The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការនាំចេញ​ផ្លែស្វាយ​ស្រស់ និង​ផលិតផល​ពី​ផ្លែស្វាយ​មាន​ចំនួន​ជាង ២៦,៥ ​ម៉ឺន​តោន

ការនាំចេញ​ផ្លែស្វាយ​ស្រស់ និង​ផលិតផល​ពី​ផ្លែស្វាយ​មាន​ចំនួន​ជាង ២៦,៥ ​ម៉ឺន​តោន

Content image - Phnom Penh Post
កសិករប្រមូលផលស្វាយនៅស្រុកល្វាឯម ខេត្តកណ្ដាល នាពេលកន្លងទៅ។ ហេង ជីវ័ន

ការនាំចេញ​ផ្លែស្វាយ​ស្រស់ និង​ផលិតផល​ពី​ផ្លែស្វាយ​មាន​ចំនួន​ជាង ២៦,៥ ​ម៉ឺន​តោន

ភ្នំពេញៈ ផ្លែស្វាយ​ស្រស់ និង​ផលិតផល​កែច្នៃ​ពី​ស្វាយ​ជាង ២៦,៥​ ​ម៉ឺន​តោន​ត្រូវបាន​គេ​នាំ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ប្រទេស​វៀតណាម​បាន​គ្របដណ្តប់​ចំណែក​ទីផ្សារ​ប្រមាណ ៧៦ ​ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​កសិកម្ម​។

ផលិតផល​ពី​ផ្លែស្វាយ​ត្រូវបាន​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​ ៣​ប្រភេទ គឺ​ផ្លែស្វាយ​ស្រស់​, តំណាប់​ស្វាយ និង​ទឹក​ស៊ីរ៉ូស្វាយ​។

ក្នុងចំណោម​ការនាំចេញ​សរុប​ទាំង ២៦៥ ២២៩,៧៦ ​តោន គឺ​ប្រទេស​វៀតណាម​មាន​ចំនួន ១៩៩ ៦៣៦,៦៨ ​តោន​ស្មើនឹង​ជាង​ ៧៦ ​ភាគរយ​នៃ​ការនាំចេញ​សរុប តាម​ពីក្រោយ​ដោយ​ថៃ មាន ៣៩ ៩២០,៤១ ​តោន និង​ប្រទេស​ចិន ១៩ ១៨៨,៧៥​ តោន​។

យោងតាម​របាយការណ៍​ក្រសួង​កសិកម្ម​ចាប់ពី​ខែមករា ដល់​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២១ ការនាំចេញ​ស្វាយស្រស់ និង​ផលិតផល​ពី​ផ្លែស្វាយ​មាន​បរិមាណ​សរុប ២៦៥ ២២៩,៧៦ ​តោន​ដោយ​ក្នុងនោះ​ផ្លែស្វាយ​ស្រស់​មាន ២៤២ ៤៨៣,៧៦ ​តោន កើនឡើង ១៤៨,៣៨​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ទីផ្សារ​វៀតណាម​ស្រូបយក​ផលិតផល​ផ្លែស្វាយ​ស្រស់​ច្រើនជាងគេ ដោយមាន​ចំនួន ១៩៩ ០៧៧,៣៨ ​តោន​, ថៃ ៣៨ ៤១៩,២៨ ​តោន​, ចិន ៤៧៧១ ​តោន​, កូរ៉េ​១៤៩,១១ ​តោន ។​ល​។

ចំណែក​ការនាំចេញ​តំណាប់​ស្វាយ​មាន​ចំនួន ១៧ ៨៧៩,៨២ ​តោន​កើនឡើង ១៧៩,៣០ ​ភាគរយ ដោយ​ប្រទេស​ចិន​ទទួល​ទិញ ១៤ ២៤៦,២០ ​តោន​, ថៃ​១៥០១,១៣ ​តោន​, ហ្វីលីពីន​ ៩៧៥,០៨ ​តោន​, និង​វៀតណាម ៥៥៩,៣០ ​តោន ក្រៅពីនោះ​មាន​រុស្ស៊ី​, ចក្រភព​អង់គ្លេស​, កូរ៉េ ១៨,៧០​តោន​, ជាដើម​។ រីឯ​ការនាំចេញ​ទឹក​ស៊ី​រ៉ូ​ស្វាយ​មាន ៤ ៨៦៦,១៨ ​តោន កើនឡើង ៣៣,២៨​ ភាគរយ​, ហ្វីលីពីន ចំនួន ៤ ៦៩៨,៦៣ ​តោន និង​ប្រទេស​ចិន​មាន​ចំនួន ១៦៧,៥៥ ​តោន​។

វិស័យ​ឯកជន​លើកឡើងថា ការនាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​នៅតែមាន​កំណើន​ខ្ពស់​ក្នុង​ឆ្នាំ​ ២០២១ ស្របពេល​កម្ពុជា​ជួបនឹង​បញ្ហា​ប្រឈម​មួយចំនួន​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ដែល​វិនិយោគ​ការដាំដុះ និង​នាំចេញ​ផ្លែស្វាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៩ ខែមករា​ថា ផ្លែស្វាយ គឺជា​ផលិតផល​សក្តានុពល​មួយ​សម្រាប់​នាំចេញ ជាពិសេស​បន្ទាប់ពី​ប្រទេស​ចិន​អនុញ្ញាតឱ្យ​កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​ដោយផ្ទាល់​ទៅ​ទីផ្សារ​របស់ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​តាម​ការព្យាករ​គឺ​ការនាំចេញ​ស្វាយ​ក្នុង​ឆ្នាំ​ ២០២២ នេះ​នឹងមាន​កំណើន​បើ​ធៀប​ឆ្នាំ ​២០២១ ព្រោះ​នៅពេលនេះ​រដូវ​ប្រមូលផល​កំពុង​ចាប់ផ្តើម​ជា​បណ្តើរៗ​ហើយ​»​។

ទោះយ៉ាងណា លោក​អះអាងថា ដោយសារតែ​ប្រទេស​ចិន​ជាទី​ផ្សារ​ធំ ហេតុនេះ​តម្លៃ​ក៏បាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង​ផងដែរ​។

កម្ពុជា​រំពឹងថា ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន និង​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ ​(RCEP)​ កាលពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ គឺជា​ការបើកផ្លូវ​បន្ថែមទៀត​សម្រាប់​ផលិតផល​ស្វាយ​កម្ពុជា​។

ប្រធាន​សមាគម​កសិកម្ម​ស្វាយកែវ​រមៀត​នៅក្នុង​ខេត្តកំពង់ស្ពឺ លោក អ៊ុំ សាវឿន បាន​និយាយថា ផ្ទៃដី​ចម្ការ​ស្វាយ និង​ទិន្នផល​ផ្លែស្វាយ​បាន​កើនឡើង​រៀងរាល់ឆ្នាំ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នា​រយៈពេល ៣ ​ឆ្នាំ​ចុងក្រោយ​នេះ គឺ​បញ្ហា​ទីផ្សារ និង​តម្លៃ ដែល​បានធ្វើឱ្យ​ម្ចាស់​ចម្ការ​ស្វាយ​មួយចំនួន​សុខចិត្ត​ទុក​ផ្លែ​ឱ្យ​ជ្រុះ​ចោល​។ លោក​បន្តថា អ្វី​ដែលជា​ចំណុច​ត្រូវ​ចាប់អារម្មណ៍​បន្ថែម​ក្នុងឆ្នាំនេះ​គឺ​ទីផ្សារ​នាំចេញ​អាច​នឹង​ជួប​បញ្ហា​កាន់តែច្រើន ដោយសារ​ប្រទេស​វៀតណាម ដែល​តែង​ប្រមូល​ទិញ​ផ្លែស្វាយ​ពី​កម្ពុជា​សម្រាប់​នាំ​បន្តទៅ​ប្រទេស​ចិន កំពុងមាន​បញ្ហា​ពី​ការរឹតបន្តឹង​ព្រំដែន​វៀតណាម​-​ចិន​។

លោក​លើកឡើង​ថា​៖ «​ដោយសារ​វៀតណាម ដែលជា​ទីផ្សារ​ធំ ដូច្នេះ​បើ​ទីផ្សារ​របស់​វៀតណាម​ជួប​បញ្ហា ការប្រមូល​ទិញ​ផ្លែស្វាយ​ពី​កម្ពុជា​ទៅ​វៀតណាម​ក៏​ជួប​បញ្ហា​ដែរ​»​។

លោក​បន្ថែមទៀតថា ត្រង់ចំណុច​នេះ​លោក​ស្នើឱ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​នាំចេញ​ផ្លែស្វាយ​ឱ្យបាន​កាន់តែ​ច្រើន​បន្ថែមទៀត​៕ LA

អត្ថបទគួរចាប់អារម្មណ៍