
កសិករដើរបាចជីនៅក្នុងស្រែក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបានចំណាយប្រាក់ប្រមាណ ៣៩០ លានដុល្លារទៅលើការនាំចូលជីកសិកម្ម និងថ្នាំគីមី ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម នារយៈពេល ១០ ខែ ឆ្នាំ ២០២១ ដោយកើនឡើងប្រមាណ ៤១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានតម្លៃ ២៧៦ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។
លោក ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៣ ខែមករាថា ការកើនឡើងតួលេខនេះ គឺជាការកើនឡើងតម្លៃនៃការនាំចូលជីកសិកម្ម និងថ្នាំគីមី តែប៉ុណ្ណោះ ដោយមិនបានឆ្លុះបញ្ចាំងពីការកើនឡើងនៃបរិមាណនាំចូលនោះឡើយ។
លោកនិយាយថា៖ «ខ្ញុំសង្កេតឃើញថា កំណើននៃនាំការចូលជីនេះ គឺមិនមែនជាកំណើនគិតលើបរិមាណនោះទេ ដោយវាជាកំណើនលើតម្លៃ ព្រោះតម្លៃវត្ថុធាតុដើម្បីសម្រាប់ផលិតកម្មជីបានកើនឡើងខ្ពស់នៅក្នុងឆ្នាំ ២០២១ ដែលជាហេតុធ្វើឱ្យការនាំចូលមានតម្លៃខ្ពស់ផងដែរ។ សម្រាប់បរិមាណវិញ ខ្ញុំគិតថាមិនជាកើននោះទេដោយសារតែប្រជាកសិកគាត់ហាក់មិនសូវប្រើប្រាស់ជី។ ម្យ៉ាងវិញទៀត ដោយសារតែតម្លៃជីឡើងខ្ពស់ វាក៏ធ្វើឱ្យប្រជាកសិករបន្ថយការប្រើប្រាស់ដែរ»។
យោងតាមលោក សុខឃាំង សម្រាប់ទីផ្សារនៅក្នុងស្រុក គឺផលិតតែជីសរីរាង្គក្នុងបរិមាណតិចតួចប៉ុណ្ណោះ ចំណែកការនាំចូល គឺប្រហែល ៨០ ភាគរយជាជីគីមីប្រភេទ NPK។
ប្រធានក្រុមហ៊ុនត្រូភីខេម លោក ហ៊ុន ឡាក់ បានប្រាប់ថា កំណើនទឹកប្រាក់នាំចូលជីកសិកម្ម គឺដោយសារតែសម្ទុះនៃការដាំដុះក្នុងវិស័យកសិកម្មកើនឡើង។ លោកនិយាយថា៖ «ពិតណាស់ បើយើងក្រឡេកមើលការនាំចេញផលិតផលកសិកម្មក្នុងឆ្នាំ ២០២១ គឺមានការកើនឡើង។ ការនាំចូលជីកសិកម្មកើនឡើងបានបញ្ជាក់អំពីតម្រូវការនៃការដាំដុះកើនផងដែរ តែមិនមែនមានន័យថាយើងប្រើប្រាស់ជីកសិកម្មធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពអ្នកប្រើប្រាស់នោះទេ គឺយើងប្រើក្នុងកម្រិតមួយទាបបំផុត ហេតុដូច្នេះហើយបានជាផលិតផលយើងនៅរក្សាបានគុណភាពខ្ពស់»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមកបានឱ្យដឹងថា កម្ពុជាបាននាំចូលថ្នាំ និងជីកសិកម្មចំនួនជាង ៩០ ម៉ឺនតោនក្នុងរយៈពេល ៥ ខែ ដំបូងឆ្នាំ ២០២១។
សេចក្តីប្រកាសព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ០៩ ខែសីហា ឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុននានាបាននាំចូលថ្នាំកសិកម្មចំនួន ៤៧ ៤០៩ តោន និងជីកសិកម្ម ៨៥៨ ៦៣២ តោន។
ក្រសួងកសិកម្មបានពន្យល់ថា ជីកសិកម្មក្នុងឆ្នាំ ២០២១ មានតម្លៃខ្ពស់ជាងកាលពីឆ្នាំ ២០២០ ដោយសារកត្តាសំខាន់ៗមួយចំនួន រួមមានតាមបណ្តាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មិនអាចផលិតឆ្លើយតបបានតាមការបញ្ជាទិញ និងកង្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ការកាត់បន្ថយកម្លាំងពលកម្មដោយសារបញ្ហានៃការរីករាលដាលជំងឺកូវីដ ១៩ ដូចជានៅប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម ក៏ជាមូលហេតុដែលនាំឱ្យតម្លៃជីកើនឡើងផងដែរ ខណៈការដឹកជញ្ជូនប្រើពេលវេលាយូរដោយសារបញ្ហារីករាលដាលជំងឺកូវីដ-១៩ (មានការប្រុងប្រយ័ត្នលើផ្នែកសុខភាព និងត្រួតពិនិត្យតាមវិធានសុខាភិបាល)។
ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចូលថ្នាំកសិកម្មចំនួន ១០៣ ០០៥ តោន និងជីកសិកម្ម ១ ៤០៦ ៧៧៥ តោន។ នេះបើតាមក្រសួងកសិកម្ម៕ LA