បាត់ដំបងៈ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី លោក អ៊ិន ចាន់នី លើកឡើងថា ការដាក់​ពាក្យស្នើសុំ​ឥណទាន​តាម​ប្រព័ន្ធ​ឌីជីថល​តាមរយៈ​ធនាគារ​អេស៊ីលីដា​មានការ​កើនឡើង​គួរឱ្យ​កត់សម្គាល់​នៅក្នុង​រយៈពេល ២ ​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ធនាគារ​របស់លោក​ទទួល​បានការ​ស្នើសុំ​តាម​ប្រព័ន្ធ​អនឡាញ​ក្នុង​រង្វង់ ៤០ ​ម៉ឺន​នាក់​គិត​ចាប់ពី​ឆ្នាំ ​២០២០​។

ការថ្លែង​បែបនេះ​របស់លោក អ៊ិន ចាន់នី ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ការិយាល័យ​ធនាគារ​អេស៊ីលីដា សាខា​ស្រុក​បាណន់​នៃ​ខេត្តបាត់ដំបង ដោយ​លោក​កត់សម្គាល់ថា ចាប់ពី​ឆ្នាំ​ ២០២០ ចំនួន​អ្នកស្នើសុំ​ឥណទាន​តាម​បញ្ជរ ឬ​ទីភ្នាក់ងារ​ទូទាំង​ប្រទេស​របស់ អេស៊ីលីដា មិនសូវមាន​ច្រើន​ទេ​។ ការធ្លាក់ចុះ​នេះ គឺ​បន្ទាប់ពី​អតិថិជន​ភាគច្រើន​បាន​ងាក​មក​ប្រើប្រាស់​សេវា​ស្នើសុំ​ឥណទាន​តាម​ឌីជី​ល ដោយសារ​មាន​ភាពងាយស្រួល​មិន​ស្មុគស្មាញ និង​ចំណាយពេល​ខ្លី​។

លោក ចាន់នី បាន​ថ្លែងថា​៖ «​គិតពី​ឆ្នាំ ​២០២០ មកទល់​បច្ចុប្បន្ន ចំនួន​អ្នកស្នើសុំ​ឥណទាន​តាម​អេឡិចត្រូនិក​របស់​អេស៊ីលីដា​មាន​ចំនួន ៤០ ​ម៉ឺន​នាក់​ដែលជា​ចំនួន​មួយ​ដ៏ខ្ពស់​។ ការកើនឡើង​ចំនួន​អ្នកស្នើសុំ​ឥណទាន​តាម​ឌីជីថល​នេះ​កើតឡើង​ក្រោយពី​ធនាគារ​អេស៊ីដា បាន​ខិតខំ​អភិវឌ្ឍន៍​ផលិតផល និង​សេវាកម្ម​ឌីជីថល​ជា​បន្តបន្ទាប់​ក្នុងការ​បម្រើ​អតិថិជន​ឱ្យ​ស្របតាម​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​»​។

លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបតិ្ត​ការិយាល័យ​ឥណទាន​កម្ពុជា​ (CBC) ធ្លាប់​និយាយថា ជាមួយ​នឹង​ការទទួលយក​យ៉ាង​ឆាប់រហ័ស​នៃ​ឌីជីថលនីយកម្ម ធនាគារ​ចល័ត និង Fintech មាន​ទិន្នន័យ​ជាច្រើន​ដែល​បាន​បង្កើត​នូវ​ចរិតលក្ខណៈ​របស់​អតិថិជន​នៃ​អាជីវកម្ម​ដែល​គេ​អាច​វិភាគ​ដើម្បី​បង្កើត​ការយល់ដឹង​អំពី​អាជីវកម្ម​ឆ្លាតវៃ​។

ជាមួយ​នឹង​ប្រភព​ទិន្នន័យ​ថ្មីៗ​ជាច្រើន​ដែល​កំពុង​វិវឌ្ឍ អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ទីតាំង​មួយ​ដែល​ពួកគេ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការជីក​យក​ទិន្នន័យ និង​ផលិតផល​វិភាគ​ទិន្នន័យ​កម្រិត​ខ្ពស់ ដើម្បី​កំណត់​គោលដៅ​ក្នុង​ការបង្កើត​ចំណែក​ទីផ្សារ​របស់​អតិថិជន​។

លោក​បាន​ថ្លែងថា​៖ «​ពិន្ទុ​ឥណទាន​របស់​យើង គឺជា​ផលិតផល​មួយ​ដែល​ប្រើ​បច្ចេកទេស​ស្វែងរក​ទិន្នន័យ និង​ការវិភាគ​កម្រិត​ខ្ពស់​។ យើង​ផ្តោតលើ​ការបង្កើន​ជំនាញ​កម្លាំង​ពលកម្ម​របស់​យើង​ជានិច្ច ដើម្បី​ធានាថា ពួកគេ​អាចអនុវត្ត​ជំនាញ​ស្របតាម​តម្រូវការ​ទីផ្សារ​ដែល​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​»​។

«​យើង​ក៏​បើកចំហ​ផងដែរ​នៅក្នុង​ការសហការ​ជាមួយ​អ្នកជំនាញ និង​ស្ថាប័ន​ខាងក្រៅ ដែលជា​ការរួម​ផ្សំគ្នា​ក្នុងការ​នាំមក​នូវ​អត្ថប្រយោជន៍​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​»​។ នេះ​បើ​យោងតាម​លោក សុធារ័ត្ន​។

យោងតាម​លោក ចាន់នី ចំនួន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​របស់ អេស៊ីដា​បច្ចុប្បន្ន​មាន​រហូតដល់ ៩៤ ​ភាគរយ ខណៈ​អ្នកប្រើប្រាស់​សេវា​ទីភ្នាក់ងារ និង​បញ្ជរ​មានតែ ៦ ​ភាគរយ​ប៉ុណ្ណោះ​។

ទោះបី​យ៉ាងនេះ​ក្តី​លោក ចាន់នី បញ្ជាក់ថា អេស៊ីលីដា នឹង​បន្ត​ពង្រីក​ការិយាល័យ​នៅតាម​រាជធានី​-​ខេត្ត​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​ក្នុង​ឆ្នាំ​ ២០២២ នេះ ដើម្បី​ឆ្លើយតប​នឹង​កំណើន​របស់​អ្នកប្រើប្រាស់​។ លោក​បន្ថែមទៀតថា ក្នុងចំណោម​ប្រាក់​បញ្ញើ​សន្សំ​សរុប​របស់​អេស៊ីលីដា ជាង ៥,៤​ ពាន់​លាន​ដុល្លារ មានការ​រួមចំណែក ៧០​ ភាគរយ​ពី​អតិថិជន​នៅ​រាជធានី​ភ្នំពេញ រីឯ​ទំហំ​ឥណទាន​ដែលមាន​ជាង ៥ ​ពាន់​លាន​ដុល្លារ​ដូចគ្នា ៧០ ​ភាគរយ​ត្រូវបាន​ក្តោប​ក្តាប់​ដោយ​អតិថិជន​នៅតាម​បណ្តា​ខេត្ត​។

យោងតាម​លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា នៅក្នុង​ឆ្នាំ​ ២០២១ អេស៊ីលីដា​បានទទួល​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ចំនួន ៨៥ ​លាន​ប្រតិបត្តិការ​កើនឡើង ៦១ ​ភាគរយ ដែលមាន​ទំហំ​ទឹកប្រាក់ ៣៤ ​ពាន់​លាន​ដុល្លារ​កើនឡើង ៩០​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​អេស៊ីលីដា បានរួម​ចំណែក​ទីផ្សារ​ប្រតិបត្តិការ ១២,១៩ ​ភាគរយ និង​ទំហំ​ប្រតិបត្តិការ ១៧,១៦ ​ភាគរយ​នៃ​ចំនួន​ប្រតិបត្តិ​ការសរុប​របស់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​ ២០២១​។

របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) កាលពីពេល​ថ្មីៗ​នេះ​ឱ្យដឹងថា នៅ​ឆ្នាំ​ ២០២១ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បានធ្វើ​ប្រតិបត្តិការ​ទូទាត់​ប្រាក់​តាម​អេឡិចត្រូនិក​មាន​ជិត ៧០០ ​លាន​ប្រតិបត្តិការ ដែលមាន​ទំហំ​ទឹកប្រាក់​ជិត ២០០ ​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង ៧៨៧ ​ភាគរយ​នៃ​ផលិតផល​សរុប​៕ LA

វីដេអូ៖