ភ្នំពេញៈ បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​បាន​រយៈពេល ១​ឆ្នាំកន្លះ ចំនួន​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន «Single Portal» បាន​កើន​ដល់ ១០ ៥៣៦​ក្រុមហ៊ុន​ហើយ បើ​គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២​។​

​តួលេខ​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន បង្ហាញថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ដោយ​ជោគជ័យ មាន​ចំនួន​សរុប ១០ ៥៣៦ ចំណែក​ក្រុមហ៊ុន​ដែល​ស្ថិតក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​មាន​ចំនួន ១ ១៤៩​។ ចំនួន​ថ្ងៃជា​មធ្យម​ដើម្បី​ចុះបញ្ជី​ក្រុមហ៊ុន គឺមាន​រយៈពេល ៨​ថ្ងៃ​។

​ជាមួយគ្នានេះ ចំនួន​នាម​ករ​ណ៍​បម្រុង​ទុក ដែល​ទទួលជោគជ័យ មាន ៨ ២៧២ និង​កំពុង​ត្រួតពិនិត្យ មាន​ចំនួន ៣៥៨​។​

​ប្រព័ន្ធ​នៃ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ឱ្យ​ដំណើរការ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ដោយបាន​ដាក់​ក្រសួង និង​ស្ថាប័នរដ្ឋ​ចំនួន ៦ ជាមួយគ្នា​។​

​ក្រសួង និង​ស្ថាប័ន​ទាំង ៦ រួមមាន ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ស្ថាប័ន​ចំនួន ៦ ផ្សេងទៀត​គ្រោង​នឹងដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធ​នេះ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចាប់តាំងពី​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ វាទ​ទួលបាន​នូវ​ការ​សាទរ​យ៉ាងច្រើន​ទៅលើ​ប្រសិទ្ធភាព និង​ជា​ជំហាន​វិជ្ជមាន​ក្នុងការ​បន្ធូរបន្ថយ​បរិយាកាស​អាជីវកម្ម​ស​ម្រា​ប់​វិស័យ​ឯកជន ព្រមទាំង​បាន​ជួយ​កាត់បន្ថយ​ពេលវេលា ថវិកា និង​នីតិវិធី​ស្មុគស្មាញ​ជាច្រើន​។ លោក​បន្តថា ការកែទម្រង់​នៅក្នុង​វិស័យសេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ បាននិងកំពុង​នាំមក​នូវ​សញ្ញា​វិជ្ជមាន​ក្នុង​ការបង្កើន​ទំនុកចិត្ត​ក្នុងចំណោម​វិស័យ​ឯកជន ដោយ​មិនមាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ពង្រីក​អាជីវកម្ម ឬ​បើក​អាជីវកម្ម​ថ្មី​នោះទេ​។​

​លោក​លើកឡើងថា​៖«​សមាជិក​ទាំងអស់​រប​ស់​សភាពាណិជ្ជកម្ម​កម្ពុ​ជា និង​ក្រុម​វិនិយោគិន​បរទេស​ស្វាគមន៍​ចំពោះ​នីតិវិធី​ក្នុងការ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែល​អាច​សន្សំ​ការចំណាយ ពេលវេលា និង​ការិយាធិបតេយ្យ​។ ជាមួយគ្នានេះ វា​កាន់តែ​ងាយស្រួល ដោយសារតែ​យើង​អាច​ចុះបញ្ជី​នៅ​កន្លែង​ណាក៏ដោយ​ឱ្យតែ​យើង​ចង់​»៕​