ភ្នំពេញៈ កម្ពុជា​មានតម្លៃ​ប្រតិបត្តិការ​ទាប​បំផុត​នៅ​អាស៊ី ប៉ុន្តែ​ក៏​ទាប​បំផុត​ទី​ ២ ទាក់ទង​ទៅនឹង​ការប្រកួតប្រជែង ដោយសារតែ​បញ្ហា​ប្រឈម​នានា​ដូចជា ទេពកោសល្យ ឡូជីស្ទិក និង​ឌីជីថលូបនីយកម្ម​។

TMX ជា​របាយការណ៍​ប្រឹក្សា​ការផ្លាស់ប្តូរ​អាជីវកម្ម​ឈានមុខ​គេ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បានចេញ​ផ្សាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយ​ធ្វើការ​ពិនិត្យមើល​ប្រទេស​ចំនួន ៩ នៅ​អាស៊ី រួមមាន កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម​ហ្វីលីពីន សិង្ហ​បុរី និង​ថៃ​។ TMX បានធ្វើ​ការវិភាគ​ប្រៀបធៀប​ប្រទេស​ទាំង​ ៩ ដោយ​ប្រើ​សូចនាករ​តម្លៃ និង​លក្ខខណ្ឌ​ផ្សេងៗ​គ្នា​។

របាយការណ៍​បង្ហាញថា​៖ «​សម្រាប់​តារាង​ពិន្ទុ​ប្រកួតប្រជែង​ប្រចាំ​ប្រទេស​កម្ពុជា និង​មីយ៉ាន់ម៉ា កំពុងតែ​នៅ​ពីក្រោយ​បណ្ដា​ប្រទេស​ដៃគូ​ក្នុង​តំបន់​។ កម្រិត​ហានិភ័យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់​តាំងពី​ដើមឆ្នាំ​ ២០២១ មក​។ អស្ថិរភាព​នយោបាយ​បាន​បណ្តាលឱ្យ​កើតមាន​អំពើហិង្សា ហើយ​សេដ្ឋកិច្ច​បានជាប់​គាំង​ដោយសារ​ស្ថានភាព​ដែល​កើតឡើង​។ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅមានកម្រិត និង​ការផ្អាក​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត និង​ទូរគមនាគមន៍​ផ្សេងៗ​ទៀត​របស់​របប​យោធា​បាន​រារាំង​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​ប្រតិបត្តិការ​អាជីវកម្ម​»​។

សម្រាប់​ខ្សែចង្វាក់​តម្លៃ​ផលិតកម្ម​ច្បាស់​ណាស់ ប្រទេស​សិង្ហបុរី ពិតជា​មានតម្លៃ​ខ្ពស់បំផុត ប៉ុន្តែ​ក៏​ជាទី​តាំង​ផលិតកម្ម ដែលមាន​ការប្រកួតប្រជែង​បំផុត​ដែរ​ក្នុងចំណោម​ប្រទេស​ទាំង​ ៩ ​នេះ​។ ការណ៍​នេះ​ត្រូវបាន​ជំរុញ​ដោយ​ពិន្ទុ​ខ្ពស់បំផុត​ក្នុង​ភាពងាយស្រួល​នៃ​ការធ្វើ​អាជីវកម្ម​ភាព​អាច​រកបាន​នៃ​ទេពកោសល្យ​ដែលមាន​ជំនាញ ប្រព័ន្ធ​ដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ធភាព និង​តួនាទី​របស់​ប្រទេស​នេះ​ជា​អ្នកទទួលយក​ឆាប់រហ័ស​នៃ​ផលិតកម្ម​ផ្នែក​ឌីជីថល​។ យ៉ាងណាមិញ កម្ពុជា និង​មីយ៉ាន់ម៉ា​ស្ថិតនៅ​បាត​ក្រោម​នៃ​ខ្សែចង្វាក់​តម្លៃ​នេះ​។

របាយការណ៍​បាន​បន្ថែមថា​៖ «​ទន្ទឹមនឹងនោះ​កម្ពុជា និង​មីយ៉ាន់ម៉ា​ត្រូវបាន​ចាត់ថ្នាក់​ក្រោម​ដំណាក់កាល «​បន្ទាត់​ផ្គុំ​មូលដ្ឋាន​» ហើយនឹង​មាន​លក្ខណៈ​សមរម្យ​សម្រាប់​ប្រតិបត្តិការ​ផលិតកម្ម​ក្នុង​វិស័យ​នានា​ដូចជា វាយនភណ្ឌ និង​កាត់ដេរ ស្បែកជើង និង​ការកែច្នៃ​ដែលមាន​មូលដ្ឋាន​លើ​ធនធាន​។ ទោះបីជា​មានការ​ប្រកួត​ប្រជែង​តិច ក៏​ប្រទេស​ទាំង ​២ ​នេះ​ផ្តល់​តម្លៃ​ទាប​បំផុត​ដែរ​។

លោក Anthony Galliano នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co., Ltd បានឱ្យដឹងថា ខណៈពេល​ប្រទេស​កម្ពុជា​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​ជំនាញ​របស់ខ្លួន របាយការណ៍​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​ដែល​បង្ហាញ​ឱ្យឃើញ​ភាពចាំបាច់​សម្រាប់​កម្ពុជា​ដើម្បី​រក្សា​ការប្រកួតប្រជែង​នាពេល​អនាគត​។ សមត្ថភាព​ភាព​ប្រកួតប្រជែង​នាពេល​អនាគត​របស់​កម្ពុជា​នៅក្នុង​អាស៊ាន មិនគួរ​ត្រូវបាន​បង្កើតឡើង​នៅលើ​មូលដ្ឋាន​នៃ​តម្លៃ​ពលកម្ម​ទាប​នោះទេ ប៉ុន្តែ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​មួយ​។

លោក​ថ្លែងថា​៖ «​ឧស្សាហកម្ម​វាយនភណ្ឌ គឺជា​ឧស្សាហកម្ម​ហួស​សម័យ ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ដែលមាន​តម្លៃ​ពលកម្ម​ទាប អនាគត​របស់​កម្ពុជា​នឹង​ពឹង​ផ្អែកលើ​កម្មករ​-​កម្មការិនី​ដែលមាន​ជំនាញ​ផលិតកម្ម​ខ្ពស់ និង​ការចាប់យក​បដិវត្តន៍​ឌីជីថល​»​។

លោក​បន្ថែមថា​៖ «​រោងចក្រ​ដំឡើងរថយន្ត​ដំបូង​គេ​បង្អស់​មិន​ធ្លាប់មាន​របស់​ក្រុមហ៊ុន RMA គឺជា​និមិត្តរូប​នៃ​អនាគត​របស់​ប្រទេសជាតិ ខណៈដែល​ប្រទេសមួយ​នេះ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេសជិតខាង​របស់ខ្លួន​ដូចជា ថៃ វៀតណាម និង​ឥណ្ឌូនេស៊ី​សម្រាប់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI) ​សម្រាប់​ផលិតកម្ម និង​ការដំឡើង​ផលិតផល​តម្លៃ​ខ្ពស់​»​។

ទន្ទឹមនឹងនេះ​សម្រាប់​ការជួល​ប្រទេស​មីយ៉ាន់ម៉ា​បានផ្តល់​ជូន​អត្រា​ជួល​ឃ្លាំង​ដែលមាន​តម្លៃ​សមរម្យ​បំផុត​ត្រឹម ៣,៤ ​ដុល្លារ និង​កម្ពុជា​មានតម្លៃ ២,៥ ​ដុល្លារ​ក្នុង ១​ ម៉ែត្រការ៉េ​សម្រាប់​រយៈពេល​ ១ ​ខែ និង​ឡូជីស្ទិក ប្រទេស​ទាំង ​២​ នេះ​ត្រូវបាន​គេ​ចាត់ទុកថា​មានតម្លៃ​ទាប និង​មិនសូវមាន​ជំនាញ​ទាក់ទង​នឹង​ប្រតិបត្តិការ​ឡូជីស្ទិក​។ កម្ពុជា និង​ប្រទេស​ថៃ ស្ថិតនៅក្រោម​ប្រភេទ​នេះ ហើយ​មាន​សក្ដានុពល​ក្នុង​ការ​ធ្វើឱ្យ​ប្រសើរឡើង​ទាក់ទង​នឹង​តម្លៃ និង​ប្រតិបត្តិការ​។

សម្រាប់​តម្លៃប្រើប្រាស់ និង​ទូរគមនាគមន៍​រួមចំណែក​ប្រហែល ១៦​ ភាគរយ​នៃ​ការចំណាយ​សរុប​ក្នុងប្រទេស​ភាគច្រើន​។ «​ជារួម​អគ្គិសនី​បង្កើតបានជា​សមាមាត្រ​ឈានមុខ​គេ​នៃ​ការចំណាយ​ក្នុងចំណោម​គ្រឿង​បង្គុំ​ទាំងនេះ​។ ប្រទេស​កម្ពុជា​មាន​អត្រា​តម្លៃ​អគ្គិសនី​ខ្ពស់​ជាងគេ ខណៈដែល​តម្លៃ​អគ្គិសនី​របស់​ប្រទេស​វៀតណាម​មានតម្លៃ​សមរម្យ​បំផុត​»​។ ចំណែក​តម្លៃ​​ទូរគមនាគមន៍ ប្រទេស​ដែលមាន​ការអភិវឌ្ឍ​កាន់តែច្រើន តម្លៃ​ទូរគមនាគមន៍​កាន់តែ​ទាប​។

ជា​លទ្ធផល​ប្រទេស មីយ៉ាន់ម៉ា និង​កម្ពុជា​មានតម្លៃ​អ៊ីនធឺណិត​ខ្ពស់បំផុត ខណៈ​សិង្ហបុរី និង​ឥណ្ឌា ផ្តល់​តម្លៃ​សមរម្យ​បំផុត​។

លោក Anthony បានឱ្យដឹង​ទៀតថា ច្បាប់​ស្តីពី​ការវិនិយោគ និង​ការលើក​ទឹកចិត្ត​ពន្ធ​ក្នុងពេល​ថ្មីៗ​នេះ ត្រូវបាន​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​ក្នុងការ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​របស់​ប្រទេស​នៃ​សមត្ថភាព​ប្រកួតប្រជែង​ធនធានមនុស្ស និង​ការរីកចម្រើន និង​ការ​បង្កើនល្បឿន​ដល់​ឌីជីថលូបនីយកម្ម​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្តធ្វើ​ការងារ​ដ៏​អស្ចារ្យ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស ជាពិសេស​ផ្លូវថ្នល់ និង​កំពង់ផែ​។ រដ្ឋាភិបាល​កំពុងស្ថិត​លើផ្លូវ​ត្រូវ ប៉ុន្តែ​ចាំបាច់​ត្រូវធ្វើ​បន្ថែមទៀត​ក្នុងការ​ជំរុញ​អាជីវកម្ម​នានា​ឱ្យ​ចាប់យក​បច្ចេកវិទ្យា​ថ្មី និង​ដំណោះស្រាយ​ឌីជីថល និង​ដើម្បី​ជំរុញ​ការទទួលយក​បច្ចេកវិទ្យា​ថ្មី​ក្នុងចំណោម​សហគ្រាស​ជាច្រើន​»​។

ទាក់ទង​ទៅនឹង​ការងារ ប្រទេស​ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឥណ្ឌា និង​វៀតណាម ផ្តល់ជូន​ក្រុម​ពលកម្ម​ដែលមាន​ចំនួន​ច្រើន និង​តម្លៃ​សមរម្យ​។ ប្រទេស​ទាំងនេះ​ច្រើនតែ​ផ្តល់ឱកាស​ការងារ ប៉ុន្តែ​អ្នកមាន​ជំនាញ​តិច​បំផុត​ក្នុង​វិស័យ​ជាច្រើន ជាមួយនឹង​ពិន្ទុ​សមត្ថភាព​ប្រកួតប្រជែង​ទេពកោសល្យ​ពី ៤០,៩ និង ៣៣,៤​។

របាយការណ៍​នោះបាន​បង្ហាញថា​៖ «​ប្រទេស​កម្ពុជា និង​មីយ៉ាន់ម៉ា​មានតម្លៃ​ពលកម្ម​ទាប​បំផុត ទោះបីជា​ពួកគេ​មាន​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​ទេពកោសល្យ​ទាប​ក៏ដោយ​។ ភាគរយ​នៃ​កម្លាំង​ពលកម្ម​ចំនួន​ច្រើន​នៅតែមាន​ជំនាញ​ទាប ដែល​អាច​ត្រូវ​គ្នា​នឹង​ខ្សែចង្វាក់​ដំឡើង​មូលដ្ឋាន​»៕ LA