ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម រួម​ជាមួយ​អង្គការ Swisscontact ដែលជា​តំណាង​របស់​សម្ព័ន្ធ​សកល​សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ (Global Alliance for Trade Facilitation) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៃ​កញ្ចប់​ទំនិញ​ខ្នាតតូច​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម ​(SeT4SME) នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ពាណិជ្ជកម្ម​ឱ្យដឹងថា MoU នេះ​មាន​គោលបំណង​សំខាន់​ចំនួន ២ រួមមាន ១. ​ការរួមចំណែក​នៅក្នុង​ការអនុវត្ត​កិច្ចសម្រួល​ពាណិជ្ជកម្ម និង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន តាមរយៈ​ការតភ្ជាប់​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​ជាមុន​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ប្រៃសណីយ៍​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​, និង​ទី​ ២ ការពង្រឹង​បរិយាកាស​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​សហគ្រាស​ធុន​តូច មីក្រូ និង​មធ្យម (MSMEs) ​ដោយ​បង្កើត​ថ្នាល​អេឡិចត្រូនិក​សម្រាប់​ការដឹកជញ្ជូន​កញ្ចប់​តូចៗ ដើម្បី​ជួយ MSMEs កម្ពុជា​អាច​ទាញយក​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជា​អតិបរមា​។

តំណាង Swisscontact បាន​លើកឡើង​ថា «​គម្រោង SeT4SME ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្ព័ន្ធ​សកល​សម្រាប់​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម​ (GATF) និង​ត្រូវបាន​អនុវត្ត​ផ្ទាល់​ដោយ Swisscontact និង​មាន​ទិស​ដៅ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​សម្រាប់​ការនាំចេញ​នាំចូល​កញ្ចប់​ទំនិញ​ខ្នាតតូច​ផ្ញើ​តាម​ប្រៃសណីយ៍​នៅ​កម្ពុជា និង​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ជា​បរិយាប័ន្ន តាមរយៈ​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​នីតិវិធី​បញ្ចេញ​ទំនិញ​កញ្ចប់​ខ្នាតតូច​ទាំងនេះ ដែល​ឈានទៅដល់​ការកាត់បន្ថយ​ពេលវេលា និង​ថវិកា​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ភាគច្រើន​​គ្រប់គ្រង​ដោយ​ស្ត្រី​។ សូម​តាមដាន​សកម្មភាព​ផ្សេងៗ​ទៀត​ពី​បេសកកម្ម​ថ្មី​របស់​ពួកយើង​»​។

លោកស្រី តឹករ៉េត កំរង បានឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ជា​ប្រយោជន៍​ច្រើន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ក្នុង​ការប្រើប្រាស់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​ឆ្លងកាត់​ព្រំដែន​តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​កិច្ចសម្រួល​ពាណិជ្ជកម្ម​។

លោកស្រី​ថ្លែងថា​៖ «​ដើម្បី​អនុវត្ត​គម្រោង​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ជោគជ័យ ក្រសួងពាណិជ្ជកម្ម និង​អង្គ​ការ Swisscontact នឹង​បង្កើត​គណៈកម្ម​ការតម្រង់ទិស​អនុវត្ត​គម្រោង​នេះ​ឱ្យ​ស្របតាម​គោលបំណង និង​ផែនការ​ការងារ​របស់​គម្រោង​»​។

បើ​យោងតាម លោកស្រី តឹករ៉េត កំរង ក៏បាន​រំលេច​ឡើង​អំពី​គម្រោង Go4eCAM ដែល​ក្រសួងពាណិជ្ជកម្ម​កំពុង​អនុវត្ត​យ៉ាងសកម្ម ដែល​ទាក់ទង​នឹង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាពិសេស​ការបង្កើត​ផ្សារ ខេមបូឌាត្រេដ​ ​(Cambodiatrade.com) សម្រាប់​ជួយ​គាំទ្រ​ទៅដល់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​កម្ពុជា​ក្នុង​ការលក់​ផលិតផល​កម្ពុជា​ទាំង​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​៕ LA