
លោក វេង សាខុន (កណ្តាល) ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ហ័រឡុង។ រូបថត សហការី
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិននឹងចូលរួមបំពេញបន្ថែមខ្សែចង្វាក់ផលិតកម្មផ្លែឈើ ខ្សែចង្វាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញផលិតផលរបស់កម្ពុជា។
ក្នុងជំនួបជាមួយក្រុមការងារក្រុមហ៊ុន ហ័រឡុង កាលពីថ្ងៃទី ១៧ ខែមករា លោក សាខុន បាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២ កម្ពុជា-ចិន បាននិងកំពុងទាក់ទាញវិនិយោគិនចិនជាច្រើនឱ្យចូលមកវិនិយោគវិស័យកសិកម្មនៅកម្ពុជា។ លោកបានបន្ថែមថា ជាក់ស្តែងមានក្រុមហ៊ុនមួយឈ្មោះ ហ៊ុន ទី ដែលកំពុងដាក់ទុនវិនិយោគបង្កើតមជ្ឈមណ្ឌលកសិឧស្សាហកម្មនៅកម្ពុជាលើផ្ទៃដីទំហំ ៨០ ហិកតាដោយធ្វើការបែងចែកទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារពិព័រណ៍កសិផល កន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃលើផ្លែឈើដូចជា ស្វាយ ចេក ដូង មៀនប៉ៃលិន និងផលិតផលវារីវប្បកម្មផងដែរ។
លោកបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលទាំង ២ (កម្ពុជា-ចិន) នឹងផ្តល់កាលានុវត្តភាពសម្រាប់វិនិយោគិន កសិករ ម្ចាស់ចម្ការ និងអាជីវករ ឱ្យមានឱកាសពង្រីកសក្តានុពលកែច្នៃ និងនាំចេញស្របតាមគន្លងប្រក្រតីភាពថ្មី ដោយក្រសួងកសិកម្មនឹងរង់ចាំផ្តល់កិច្ចសហការ ធ្វើយ៉ាងណាឱ្យការវិនិយោគសម្រេចបានជោគជ័យ»។
នាយកក្រុមហ៊ុន ហ័រ ឡុង បាននិយាយថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនកំពុងធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា មានដូចជា ផលិតកម្មដំណាំ វារីវប្បកម្ម មជ្ឈមណ្ឌលទីផ្សារកសិផល ពិព័រណ៍កសិផល កន្លែងកែច្នៃ វេចខ្ចប់ ធ្វើអនាម័យ និងកន្លែងសម្លាប់សត្វល្អិតចង្រៃ។
លោកបញ្ជាក់ថា ការវិនិយោគទាំងនេះ គឺមានបំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាដើម្បីធានាបានបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងស្តង់ដាទីផ្សារនាំចេញទៅទីផ្សារអន្តរជាតិ។
លោកសង្ឃឹមថា អនាគតដ៏ខ្លីខាងមុខ សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិនដែលបាននិងកំពុងដំណើរការនឹងធ្វើឱ្យផលិតផលកសិកម្មកម្ពុជាមានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនកាន់តែច្រើនឡើងថែមទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងបរិបទកូវីដ ១៩ រដ្ឋាភិបាលកម្ពុជាបានរើសយកវិស័យកសិកម្មធ្វើជាចន្ទល់សេដ្ឋកិច្ច ដូច្នេះការវិនិយោគលើវិស័យកសិកម្ម គឺជាកត្តាចម្បងដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
លោកបន្ថែមថា ការទាក់ទងវិនិយោគិនពីក្រៅប្រទេសឱ្យមកវិនិយោគគឺជារឿងសំខាន់ ប៉ុន្តែកម្ពុជាក៏ត្រូវតែគិតគូរលើបញ្ហាមួយចំនួនដែរ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពទាក់ទាញដូចជា ការគិតគូរដល់ផ្ទៃដីកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ធនធានមនុស្ស ការដឹកជញ្ជូន តម្លៃអគ្គិសនីជាដើម។
លោកបានបញ្ជាក់ថា៖ «ច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជសេរីទ្វេភាគី និងតំបន់ យើងមានហើយ ដូចនេះ យន្តការទាំងនេះសុទ្ធតែជាការរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគ ជាពិសេសវិនិយោគិនចិនឱ្យចូលមកវិនិយោគនៅកម្ពុជា ក្រោយស្ថានភាពកូវីដ-១៩ ធូរស្រាល»៕ LA