
ប្រជាពលរដ្ឋទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ នាពេលកន្លងទៅ។ រូបថត រដ្ឋបាលខេត្ត
ព្រះសីហនុៈ ទីក្រុងទេសចរណ៍ចំនួន ៣ របស់កម្ពុជាទទួលបានជយលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី ៣ សម្រាប់ឆ្នាំ ២០២២-២០២៤ ដោយពានរង្វាន់នេះនឹងផ្តល់ភាពទាក់ទាញ និងទំនុកចិត្តបន្ថែមទៀតដល់ភ្ញៀវអន្តរជាតិ ស្របពេលកម្ពុជាបើកទទួលទេសចរចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ គ្រប់ដូស។
ទីក្រុងចំនួន ៣ ដែលជាប់ជយលាភីរួមមាន ទីក្រុងព្រះសីហនុ ទីក្រុងបាត់ដំបង និងទីក្រុងសៀមរាប ដែលត្រូវបានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ប្រកាសជយលាភី កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២។
លោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នេះគឺជាមោទនភាព និងជាកិត្តិយសរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ខណៈនេះជាលើកទី ៣ ដែលទីក្រុងសៀមរាប ទទួលបានជយលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី ៣។
លោកបន្ថែមថា ការជាប់ជយលាភីនេះមិនមែនជារឿងចៃដន្យទេ ព្រោះអាជ្ញាធរ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ និងពលរដ្ឋទាំងអស់បានខំប្រឹងប្រែងអនុវត្តនូវគោលការណ៍ ដែលគណៈកម្មាធិការជាតិបានដាក់ចេញមករួមមាន បរិស្ថាន វិធានសុវត្ថិភាពទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងអនាម័យជាដើម។
លោកថ្លែងថា៖ «យើងបានអនុវត្តទៅតាមស្តង់ដាអាស៊ាន ដែលគេបានកំណត់ និងវាយតម្លៃ។ ពិតណាស់ដើម្បីថែរក្សាតំណែងនេះបាន យើងនឹងបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីថែរក្សា និងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយនេះឱ្យទទួលបានជយលាភីនៅឆ្នាំបន្តបន្ទាប់ទៀត»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹះស្នា បានឱ្យដឹងដែរថា នេះជាលើកទី ១ ហើយដែលខេត្តព្រះសីហនុទទួលបានជយលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។ លោកបន្ថែមថា ក្នុងនាមជាខេត្តដែលទទួលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ ២០២២ និងជាម្ចាស់ជយលាភីផង នឹងធ្វើឱ្យខេត្តជាប់តំបន់ឆ្នេរមួយនេះកាន់តែល្បីល្បាញ និងអាចទាក់ទាញភ្ញៀវទេសចរបរទេសទាំងក្នុងតំបន់ និងពីបណ្តាប្រទេសផ្សេងៗទៀត។
លោកបញ្ជាក់ថា៖ «វេទិកានេះមានសារៈសំខាន់ខ្លាំងក្នុងការបង្ហាញប្រទេសនៅក្នុងតំបន់ និងពិភពលោកថា ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ ដែលបានបើកឡើងវិញ ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិត្រឡប់មកកម្សាន្តនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ានឡើងវិញ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបាននិយាយថា ជយលាភីរបស់ទីក្រុងទាំង ៣ នាពេលនេះបានធ្វើឱ្យកម្ពុជាកាន់តែមានភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។
លោកឱ្យដឹងទៀតថា កម្ពុជាជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ាន ដែលមានភាពក្លាហានក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ ២០២២ ដ៏ធំបែបនេះ ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ១៩។ នេះបញ្ជាក់ថា កម្ពុជាមានលទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានល្អ ក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ។
លោកបន្តថា៖ «ក្នុងកាលៈទេសៈនេះ យើងមិនហ៊ានរំពឹងខ្ពស់ពេកនោះទេចំពោះការស្តារវិស័យនេះឱ្យមានភាពប្រសើរឡើងវិញ ព្រោះបច្ចុប្បន្នការភ្ជាប់ជើងហោះហើររបស់កម្ពុជានៅមានកម្រិត ប៉ុន្តែខ្ញុំសង្ឃឹមថា ជយលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងភាពជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាននឹងជួយជំរុញកំណើនវិស័យទេសចរណ៍បន្ថែមទៀតនាពេលខាងមុខ»៕ LA
វីដេអូ៖