​ភ្នំពេញៈ អគារ ជីប ម៉ុង ថៅ​វើ កម្ពស់ ៤៥​ជាន់​(​ស្មើនឹង ១៨៥​ ម៉ែត្រ​) ដែលមាន​ទុនវិនិយោគ​សរុប ២៣០​លាន​ដុល្លារ​របស់​ក្រុមហ៊ុន ជីប ម៉ុង បានប្រកាស​ពី​ការបញ្ចប់​គ្រោង​អគារ​ដល់​ជាន់​កំពូល​ហើយ​កាលពី​ថ្ងៃទី​១៤ ខែមករា​កន្លងមក​។​

​ជីប ម៉ុង ថៅ​វើ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពីដើមឆ្នាំ​២០១៩ លើ​ផ្ទៃដី​ទំហំ ១៤ ០៤២​ម៉ែត្រការ៉េ ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​ស្ថាបត្យកម្ម​ដ៏​ទំនើប ហើយនឹង​ត្រូវ​ប្រើប្រាស់​ជា​អគារ​ពាណិជ្ជកម្ម​ចម្រុះ ដែលមាន​ដូចជា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មាន​ម៉ាក​យីហោ​ល្បីៗ រោងភាពយន្ត​ខ្នាត​ធំ​ដ៏​ទំនើប ការិយាល័យ កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក កន្លែង​រៀបចំ​កម្មវិធី​ផ្សេងៗ កន្លែង​ប្រជុំ សណ្ឋាគារ​លំដាប់​ពិភពលោក​(Fairfield by Marriott Phnom Penh) ភោជនីយដ្ឋាន និង​ស្កា​យ​បា​រ៍ ជាដើម​។​

​សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង លោក លាង ឃុន បាន​ថ្លែង​ក្នុង​ពិធី​បញ្ចប់​ការសាងសង់​គ្រោង​អគារ​ដល់​ជាន់​កំពូល​នៃ ជីប ម៉ុង ថៅ​វើ ថា សមិទ្ធផល​ដ៏​ថ្មី និង​ធំធេង​នេះ គឺ​កើតចេញពី​កិច្ចខិតខំ​របស់​គណៈ​គ្រប់គ្រង ក្រុមការងារ និង​ដៃគូ​ទាំងអស់​។ អគារ​ពាណិជ្ជកម្ម​ចម្រុះ​នេះ គឺជា​សក្ខីភាព​នៃ​ការអភិវឌ្ឍ និង​ការវិនិយោគ​ឥតឈប់ឈរ​របស់​ក្រុមហ៊ុន ជាក់ស្តែង​ទោះបី​ក្នុងអំឡុងពេល​នៃ​បរិបទ​ជំងឺ​កូ​វីដ​១៩ ក៏​ក្រុមហ៊ុន​បាននិងកំពុង​បន្ត​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដែលមាន​ដូចជា ផាក​លែ​ន​ពោធិ៍ចិនតុង​, លែ​ន​ម៉ាក ៦០​ម៉ែត្រ និង ជីប ម៉ុង សែន​សុខ ជាដើម​។​

​លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា អគារ ជីប ម៉ុង ថៅ​វើ ដែល​នឹង​បង្ហាញខ្លួន​យ៉ាង​ពេញលេញ​នាពេល​ដ៏​ខ្លី​ខាងមុខ នឹង​នាំ​មុខមាត់​ថ្មី​ជូន​កម្ពុជា ក្នុងនាម​ជា​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ប្រកបដោយ​សក្តានុពល ដែល​នឹង​ផ្តល់នូវ​ភាព​ប្រណីត​ទាន់សម័យ និង​បម្រើ​ផ្នែក​ពាណិជ្ជកម្ម​ដើម្បី​បំពេញតម្រូវការ​របស់​ធុរជន​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ផងដែរ​»​។​

​អគ្គនាយករង​ជាន់ខ្ពស់​ផ្នែក​យុទ្ធសាស្ត្រ និង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន ជីប ម៉ុង លោក Simon DELL បាន​និយាយថា ក្រៅពី​គាំទ្រ​ផ្នែក​ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅ​កម្ពុជា មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​នេះ ក៏បាន​បង្កើត​ឱកាស​ការងារ​ជាច្រើន ដែល​រួមចំណែក​លើកស្ទួយ​ជីវភាព​របស់​សហគម​ន៍ ក៏ដូចជា​លើកកម្ពស់​វិស័យ​អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​បាន​គាំទ្រ​ដល់​អាជីវកម្ម​តូចៗ​ជុំវិញ​តំបន់​នេះ​ផងដែរ​៕​