ភ្នំពេញៈ គម្រោង​វិនិយោគ​វិស័យ​ចម្រុះ​ចំនួន ១០ ដែលមាន​តម្លៃ​សរុប ១ ៨៩៧,៥ ​លាន​ដុល្លារ​នឹង​អាចបង្កើត​ការងារ​បាន ៦ ៩១៤ ​កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) អនុម័ត​ចុះបញ្ជី​ជា​ផ្លូវការ ខណៈ​អ្នក​សេដ្ឋកិច្ច​អះអាងថា ការទទួលបាន​គម្រោង​វិនិយោគ​ចម្រុះ​បែបនេះ​នឹង​ជួយ​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កាន់​តែមាន​ភាពរឹងមាំ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC កាលពី​ថ្ងៃទី​ ១៧ ខែមករា បានឱ្យដឹងថា ស្របតាម​សំណើសុំ​វិនិយោគ CDC បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ឱ្យ​គម្រោង​ចំនួន​ ១០ ដែល​រួមមាន គម្រោង​វិនិយោគ​មណ្ឌល​ភ័ស្តុភា​រកម្ម និង​កំពង់ផែ​ពហុបំណង​របស់​ក្រុមហ៊ុន Kampot Logistics And Port Company Limited នៅ​ក្រុង​បូកគោ ខេត្តកំពត មាន​ទុនវិនិយោគ ១ ៣០០ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ៥៩០ ​កន្លែង​, គម្រោង​វិនិយោគ​វារី​អគ្គិសនី​ស្ទឹង​តាតៃលើ អានុភាព ១៥០ ​មេហ្គាវ៉ាត់​របស់​ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd នៅ​ស្រុក​ថ្មបាំង និង​ស្រុក​កោះកុង ខេត្ត​កោះកុង​មាន​ទុនវិនិយោគ ៣៨៩​ លាន​ដុល្លារ បង្កើត​ការងារ​បាន ១ ៥៨០ ​កន្លែង​, គម្រោង​វិនិយោគ​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ ៥ ដែលមាន ៥២៨ ​បន្ទប់ របស់​ក្រុមហ៊ុន K.B.X Investment Co., Ltd នៅ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងកេងកង​ទី​ ៣ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ ១២៩ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៧៣៧ ​កន្លែង​, និង​គម្រោង​វិនិយោគ​កសិកម្ម​ដាំចេក និង​ដំណាំ​ហូបផ្លែ​របស់​ក្រុមហ៊ុន Longfuiter Anlong Veng Oddor Meanchey Agriculture Park Co.,Ltd នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ មាន​ទុនវិនិយោគ ៥១ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ១ ៨៦៧ ​កន្លែង​។

ចំណែក​គម្រោង​ចំនួន ៦ ​ផ្សេងទៀត​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូឡា​របស់​ក្រុមហ៊ុន Academic Solar Energy Mfg Co.,Ltd នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​មាន​ទុនវិនិយោគ ៨,២ ​លាន​ដុល្លារ បង្កើត​ការងារ ២៦៥ ​កន្លែង​, គម្រោង​បង្កើត​រោងចក្រ​កែច្នៃ និង​វេចខ្ចប់​សាច់​ (​មាន់ ទា ជ្រូក គោ​) និង​ផលិត​ម្ហូបអាហារ​របស់​ក្រុមហ៊ុន Tmh Poultry Co.,Ltd នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ មាន​ទុនវិនិយោគ ៥,៧ ​លាន​ដុល្លារ បង្កើត​ការងារ ២២៦ ​កន្លែង​, គម្រោង​បង្កើត​រោងចក្រ​ផលិត​ការ៉ូជ័រ កម្រាល​បាត ទ្រនាប់​កម្រាល​បាត និង​ជើង​ជញ្ជាំង​ជ័រ​របស់​ក្រុមហ៊ុន Haopai Decoration Material (Cambodia)Co.,Ltd នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុនវិនិយោគ ៤,២ ​លាន​ដុល្លារ បង្កើត​ការងារ ១៩៤ ​កន្លែង​, និង​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​ក្តារបន្ទះ​ (​ពី​ឈើ​នាំចូល និង​ឈើ​ដាំដុះ​ក្នុងស្រុក​) របស់​ក្រុមហ៊ុន Cambodian Guoxing Yi Qun Lang Plywood Co.,Ltd នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​មាន​ទុនវិនិយោគ ៣,៤ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៩២ ​កន្លែង​។

រីឯ​គម្រោង ២ ​ទៀត​ស្ថិតក្នុង​វិស័យ​កាត់ដេរ រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន Mutita Textile Social Enterprise Co.,Ltd នៅ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ទុនវិនិយោគ ៣,៩ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ៦៤៩ ​កន្លែង​, និង​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់ Independence Clothing (Cambodia)Co., Ltd នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ ៣,១ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៧១៤ ​កន្លែង​។

លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៨ ខែមករា ថា គម្រោង​ដែល​ត្រូវបាន​អនុម័ត​ដោយ CDC នា​ដើមឆ្នាំ​ ២០២២ គឺមាន​លក្ខណៈ​ចម្រុះ​លើ​គ្រប់​វិស័យ ដោយ​មិនមែន​សុទ្ធតែ​គម្រោង​ប្រភេទ​បែប​ឧស្សាហកម្ម​ធុន​ស្រាល ​(​វាយន​ភណ្ឌ​) ​នោះទេ​។ ការទទួលបាន​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈ​ចម្រុះ​បែបនេះ​កាន់តែច្រើន វា​នឹង​ក្លាយជា​ចន្ទល់​ដ៏​រឹងមាំ​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​បើ​មាន​វិស័យ​ណាមួយ​ជួប​បញ្ហា​វិស័យ​ផ្សេងៗ​ទៀត​នឹង​ដើរតួនាទី​ជំនួស​។

លោក​ថ្លែងថា​៖ «​នេះ​ចាត់ទុកថា ជា​ចំណុច​ចាប់ផ្តើម និង​ជា​ភាព​ជោគជ័យ​មួយ​ដែល​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៅ​កម្ពុជា​ទទួលបាន​ពី​ការខិតខំ​របស់​ពួកគេ​ក្នុង​ការចូលរួម​រៀបចំ​ឱ្យមាន​ច្បាប់​វិនិយោគ​ថ្មីៗ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជា​បន្តបន្ទាប់ សំដៅ​ទាក់ទាញ​ឱ្យមាន​កំណើន​នៃ​ការបណ្តាក់ទុន​កាន់តែ​ច្រើន​នៅ​កម្ពុជា​»​។

លោក​បន្ថែមថា គម្រោង​វិនិយោគ​ថ្មីៗ​ដែល​ទើប​ទទួលបាន​ការយល់​ព្រម​ពី CDC ក៏​នឹង​នាំមក​កម្ពុជា​នូវ​បច្ចេកវិទ្យា​ទំនើបៗ និង​ការធ្វើ​ពិពិធកម្ម​ក្នុង​ចង្វាក់​ផលិតកម្ម​កម្ពុជា ដោយ​មិន​សំដៅ​តែ​វិស័យ​កាត់ដេរ​ដូចពេលមុន​នោះទេ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​និយាយថា នេះ​ជា​សញ្ញា​វិជ្ជមាន​ថ្មី​បន្ថែមទៀត​ដែល​នឹង​ផ្តល់នូវ​កាលានុវត្តភាព​ថ្មីៗ​សម្រាប់​ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​អំឡុង និង​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។ ការទទួលបាន​គម្រោង​វិនិយោគ​ដែលមាន​ច្រើន​វិស័យ​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មិន​ងាយ​ជាប់គាំង​ឡើយ ព្រោះ​មុខព្រួញ​ផលិត និង​ការនាំចេញ គឺ​ត្រូវបាន​បើកទូលាយ​ច្រើន​។

លោក​បញ្ជាក់ថា​៖ «​កំណើន​នៃ​ការ​វិនិយោគ​ជា​បន្តបន្ទាប់​នាពេលនេះ គឺ​មិនអាច​កាត់ផ្តាច់​ចេញពី​ភាព​វិជ្ជមាន​នៃ​កត្តា​ស្ថិរភាព​នយោបាយ កំណែទម្រង់​ច្បាប់​វិនិយោគ ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​អត្រា​កំណើន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ នោះបានទេ​»៕ LA