The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កំពង់ផែ​ទេសចរណ៍​កែប-​កោះទន្សាយ​ នឹង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន ប្រជាពលរដ្ឋ​ក្នុង​តំបន់

កំពង់ផែ​ទេសចរណ៍​កែប-​កោះទន្សាយ​ នឹង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន ប្រជាពលរដ្ឋ​ក្នុង​តំបន់

Content image - Phnom Penh Post
ទិដ្ឋភាព​ពីលើ​អាកាស​នៃ​កំពង់ផែ​ទេសចរណ៍​កែប-​កោះទន្សាយ ដែល​អាច​ទទួល​ឱ្យ​នាវា​ចំណុះ​ក្រោម ៣០០​ នាក់​ចូល​ចត​បាន​។ រូបថត សហការី

កំពង់ផែ​ទេសចរណ៍​កែប-​កោះទន្សាយ​ នឹង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន ប្រជាពលរដ្ឋ​ក្នុង​តំបន់

កែបៈ ​កំពង់ផែ​ទេសចរណ៍​កែប-កោះទន្សាយ តម្លៃ​ជាង ១,២​លាន​ដុល្លារ​ត្រូវបាន​រំពឹងថា​នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​ធំធេង​ទៅដល់​សេដ្ឋកិច្ច​មូលដ្ឋាន​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប ទាំង​ផ្នែក​ទេសចរណ៍ កសិកម្ម និង​នេសាទ ខណៈ​កំពង់ផែ​មួយ​នេះ​អាច​អនុញ្ញាត​ឱ្យ​នាវា​មាន​ចំណុះ​ក្រោម ៣០០ ​នាក់​ចូល​ចត​បាន​យ៉ាង​ងាយស្រួល​។

នៅក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​កែប-​កោះទន្សាយ កាលពី​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ នៅ​ក្រុងកែប ខេត្ត​កែប លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើងថា ការបើក​ឱ្យប្រើ​ប្រាស់​កំពង់ផែ​ទេសចរណ៍​កែប​-​កោះទន្សាយ​ក្នុង​ពេលនេះ គឺ​បន្ទាប់ពី​កម្ពុជា​ប្រកាស​បើកទទួល​ភ្ញៀវ​បរទេស​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ចាប់​តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក​បន្ថែមថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​សម្រួល​ដល់​ដំណើរការ​វិស័យ​ទេសចរណ៍​ឱ្យ​រីកចម្រើន​។ កំពង់ផែ​នេះ​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​ទាក់ទាញ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឱ្យមក​កម្សាន្ត​នៅ​ខេត្ត​កែប​ និង​បណ្តា​កោះ​នានា​នៅ​ខេត្ត​នេះ​។

លោក​បញ្ជាក់ថា​៖ «​ការសាងសង់​កំពង់ផែ​កាន់​ច្រើន មិន​ថា​កំពង់ផែ​ទេសចរណ៍ ឬ​កំពង់ផែ​ដឹកជញ្ជូន​ទំនិញ​នោះទេ គឺ​សុទ្ធតែ​មាន​គោលដៅ​ជួយ​សម្រួល​ដល់​ការលំបាក​របស់​ប្រជាជន​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​»​។

លោក ស៊ុន ចាន់ថុល ក៏បាន​ស្នើ​ដល់​ម្ចាស់​ទូក​ទេសចរណ៍​ និង​ទូក​ផ្សេងៗ​ទៀត ត្រូវ​ពិនិត្យមើល​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​ដោយ​ភ្ជាប់​នូវ​ឧបករណ៍​សុវត្ថិភាព​ឱ្យបាន​គ្រប់គ្រាន់​រាល់ពេល​ធ្វើដំណើរ​តាម​​ផ្លូវទឹក​ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​។

នៅមុន​ពិធី​សម្ពោធ​ ១ ​ថ្ងៃ គឺ​ថ្ងៃទី ​១៨ ខែមករា អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កែប​ជា​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​ ១ ក្នុងចំណោម​ខេត្ត​ទាំង​ ៤ នៅ​កម្ពុជា ដែលមាន​កោះ​ចំនួន ១២ ថ្ម​ប៉ប្រះ​ទឹក ​១ ដូចនេះ​មធ្យោបាយ​ធ្វើដំណើរ​តាមផ្លូវ​ទឹក​គឺមាន​ភាពចាំបាច់​បំផុត​សម្រាប់​ខេត្ត​មួយ​នេះ​។

លោក​បន្ថែមថា ក្នុងនាម​ជា​ខេត្ត​គោលដៅ​ទេសចរណ៍ ប្រជាជន​ភាគច្រើន​មាន​មុខរបរ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ដូចនេះ​ការសាងសង់​ផែ​ទេសចរណ៍​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការបម្រើ​សេវាកម្ម​ទេសចរណ៍​ផ្នែក​ផ្លូវទឹក​ដោយបាន​រៀបចំ​ជា​ចំណតទូក អូរប័រ​ (​ទូក​លឿន​សម្រាប់​ដឹក​អ្នកដំណើរ​)​។

លោក​អភិបាលខេត្ត​បញ្ជាក់ថា​៖ «​កន្លងមក​ទូក អូរប័រ ​(​ទូក​លឿន​សម្រាប់​ដឹក​អ្នកដំណើរ​) មិនអាច​ចត​នៅ​កែប​បានទេ​ដោយសារ​យើង​អត់​មាន​ចំណត​ដែល​អាច​ផ្ទុក​នាវា​ទេសចរណ៍​ចំណុះ​ក្រោម ៣០០ ​នាក់​បាន​។ យើង​សង្ឃឹមថា ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ នឹង​ប្រើប្រាស់​ផែ​នេះ​ជា​ប្រយោជន៍​រួម ដើម្បី​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​សហគមន៍​»​។

លោក​មានជំនឿថា ក្រៅពី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ក្នុងស្រុក នាពេលខាងមុខ​រដ្ឋាភិបាល​អាច​នឹង​ពិចារណា​ជំរុញ​ឱ្យមាន​ទេសចរណ៍​ទ្វេភាគី និង​ការដឹកជញ្ជូន​ជាមួយ​ប្រទេស​ជិតខាង ដោយសារ​ខេត្ត​កែប​មាន​ដែនទឹក​ប្រវត្តិសាស្ត្រ​ជាប់​នឹង​ខេត្ត​គៀនយ៉ាង ប្រទេស​វៀតណាម​។

បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ក្រសួង​កំពុង​ពិចារណា និង​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ក្នុងការ​ស្វែងរក​ថវិកា​ដើម្បី​សាងសង់​ចំណត​រថយន្ត​ចំនួន ២៥០ ​កន្លែង ដើម្បី​សម្រួល​ដល់​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត ខណៈ​បច្ចុប្បន្ន​ខេត្ត​នេះ​កំពុងមាន​បញ្ហា​ខ្វះ​ចំណត​។

កំពង់ផែ​នេះ​សង់​ចេញពី​ដីគោក​ទៅក្នុង​ទឹក​ជម្រៅ​ប្រមាណ ៣០៦ ​ម៉ែត្រ ទទឹង ៦៨ ​ម៉ែត្រ និង​ផ្ទៃក្រឡា​ជិត ៥ ​ពាន់​ម៉ែត្រការ៉េ ហើយ​ត្រូវបាន​សាងសង់​លើ​ទីតាំង​កំពង់ផែ​កោះទន្សាយ​ចាស់ ស្ថិតក្នុង​សង្កាត់​កែប ក្រុង​កែប ដោយ​ចាប់ផ្តើម​សាងសង់​ក្នុង​ខែធ្នូ ឆ្នាំ​ ២០១៩ និង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​ ២០២១៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍