ដោយសារតែ​ការដឹកជញ្ជូន​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​។ ទោះយ៉ាងណា​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​របស់​ប្រទេស​ចិន​បាន​កើនឡើង ដោយសារ​ប្រទេស​នេះ​នៅ​ជិត ងាយស្រួល​ដឹកជញ្ជូន និង​មានការ​ផ្តល់​កូតា​នាំចូល​ពី​រដ្ឋាភិបាល​ប្រទេស​ចិន​ផងដែរ​។

លោក​និយាយថា​៖ «​ការនាំចេញ​អង្ករ​ថយចុះ គឺ​មកពី​កត្តា​ដឹកជញ្ជូន​ដែល​តម្រូវឱ្យ​យើង​ស្វែងរក​ទីផ្សារ​ថ្មី​ដែល​ងាយស្រួល​ដឹកជញ្ជូន​។ មួយទៀត​ការកើនឡើង​តម្លៃ​ដឹកជញ្ជូន វា​ក៏បាន​ប៉ះពាល់​ទៅលើ​ផ្លូវ​ឆ្ងាយ ដែល​ធ្វើឱ្យ​ការដឹកជញ្ជូន​រយៈពេល​យូរ ហើយ​ចំណាយ​ក៏​ខ្ពស់​ថែមទៀត​»​។

ទោះជា​យ៉ាងណា​ក៏ដោយ បើតាម​លោក សុង សារ៉ន បញ្ហា​ដឹកជញ្ជូន​នេះ​មិនមែន​កើត​មានតែ​ប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​វា​ជា​បញ្ហា​សកល ព្រោះ​នៅពេល​ដែលមាន​ជំងឺ​កូវីដ​ ១៩ ផ្ទុះឡើង ប្រទេស​មួយ​ចំនួន​ក៏បាន​បិទខ្ទប់ និង​ខ្វះ​អ្នកបើកបរ​ជាដើម​។

បើតាម​ក្រសួង​កសិកម្ម​នៅពេល​ដ៏ខ្លី​ខាងមុខនេះ ការប្រមូលផល​ស្រូវ​រដូវប្រាំង​នឹង​ចាប់ផ្តើម ហើយ​ប្រជាកសិករ​មានការ​ព្រួយបារម្ភ​ចំពោះ​តម្លៃ​ស្រូវប្រាំង​ដែល​អាច​ប្រឈម​នឹង​ការធ្លាក់ចុះ​តម្លៃ ខណៈ​ដែល​តម្លៃ​ផលិតកម្ម និង​ធាតុ​ចូល​កសិកម្ម​មាន​ការកើនឡើង ដូចជា ប្រេងឥន្ធនៈ ជីគីមី និង​ថ្នាំ​កសិកម្ម បាន​ហក់​ឡើងថ្លៃ​ខ្ពស់​ទ្វេដង ដោយសារ​រោងចក្រ​កាត់បន្ថយ ការផលិត និង​តម្លៃ​ដឹកជញ្ជូន​បាន​​កើនឡើង​ខ្ពស់​ជា​បន្តបន្ទាប់​។

ក្រសួង​បាន​លើកឡើង​ថា​៖ «​ដើម្បី​ចូលរួម​លើកកម្ពស់​ផលិតភាព​ដំណាំ​ស្រូវ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ចាត់វិធានការ និង​អំពាវនាវ​ឱ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បន្ត​ចុះ​ណែនាំ​ប្រជាកសិករ​ក៏ដូចជា​សហគមន៍​កសិកម្ម​អំពី​បច្ចេកទេស​ផលិតកម្ម​ដំណាំ​ស្រូវ​ឱ្យទទួល​បាន​ទិន្នផល​ខ្ពស់​ តាមរយៈ​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស កាត់បន្ថយ​ការចំណាយ​ក្នុង​ផលិតកម្ម និង​ធានាបាន​គុណភាព​ស្រូវ​ស្របតាម​ស្តង់ដា​»៕ LA