
លោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ផែនការស្តារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិជំងឺកូវីដ ១៩ នឹងក្លាយជាគន្លឹះយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗនៃការទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ លើកទី ៤០ ក្រោមប្រធានបទ អាស៊ាន សហគមន៍សន្តិភាព និងវាសនាតែមួយ កាលពីថ្ងៃទី ១៨ មករា ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមឡើងថា វិបត្តិកូវីដ ១៩ បានធ្វើឱ្យភាពរីកចម្រើននៃវិស័យទេសចរណ៍ដើរថយក្រោយ ដែលតម្រូវឱ្យថ្នាក់ដឹកនាំទេសចរណ៍ទាំងផ្នែកឯកជន រដ្ឋ និងសហគមន៍អន្តរជាតិ ត្រូវគិតគូរឡើងវិញនូវនយោបាយអភិវឌ្ឍន៍ និងគំរូធុរកិច្ចសមស្របក៏ដូចជាផែនការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យទេសចរណ៍ក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ក្រោយវិបត្តិកូវីដ ១៩។
លោកបានលើកឡើងថា នៅក្នុងរយៈពេល ២ ឆ្នាំកន្លងផុតទៅ ប្រទេសនីមួយៗបានប្រកាន់យកនូវវិធានការដោយឡែកៗពីគ្នា ព្រោះជាតម្រូវការក្នុងស្ថានភាពផ្សេងគ្នាដែលប្រទេសនីមួយៗខិតខំប្រឹងប្រែងរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដក្នុងប្រទេសរបស់ខ្លួនរាប់ទាំងការបិទព្រំដែន។
លោកបញ្ជាក់ថា៖ «កាលពីប៉ុន្មានសប្តាហ៍មុន ខ្ញុំបានពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ហើយពីម្សិលមិញ (១៧ មករា ២០២២) ខ្ញុំបានពិភាក្សាជាមួយឯកឧត្តមអគ្គលេខាធិការអាស៊ានពីការបន្តការខិតខំនៅក្នុងឆ្នាំ ២០២២ នេះ ទៅលើការទប់ស្កាត់កូវីដ ១៩ម្ខាង ហើយម្ខាងទៀតត្រូវបើកច្រករបៀងធ្វើដំណើរនៅក្នុងតំបន់អាស៊ានរបស់យើង នេះជាវិធីដើម្បីការតភ្ជាប់ឡើងវិញរវាងប្រជាជន និងប្រជាជនក្នុងក្របខ័ណ្ឌទេសចរណ៍ផង ក្របខ័ណ្ឌធុរកិច្ច និងការធ្វើពាណិជ្ជកម្មរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ានផង»។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា មុនពេលផ្ទុះជំងឺកូវីដ ១៩ អាស៊ាន បានទទួលកំណើនទេសចរណ៍ប្រចាំឆ្នាំក្នុងរង្វង់ ៦ ភាគរយ ហើយត្រឹមឆ្នាំ ២០១៩ ទេសចរណ៍អាស៊ានបានបង្កើតការងារផ្ទាល់ប្រមាណ ៣០ លាននាក់ និងចូលរួមប្រមាណ ១០ ភាគរយនៃ GDP របស់តំបន់។ ដោយឡែកទេសចរផ្ទៃក្នុងអាស៊ានមានចំណែកជាង ៤០ ភាគរយនៃទេសចរអន្តរជាតិសរុប។
លោកបន្ថែមថា កំណើនទាំងនេះរួមផ្សំនឹងយន្តការទ្រទ្រង់ដែលកំពុងអនុវត្ត ធ្វើឱ្យសមាជិកអាស៊ានរំពឹងថានឹងអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនឆ្នាំ ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦-២០២៥។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា៖ «ជាអកុសលក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅនេះ វិបត្តិជំងឺកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ពិសេសឆ្នាំ ២០២០ អាស៊ានទាំងមូលទទួលបានទេសចរអន្តរជាតិចំនួន ២៥,៩៦ លាននាក់ធ្លាក់ចុះ ៨០ ភាគរយហើយចំណូលពីទេសចរណ៍ធ្លាក់ចុះ ៧៥,៨ ភាគរយ។ និន្នាការធ្លាក់ចុះនេះនៅតែបន្ត»។
ក្នុងពិធីបើកពិព័រណ៍អន្តរជាតិនាថ្ងៃទី ១៩ ខែមករានេះ លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី គឺកម្ពុជាជាប្រទេសឈានមុនគេក្នុងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ដែលនេះជាការបង្ហាញដល់ពិភពលោកថា យើងបានត្រៀមខ្លួនរួចរាល់ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ ទោះបីជាមានមេរោគបំប្លែងថ្មី អូមីក្រុងក៏ដោយ។ លោកស្រីបន្តថា ការរៀបចំវេទិកាទេសចរណ៍អាស៊ាន គឺដើម្បីបង្ហាញពិភពលោកថា កម្ពុជាគឺជាគោលដៅសុវត្ថិភាព។
លោកស្រីបានបញ្ជាក់ថា៖ «វិស័យឯកជនត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរៀបចំការធ្វើធុរកិច្ចឡើងវិញភ្ជាប់ទំនាក់ទំនងជាមួយដៃគូបរទេសឡើងវិញត្រូវផ្សព្វផ្សាយដើម្បីជំរុញវិស័យទេសចរណ៍ឱ្យដំណើរការប្រសើរបានលឿនថែមទៀត»៕ LA