ភ្នំពេញៈ ក្រុមហ៊ុន ​TPJ របស់​ប្រទេស​ជប៉ុន​គ្រោង​សាងសង់​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ចំនួន​ ២ ដោយ​រោងចក្រ​ ១​ ស្ថិតនៅក្នុង​ខេត្តកំពង់ធំ និង​ ១ ​ទៀត​ក្នុង​ខេត្តកំពង់ចាម​ក្នុង​ផែនការ​ឆ្នាំ​ ២០២២-២០២៥ ដើម្បី​បង្កើន​ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន និង​ទីផ្សារ​ផ្សេងទៀត​។

លោក អួន ស៊ីឡុត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២២ ​នេះ​ឱ្យដឹងថា ក្រុមហ៊ុន TPJ បានទទួល​ការអនុញ្ញាត​ពី​ក្រុមហ៊ុន​ធំ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​រួចហើយ​ក្នុងការ​សាងសង់រោង​ចក្រ​​នៅក្នុង​ខេត្ត​ទាំង​ ២ ​នេះ​កាលពី​ឆ្នាំ​ ២០២០ ដោយ​ទីតាំង​នៅក្នុង​ខេត្ត​ទាំង​ ២​នេះ​ត្រូវបាន​សិក្សា និង​កំណត់​រួចហើយ​លើ​ផ្ទៃដី​ចំនួន ៦ ហិកតា​នៃ​គម្រោង​រោងចក្រ​នីមួយៗ ប៉ុន្តែ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក៏​ផ្អាក​ទៅវិញ​។

លោក​បន្តថា ការដែល​ក្រុមហ៊ុន​ជប៉ុន​ជ្រើស​រើសយក​ខេត្ត​ទាំង​ ២​គឺ​ខេត្ត​កំពង់ចាម និង​កំពង់ធំ​នេះ​សម្រាប់​ធ្វើការ​សាងសង់រោង​ចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នេះ ដោយសារតែ​ខេត្ត​ទាំង​ ២ ​នេះ​សម្បូរ​ការដាំដុះ​ស្វាយចន្ទី​មាន​ចំនួន​ច្រើន និង​ងាយស្រួល​ក្នុង​ការប្រមូលទិញ​ពី​កសិករ​យកមក​កែច្នៃ​។ ទោះជា​យ៉ាងណា លោក​មិនដឹង​ពី​ទំហំ​ទុនវិនិយោគ​នោះទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បានរៀបចំ​ទីតាំង និង​កន្លែង​រួច​អស់ហើយ សម្រាប់ធ្វើ​ការសាងសង់ ប៉ុន្តែ​ដោយសារតែ​កូវីដ​ក៏​ផ្អាក​ទៅវិញ ប៉ុន្តែ​បើ​ជំងឺ​កូវីដ​ធូរស្រាល អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ ​ឬ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។ ក្រុមហ៊ុន​នេះ​គ្រោង​នឹង​កែច្នៃ​ស្វាយចន្ទី​ឱ្យបាន​ ២ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំៗ​សរុប​ ៤​ ម៉ឺន​តោន​ពី​រោងចក្រ​ក្នុងការ​នាំចេញ​ទៅកាន់​ជប៉ុន​»​។

ទោះជា​យ៉ាងណា បើតាម លោក អួន ស៊ីឡុត រោងចក្រ​ទាំង​ ២ ​នេះ​ផលិត​បាន​ ៤ ​ម៉ឺន​តោន​ក្នុង ​១ ​ឆ្នាំ​ក៏​មិនទាន់​ឆ្លើយតប​ដែរ ព្រោះ​កម្ពុជា​គ្រាន់តែ​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​មាន​ចំនួន​ ១ ១០០ ០០០​ តោន​ក្នុង​ ១​ ឆ្នាំៗ ខណៈ​នៅ​ឆ្នាំ​ ២០២១ កម្ពុជា​បាន​ឈរ​លំដាប់​លេខ​ ១ ​នៃ​ការនាំ​ស្វាយចន្ទី​ចេញទៅ​កាន់​ទីផ្សារ​នៅក្រៅ​ប្រទេស​។

លោក​ថ្លែងថា​៖ «​ក្នុង​គោលដៅ​សមាគម​ស្វាយចន្ទី​របស់​យើង គឺ​មិន​ចង់​នាំ​គ្រាប់ស្វាយចន្ទី​ឆៅ​ទៅ​លក់​នៅក្រៅ​ប្រទេស​ទេ យើង​ខាត​ទី​ ១ បាត់បង់​តម្លៃបន្ថែម​ជូន​កសិករ និង​ទី​ ២ ខាតបង់​កម្លាំង​ពលកម្ម​ក្នុង​សហគមន៍​។ បើ​មាន​រោងចក្រ​ក្នុងស្រុក​យើង អាចជួយ​កសិករ​ និង​កាត់បន្ថយ​ពលករ​ចំណាក​ស្រុក​ដែរ​»​។

លោកស្រី អ៊ិន ឡៃហ៊ួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ​នៅ​ខេត្តកំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទីផ្សារ​ស្វាយចន្ទី​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស​កំពុង​ដំណើរការ​ល្អប្រសើរ​ស្របពេល​មាន​ក្រុមហ៊ុន​ជាច្រើន​ក៏បាន​ទាក់ទង​បញ្ជា​ទិញ​ជាច្រើន​ជាពិសេស​បណ្តា​ក្រុមហ៊ុន​ជប៉ុន​។

ប៉ុន្តែ​នៅ​ឆ្នាំ​ខាងមុខ​ទៀត ពេល​ដែល​មាន​រោងចក្រ និង​មានការ​ពង្រីក​ទីផ្សារ​បន្ថែមទៀត សហគ្រាស​របស់លោក​ស្រី​នឹង​បន្ត​សហការ​វិនិយោគ​រួមគ្នា​ ដើម្បី​នាំចេញ​ស្វាយចន្ទី​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​។

លោកស្រី​ថ្លែងថា​៖ «​តាម​ខ្ញុំ​ដឹង ក្រុមហ៊ុន​ TPJ​ នេះ​មាន​ផែនការ​បង្កើត​រោងចក្រ​ខ្នាត​ធំ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​រង្វង់​ឆ្នាំ ​២០២២​ នេះ ដល់​ឆ្នាំ​ ២០២៥ ព្រោះ​រាល់ថ្ងៃនេះ ក្រុមហ៊ុន​ TPJ ​នេះ គាត់​បាន​បញ្ជា​ទិញ​ពី​ខាងយើង​មិនទាន់​ទូលំទូលាយ​ទេ ប្រហែល​ឆ្នាំក្រោយ យើង​មាន​ការ​សហការគ្នា ដើម្បី​នាំចេញ​ស្វាយចន្ទី​កាន់តែច្រើន​ទៀត​»​។

បើតាម​លោក អ៊ិន ឡៃហ៊ួត ការបង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​របស់​ក្រុមហ៊ុន​ជប៉ុន​នោះ​មានបំណង​ជួយ​លើក​ស្ទូយ​ផលិតផល​ស្វាយចន្ទី​របស់​ប្រទេស​កម្ពុជា​ឱ្យមាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ ដែល​ជួយ​កសិករ​ឱ្យមាន​ជីវភាព​ធូរធារ និង​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាជន​កម្ពុជា​ដើម្បី​កាត់បន្ថយ​ចំណាកស្រុក​។

បើតាម​លោក អួន ស៊ីឡុត កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មាន​រោងចក្រ និង​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ចំនួន​ជិត​ ១០​ មូលដ្ឋាន​នៅ​ទូទាំងប្រទេស ប៉ុន្តែ​វា​ស្ថិតនៅ​ខ្នាតតូច​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​នោះទេ ខណៈ​នៅក្នុង​ប្រទេស​វៀតណាម​មាន​រោងចក្រ​ជាង​ ១០០ ​កំពុង​ប្រតិបត្តិ​ការកែច្នៃ​៕