​ភ្នំពេញៈ ដំឡូង​មី និង​ផលិតផល​ដំឡូង​មី ប្រមាណ​ជិត ២,៨​ លាន​តោន ​ត្រូវបាន​នាំចេញ​ពី​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ទិន្នន័យ​ក្រសួងកសិកម្ម ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែមករា បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០២១ ការនាំចេញ​ដំឡូង​មី និង​ផលិតផល​ដំឡូង​មី សម្រេចបាន ២ ៧៩៣ ៧២៩,៩២​តោន ក្នុងនោះ​ចំណិត​ដំឡូង​មី​ក្រៀម ចំនួន ១ ៦៤៤ ៥៩១,៦៨​តោន កើនឡើង ៨,៤៥​ភាគរយ​ធៀប​ឆ្នាំ​២០២០, ដំឡូង​មី​ស្រស់​ចំនួន ១ ១០៤ ២២០​តោន កើនឡើង ៥២,៦​ភាគរយ​, ម្សៅដំឡូង​មី ៣៥ ៨៦២,៧៤​តោន កើនឡើង ២,៦៦​ភាគរយ​, និង​កាកសំណល់​ដំឡូង​មី ៩ ០៥៤,៥០​តោន ថយចុះ -៣៣,០៦​ភាគរយ​។

​យោងតាម​ទិន្នន័យ វៀតណាម គឺជា​ប្រទេស​ទទួល​ទិញ​ដំឡូង​មី និង​ផលិតផល​ដំឡូង​មី កម្ពុជា​ច្រើនជាងគេ ដោយមាន​ចំនួន ១ ៣៨១ ២៧១,៥៦​តោន​, ប្រទេស​ថៃ ១ ២៩៨ ១៩៥,៨​តោន​, ប្រទេស​ចិន ២០៣ ៩១៨,៧១​តោន និង​ប្រទេស​មួយចំនួនទៀត​ដូចជា អ៊ីតាលី​, ប៊ែ​ល​ហ្ស៊ិ​ក​, និង​សហរដ្ឋអាមេរិក ជាដើម​។​

​ដំឡូង​មី គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ឈានមុខ​គេ​មួយ​របស់​កម្ពុជា​។ កាលពី​ឆ្នាំ ២០២០ កម្ពុជា​បានប្រកាស​ដាក់ចេញ​ជា​ផ្លូវការ​នូវ «​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥» ក្នុង​គោលបំណង ដើម្បី​បង្កើន​ផលិតកម្ម និង​ធ្វើឱ្យ​វា​កាន់​តែមាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។​

​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង លោក គឹម ហួត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​នេះ​ថា តម្លៃ​ដំឡូង​មី​នៅក្នុង​ខេត្តបាត់ដំបង នា​ចុងឆ្នាំ​២០២១ គឺមាន​ភាព​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២០ ដែរ ដោយ​តម្លៃ​ដំឡូង​មី​ក្រៀម​មានតម្លៃ​ជា​មធ្យម​ចន្លោះ​ពី ៧៨៦ - ៨៦៩​រៀល​ក្នុង​១​គីឡូក្រាម និង​ដំឡូង​មី​ស្រស់ មានតម្លៃ​ពី ២៦០- ៣៦០​រៀល​។

​លោក គឹម ហួត បាន​ប្រាប់ថា ដំឡូង​មី និង​ផលិតផល​ដំឡូង​មី នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ជិតខាង​ប្រហែល ៧០​ភាគរយ ត្រូវបាន​នាំទៅ​លក់​នៅ​ប្រទេសជិតខាង ខណៈ ៣០​ភាគរយ​ទៀត​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​៕​