The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការដោះដូរ​ទំនិញ​រវាង​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​ជាង $៩៥៦ ​លាន

ការដោះដូរ​ទំនិញ​រវាង​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​ជាង $៩៥៦ ​លាន

Content image - Phnom Penh Post
អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង នាពេលកន្លងមក។ រូបថត សភាពាណិជ្ជកម្ម​កម្ពុជា

ការដោះដូរ​ទំនិញ​រវាង​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​ជាង $៩៥៦ ​លាន

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ នៅក្នុង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ៩៥៦ ​លាន​ដុល្លារ កើនឡើង ៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២ ០២០ ក្នុងនោះ​ចំនួន​ទឹកប្រាក់​នាំចេញ​ពី​កម្ពុជា កើន​ជាង ៧​ ភាគរយ និង​ការ​នាំចូល​កើន​ ១០​ ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Kita)​។

ទិន្នន័យ Kita ចេញផ្សាយ​នា​ថ្ងៃទី​ ១៧ ខែមករា បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង ២ មាន​ទឹកប្រាក់​សរុប ៩៥៦,១៣ ​លាន​ដុល្លារ កើន ៨​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៨៨៥,៣២ ​លាន​ដុល្លារ​។ ក្នុង​ចំនួន​ទឹកប្រាក់​ខាងលើ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​កូរ៉េ មាន ៣៤១,៥ ​លាន​ដុល្លារ កើន ៧,៣៥ ​ភាគរយ​ពី​ចំនួន ៣១៨,១១ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​ប្រទេស​កូរ៉េ​មក​កម្ពុជា​មាន​ទឹកប្រាក់ ៦២៣,៦២ ​លាន​ដុល្លារ កើន ៩,៩៤​ ភាគរយ​ពី​ចំនួន ៥៦៧,២១ ​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ខែធ្នូ ឆ្នាំ​ ២០២១ ទឹកប្រាក់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ៩៥,៣៩​ លាន​ដុល្លារ កើន ១០,៩៦ ​ភាគរយ​ធៀប​ទៅនឹង​ខែធ្នូ ឆ្នាំ​ ២០២០ ដែលមាន ៨៥,៩៧ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មាន​ទឹកប្រាក់ ៣២,៤៤ ​លាន​ដុល្លារ កើន ២៣,២ ​ភាគរយ​ពី​ចំនួន​ ២៦,១៨ ​លាន​ដុល្លារ និង​ការ​នាំចូល​មាន​ចំនួន ៦២,៩៥​ លាន​ដុល្លារ កើន ៥,៣ ​ភាគរយ​ពី​ចំនួន ៥៩,៧៩ ​លាន​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​​ភ្នំពេញ​ ប៉ុស្តិ៍​ថា ទោះបីជា​ក្នុង​ឆ្នាំ​ ២០២១ គ្រប់​ប្រទេស​លើ​ពិភពលោក​ជួបនឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ក៏​ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េ មិនបាន​ធ្លាក់ចុះ​ឡើយ​។ ភាព​វិជ្ជមាន​ទាំងនេះ កើតចេញពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ ខណៈ​ចំនួន​វិនិយោគិន​កូរ៉េ​នៅ​កម្ពុជា​ក៏មាន​ចំនួន​កាន់តែច្រើន​ផងដែរ​។ លោក​បន្តថា ចំនួន​វិនិយោគិន​កូរ៉េ​នៅ​កម្ពុជា​ត្រូវ​រំពឹងថា​នឹងមាន​ចំនួន​កាន់តែច្រើន​ចាប់ពីពេលនេះ​តទៅ ព្រោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០២១ នឹង​អាច​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ​។

លោក​បាន​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​ជំរុញ​ឱ្យ​វិនិយោគិន​បរទេស​រួមទាំង​វិនិយោគិន​កូរ៉េ កាន់តែច្រើន​ចូលមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដើម្បី​នាំចេញ​ផលិតផល​សម្រេច​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​កូរ៉េ ព្រោះ​ការចូល​ជាធរមាននៃ FTA នឹងធ្វើ​ឱ្យ​អត្រា​បង់ពន្ធ​មួយចំនួន​ធ្លាក់​ដល់​សូន្យ​»​។

បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម កិច្ចព្រមព្រៀង​សេរី​នឹង​ផ្តល់​ការរួច​ពន្ធ​ដល់​ទំនិញ​កម្ពុជា​ជាង ១ ម៉ឺន​មុខ​ទៅ​ទីផ្សារ​កូរ៉េខាងត្បូង​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា ទោះ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ មានតម្លៃ​រហូតដល់​ជាង ៩៥០ ​លាន​ដុល្លារ ប៉ុន្តែ​ការនាំចេញ​របស់​កម្ពុជា គឺមាន​ទឹកប្រាក់​ទាប​ជាង​ការនាំ​ចូល​ពី​កូរ៉េ ដែល​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវខិតខំ​ពង្រឹង​សមត្ថភាព​ផលិត​បន្ថែមទៀត​សម្រាប់​នាំទៅ​ទីផ្សារ​កូរ៉េ​។ លោក​បន្តថា តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ នឹងមាន​សកម្មភាព​កាន់តែច្រើន​បើ​ធៀប​ពេលបច្ចុប្បន្ន​។ អ្វីដែល​កម្ពុជា​ចង់ឃើញ​នាពេលខាងមុខ គឺ​កំណើន​នៃ​ការនាំចេញ​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​ដើម្បី​កាត់បន្ថយ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម កម្ពុជា​ត្រូវខិតខំ​ស្វែងរក​ផលិតផល​ថ្មីៗ​សម្រាប់​នាំទៅ​ទីផ្សារ​កូរ៉េ​ឱ្យបាន​ច្រើន ខណៈ​កម្ពុជា​ត្រូវបាន​គេ​ដឹងថា សម្បូរ​កម្លាំង​ពលកម្ម​ជំនាញ និង​ស្ថានភាព​ភូមិសាស្ត្រ​មាន​លក្ខណៈ​អំណោយផល​ច្រើន​សម្រាប់​វិស័យ​កសិកម្ម​»​។

យោងតាម​លោក វណ្ណៈ ផលិតផល​កសិកម្ម​កម្ពុជា គឺជា​មុខសញ្ញា​សំខាន់​សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​កូរ៉េ​។

អង្គប្រជុំ​ព្រឹទ្ធសភា​កម្ពុជា​កាលពី​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២២ បាន​ឯកភាព​ទាំងស្រុង​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​។

ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​ ឱ្យដឹងថា គិត​ត្រឹម​ចុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៣៩ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​ប្រទេស​កូរ៉េ​ជាប់​លេខ ២ ដោយមាន​ទឹកប្រាក់​សរុប ៤,១ ​ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ប្រទេស​ចិន ដែលមាន​ចំនួន ១៧,៣ ​ពាន់​លាន​ដុល្លារ​៕ LA

អត្ថបទគួរចាប់អារម្មណ៍