ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន មាស​បាន​ស្ថិត​នៅក្នុង​ទំនោរ​ធ្លាក់ចុះ ដោយ​បាន​ធ្លាក់ចុះ​ពី​តម្លៃ​ខ្ពស់​ថ្ងៃ​ព្រហស្បតិ៍​ ១ ៨២២,៧៧ ដុល្លារ​ក្នុង ១ អោនស៍ មកដល់​តម្លៃ​បើក​ផ្សារ ១៨១៨,២១ ដុល្លារ គិត​ត្រឹម​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​។ ទីផ្សារ​តម្លៃ​មាស​បាន​បន្ដ​រង​សម្ពាធ​ដោយសារ​ប្រាក់​ដុល្លារ​បាន​ឡើងថ្លៃ និង​ទិន្នផល​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​កើនឡើង​។

ឥឡូវនេះ ទិសដៅ​តម្លៃ​មាស ដែលជា​ធម្មតា​ប្រែប្រួល​បញ្ច្រាស​ទៅនឹង​តម្លៃ​ប្រាក់​ដុល្លារ​ត្រូវ​បាន​វិនិយោគិន​កំពុង​រង់ចាំ​មើល​ទំនោរ​បន្ទាប់​របស់​វា ស្របពេល​កំពុង​រង់ចាំ​មើល​ការសម្រេចចិត្ត​របស់​ធនាគារ​កណ្តាល​អាមេរិក​លើ​គោលនយោបាយ​អត្រា​ការប្រាក់​ថ្មី​ដែល​នឹងត្រូវ​សម្រេច​នៅ​ថ្ងៃទី​ ២៦ ខែមករា ខាងមុខនេះ​។ នៅ​ដើមខែ​មករា ឆ្នាំ​ ២០២២ នេះ តម្លៃ​មាស​បាន​រំកិល​ពី​ចន្លោះ ១ ៨៣១, ៦១ មកដល់ ១ ៧៨២,៤៦ ដុល្លារ​។

សប្តាហ៍​មុន​វិញ តម្លៃ​ហាងឆេង​មាស​បាន​រត់​ក្នុង​ចន្លោះ ១ ៨២៨ មកដល់ ១ ៧៩០ ដុល្លារ ដែល​បញ្ជាក់​ឱ្យឃើញថា តម្លៃ​ហាងឆេង​មាស​កំពុង​រត់​ក្នុង​ចន្លោះ​ទិសដៅ​ឡើង​ចុះ​ទៀងទាត់ (Sideway)​។ លោក ឡុង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បាន​យល់ឃើញថា​៖ «​តម្លៃ​ហាងឆេង​មាស​ហាក់បី​ដូចជា​កំពុង​រង់ចាំ​ការសម្រេច​ពី​ធនាគារកណ្ដាល​សហរដ្ឋ​អាមេរិក ដើម្បី​បំបែក​ទៅរក​ទិញ​ដៅ​ធំ​ណាមួយ​។

ប៉ុន្ដែ​បើទោះបីជា​អត្រា​ការប្រាក់ (០,២៥%) នឹងត្រូវ​បាន​ដំឡើង ទម្លាក់ ឬក៏​រក្សាទុក​ក៏ដោយ តម្លៃ​មាស​អាច​នឹង​ធ្លាក់ចុះ មុន​ការសម្រេចចិត្ត​របស់​ធនាគារ​កណ្ដាល និង​ត្រឡប់មក​កើន​ឡើងវិញ​ បន្ទាប់ពី​ការសម្រេច​ហើយ ពីព្រោះ​ថា បើទោះជា​មាន​ការដំឡើង​អត្រា​ការប្រាក់​ក្ដី វា​អាចជួយ​បាន​ត្រឹម​រយៈពេល​ខ្លី​តែប៉ុណ្ណោះ ពោលគឺ​មិនទាន់​អាច​កាត់បន្ថយ​អត្រា​អតិផរណា​ដែល​កំពុង​កើនឡើង​ខ្ពស់​បាន​ទាំងស្រុង​នោះទេ​»​។

សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ វិនិយោគិន​អាច​ពិចារណា​លក់​តម្លៃ​ហាងឆេង​មាស​មុន​ការសម្រេច​ចិត្ដ​របស់​ធនាគារកណ្ដាល​ក្នុងតម្លៃ ១ ៨១៥ ដុល្លារ​ជាមួយ​មុខងារ​ទាញយក​ប្រាក់ចំណេញ​នៅ​តម្លៃ ១ ៨០០ ដុល្លារ និង​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ១ ៨២៨ ដុល្លារ​៕