ភ្នំពេញៈ គម្រោង​វិនិយោគ ៩ ដែលមាន​តម្លៃ​សរុប ៤៣,២៨ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ១១ ០៤៩ កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) អនុម័ត ដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិតផល​ធ្វើដំណើរ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ​CDC ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ១២ ខែមករា ឱ្យដឹងថា ស្របតាម​សំណើសុំ​វិនិយោគ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ទៅឱ្យ​គម្រោង​មួយចំនួន​ដូចជា គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន Como Apparel Co., Ltd, គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​វ៉ាលិស ក្រុមហ៊ុន Leona (Cambodia) Co., Ltd, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន Sincere Season (Cambodia) Garment Co., Ltd, និង​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន Powerful Riches Garment (Cambodia)Co., Ltd​។

ចំណែក​គម្រោង​ផ្សេងៗ​ទៀត​មានដូចជា គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ថង់យួរ​របស់​ក្រុមហ៊ុន Green Bag (Cambodia) Co., Ltd, គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Global Supply Redwood Co., Ltd និង​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់ Inkyung Wondang Apparel Co., Ltd​។

ដោយឡែក​គម្រោង​វិនិយោគ ២ ​ទៀត គឺ​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្ត​ព្រះសីហនុ រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​កេសកាតុង និង​ផលិតផល​ប្លាស្ទិក​របស់​ក្រុមហ៊ុន Cambodian Shenghong Packaging Co., Ltd និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សត្វ​ចិញ្ចឹម​របស់ Best-Run Technology (Cambodia) Co., Ltd​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា ​(​រាជបណ្ឌិត្យ​សភា​កម្ពុជា​) ​លោក ហុង វណ្ណៈ បាន​និយាយថា ទោះបី​គម្រោង​វិនិយោគ​ដែល CDC អនុម័ត​ខាងលើ​ភាគច្រើន​ជា​ប្រភេទ​ឧស្សាហកម្ម​ធុន​ស្រាល​ (​វាយនភណ្ឌ​) ​ប៉ុន្តែ​វា​បង្ហាញថា កម្ពុជា​គឺជា​ប្រទេស​មាន​សក្តានុពល​គ្រប់គ្រាន់​ក្នុងការ​ទាក់ទាញ​វិនិ​យោគិន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​វិបត្តិ​កូវីដ​ ១៩​។ ការបញ្ចេញ​ទុនវិនិយោគ​ក្នុងដំណាក់កាល​នេះ គឺ​ដោយសារ​អ្នកវិនិយោគ​មាន​ជំនឿ​លើ​សមត្ថភាព និង​និរន្តរភាព​ការងារ​ដែល​កម្ពុជា​អាចធ្វើ​បាន ខណៈ​អត្រា​នៃ​ចំនួន​ប្រជាជន​ក្នុងប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ ​១៩ កើន​ដល់​ជិត ៩០ ​ភាគរយ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅក្នុង​ថ្ងៃទី​ ១៣ ខែមករា ថា​៖ «​កំណើន​នៃ​ការវិនិយោគ គឺជា​សូចនាករ​ដែល​បង្ហាញថា សេដ្ឋកិច្ច​កម្ពុជា​ចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ​ហើយ​។ ម្យ៉ាងទៀត​វា​ក៏​ជួយ​បង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​ប្រជាជន​ដែរ​»​។

លោក​បន្ថែមថា ចំនួន​នៃ​ការដាក់ពាក្យ​ស្នើសុំ​វិនិយោគ​នៅ​កម្ពុជា​នឹងមាន​កាន់តែច្រើន​នៅពេល​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ថមថយ​ទៅវិញ ព្រោះ​បច្ចុប្បន្ន​កម្ពុជា​មាន​លក្ខណៈ​អំណោយផល​ច្រើន​សម្រាប់​ការវិនិយោគ​។

បើ​យោងតាម​លោក វណ្ណៈ លក្ខណៈ​អំណោយផល​របស់​កម្ពុជា មានដូចជា ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល សម្បូរ​កម្លាំង មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ងាយស្រួល និង​មាន​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​និយាយថា ការអនុម័ត​របស់ CDC បង្ហាញថា​ទោះ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​កូវីដ ​១៩ នៅលើ​ពិភពលោក​មិនទាន់​ថមថយ ក៏​ចំណាប់អារម្មណ៍​របស់​អ្នកវិនិយោគ​ក្នុងការ​បណ្តាក់ទុន​នៅ​កម្ពុជា​នៅតែមាន ខណៈ​កម្ពុជា​កំពុង​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​បង្កើន​សក្តានុពល​ទាក់ទាញ​អ្នកវិនិយោគ​។ កម្ពុជា​ស្វាគមន៍​និយោគិន​គ្រប់​ប្រទេស និង​គ្រប់​វិស័យ ឱ្យតែ​ស្របតាម​ច្បាប់​របស់​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​គ្រប់ការ​វិនិយោគ​ទោះ​វិស័យ​ណាក៏ដោយ វា​នឹង​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​»​។

អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) លោក សុក ចិន្តាសោភា នៅក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​វិនិយោគិន​ដែលជា​សមាជិកសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១១ ខែមករា​បាន​លើកឡើងថា កម្ពុជា​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​កែលម្អ​បរិស្ថាន​វិនិយោគ​របស់ខ្លួន​សំដៅ​ទាក់ទាញ​ការវិនិយោគ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​ឱ្យ​ដើរ​ស្របតាម​បដិវត្តន៍​នៃ​ឧស្សាហកម្ម ៤.០ និង​ឌីជីថលូប​នីយកម្ម​។ បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​ក៏បាន​ប្តេជ្ញាចិត្ត​ក្នុង​ការជួយ​សម្រួល​ដល់​ការវិនិយោគ និង​សេវា​ថែទាំ​វិនិយោគ​ដល់​វិនិយោគិន​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​, កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ និង​ការត្រៀម​ចូល​ជា​ធរមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​ជួយ​បើក​ទីផ្សារ និង​បង្កើន​ភាព​ទាក់ទាញ​វិនិយោគ​របស់​កម្ពុជា​បន្ថែម​»៕ LA