ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបង្ហាញ​សុទិដ្ឋិនិយម​ថា វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុងការ​ប្រកាស​បើក​គោលដៅ​ទេសចរណ៍​នៅក្នុង​តំបន់​អាស៊ាន​ឡើងវិញ​ជា​ផ្លូវការ ហើយក៏​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា ថា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​មួយ​ក្នុង​តំបន់​អាស៊ាន​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានលើកឡើង​បែបនេះ កាលពី​ថ្ងៃទី​ ១២ ខែមករា​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ដែល​នៅ​សេសសល់​ចុងក្រោយ​សម្រាប់​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​ ២០២២ (ATF 2022) នៅ​ខេត្ត​ព្រះសីហនុ​។

រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ​បាន​លើកឡើងថា ការងារ​ត្រៀម​រៀបចំ​ទាំងនេះ គឺ​ដើម្បី​ធ្វើឱ្យ​ព្រឹត្តិការណ៍​ប្រព្រឹត្ត​ទៅដោយ​រលូន​មាន​សុវត្ថិភាព និង​អាច​ឆ្លើយតបបាន​គ្រប់​ស្ថានការណ៍ ចៀសវាង​មាន​បញ្ហា​ខ្វះចន្លោះ​រហូតដល់​បាត់បង់​ម្ចាស់ការ​ដោយ​ប្រការ​ណាមួយ​។ ម្យ៉ាងទៀត ក៏​ដើម្បី​ជួយ​ឱ្យ​ថ្នាក់ដឹកនាំ គណៈប្រតិភូ និង​អ្នកចូលរួម​មាន​សុវត្ថិភាព ដែល​អាច​ជំរុញឱ្យមាន​ការផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ផងដែរ​។

អភិបាលរង​ខេត្ត​ព្រះសីហនុ​លោក ឡុង ឌីម៉ង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ រយៈពេល​ ១​ សប្តាហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ​១៦ មករា​តទៅ​។

លោក ឌីម៉ង់ បានឱ្យដឹងថា នេះ​ជា​ឱកាស​មួយ​របស់​ខេត្ត​ព្រះសីហនុ​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ដ៏​ច្រើន​របស់​ខេត្ត ជាពិសេស​ការកែប្រែ​មុខមាត់​ថ្មី​តាមរយៈ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន និង​ការរៀបចំ​វិធានការ​សុវត្ថិភាព​ផ្សេងៗ​។

លោក​បញ្ជាក់ថា​៖ «​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ គឺ​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ដែរ ដូចនេះ​វា​ជា​ឱកាស​របស់​ខេត្ត​ព្រះសីហនុ​ក្នុងការ​បង្ហាញ និង​លក់​ផលិតផល​ទេសចរណ៍​ឱ្យបាន​កាន់តែ​ទូលំទូលាយ ដោយ​សង្ឃឹមថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​កាន់តែច្រើន​»​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​រំពឹងថា វិស័យ​ឯកជន​ចង់ឱ្យមាន​ទំនាក់ទំនង​រវាង​ប្រតិបត្តិករ​ទាំងអស់​នៅក្នុង​សហគមន៍​អាស៊ាន​ក្នុង​ការផ្តល់​ភ្ញៀវ​ឱ្យ​គ្នា​ទៅវិញទៅមក​ឡើងវិញ ដោយ​ផ្អែកលើ​គោលនយោបាយ​សុវត្ថិភាព​នីមួយៗ​។

លោក វណ្ឌី បានបង្ហាញ​ការ​ជឿជាក់​ថា​៖ «​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​ ៤០ (ATF 2022) នាពេល​ខាងមុខ​នឹងចូលរួម​ចំណែក​ក្នុងការ​ផ្សព្វផ្សាយ​កម្ពុជា បន្ទាប់​កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ ក្រោយ​ស្ថានភាព​កូវីដ​ ១៩ ធូរស្រាល​»​។

បើតាម​ក្រសួង​ទេសចរណ៍ ការងារ​រៀបចំ​ព្រឹតិ្តការណ៍​ទាំងមូល​សម្រេចបាន​ប្រមាណ ៩៥ ​ភាគរយ​ហើយ ដោយ​មន្ត្រីជាន់ខ្ពស់​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ក្នុងនោះ​ប្រតិភូ​អន្តរជាតិ​ចូលរួម​កិច្ចប្រជុំ​មាន​ចំនួន​ ១២៣ ​រូប ហើយ​សម្រាប់​ការតាំងពិព័រណ៍​ទេសចរណ៍​ (TRAVEX) ​មាន​អ្នកលក់​សរុប​ចំនួន​ ១៨៧ ​ស្តង់ អ្នកទិញ ចំនួន ៤០ ​ក្រុមហ៊ុន សារព័ត៌មាន​ចំនួន ២០ ​ស្ថាប័ន សរុប​ភ្ញៀវ​ចូលរួម ៣២២ ​នាក់ មកពី​ប្រទេស​ចំនួន ​២៧​។

វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​ ៤០ (ATF 2022) ឆ្នាំ​ ២០២២ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏សំខាន់​ក្នុង​ការប្រកាស​បើក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើងវិញ​ជា​ផ្លូវការ បន្ទាប់ពី​រង​ការរំខាន​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​រយៈពេល​ ២ ​ឆ្នាំ​មកនេះ​។ វេទិកា​នេះ​នឹង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​ចាប់ពី​ថ្ងៃទី​ ១៦-២២ ខែមករា ឆ្នាំ​ ២០២២ នៅ​ក្រុងព្រះសីហនុ ទោះ​មានការ​រំខាន​ពី​បញ្ហា​កូវីដ​បំប្លែង​ថ្មី «​អូមីក្រុង​» នៅក្នុង​សហគមន៍​ខ្លះៗ​យ៉ាងណា​ក៏ដោយ​៕ LA