ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX)​ ប្ដេជ្ញា​នឹង​យកចិត្ត​ទុកដាក់​លើ​ការបង្កើន​ចំនួន​ការចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ និង​មូលបត្រ​បំណុល​ដែលមាន​ស្រាប់​ដោយ​ផ្តោត​សំខាន់​ទៅលើ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) មកពី​វិស័យ​បច្ចេកវិទ្យា ទូរគមនាគមន៍ សេវា​ថែទាំ​សុខភាព ភ័ស្ដុភារ អាហារ និង​ភេសជ្ជៈ ដែល​កំពុងមាន​កំណើន​នាពេល​បច្ចុប្បន្ន​។ នេះ​បើតាម​របាយការណ៍​សមិទ្ធផល​របស់​ផ្សារមូលបត្រ​កម្ពុជា​ឆ្នាំ​ ២០២១ និង​ទស្សនវិស័យ​ឆ្ពោះទៅ​ឆ្នាំ​ ២០២២​។

នៅក្នុង​ឆ្នាំ​​ ២០២០ ​នេះ​ផងដែរ CSX ក៏​គ្រោង​នឹង​បង្កើត​ប្រភេទ​ផលិតផល​មូលបត្រ​ថ្មី​ដើម្បី​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ផងដែរ មានដូចជា មូលបត្រ​បំណុល​រដ្ឋាភិបាល គម្រោង​វិនិយោគ​រួម​ (CIS) ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន​ដែលមាន​ស្រាប់​ដោយ​មិនចាំបាច់​បោះផ្សាយ​ភាគហ៊ុន​ថ្មី ការចុះបញ្ជី​ក្រុមហ៊ុន​មេ​រួមជាមួយ​ផលិតផល​ថ្មីៗ​។

យោងតាម​របាយការណ៍ CSX ដើម្បី​ពង្រីក និង​ពន្លឿន​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​នៅ​ប្រទេស​កម្ពុជា​យុទ្ធសាស្ដ្រ​ទាំងនេះ​គឺ​ធ្វើយ៉ាងណា​ត្រូវ​បង្កើន​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ក្នុង​ទីផ្សារ​។

CSX បាន​លើកឡើងថា​៖ «​ក្នុង​ឆ្នាំ​ ២០២២ យើង​នឹង​ផ្តោត​សំខាន់​លើ​ការសម្រួល និង​បន្ថែម​មុខងារ​លើ​ប្រតិបត្តិការ​ជួញដូរ ផាត់ទាត់ និង​ទូទាត់​ឱ្យ​កាន់តែ​ងាយស្រួល និង​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុង​កិច្ច​កែលម្អ​ឱ្យ​ប្រសើរឡើង​នេះ យើង​មាន​គម្រោង​ណែនាំ​មុខងារ​ប្រតិបត្តិការ​ថ្មីៗ​ដូចជា កម្មវិធី​ទូរស័ព្ទ​សម្រាប់​ជួញដូរ​មូលបត្រ​ការបើក​គណនី​អនឡាញ ការជួញដូរ​ដោយ​មិនចាំបាច់​មាន​សាច់ប្រាក់​គ្រប់គ្រាន់ ​(Margin Trading) ការ​សម្របសម្រួល ការទូទាត់​ជា​រូបិយប័ណ្ណ​បរទេស ការពន្លឿន​ការទូទាត់​មូលបត្រ​បំណុល​ពី T+2 មក T+1 ការទទួល​ស្គាល់​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​នៅក្នុង​វិស័យ​មូលបត្រ​ដំបូងបង្អស់​ជា​សមាជិក​របស់​ CSX និង​បង្កើត​បណ្ដាញ​វិនិយោគិន​កម្ពុជា​។ ការធ្វើឱ្យ​ទិន្នន័យ​ភាគហ៊ុន​របស់​ប្រទេស​កម្ពុជា​មាន​នៅលើ​វេទិកាព័ត៌មាន​ហិរញ្ញវត្ថុ​សកល​»​។

CSX បន្តថា​៖ «​យើង​ក៏​នឹង​ពង្រឹង​បណ្ដាញ​ព័ត៌មាន និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​បរទេស រួមទាំង​ទីផ្សារ​ភាគហ៊ុន​បរទេស​ចម្បងៗ​។ បន្ថែម​ពីលើ​នេះ យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​សាធារណៈ ដើម្បី​លើកកម្ពស់​ការយល់​ដឹង​អំពី​ទីផ្សារ និង​គាំទ្រ​ដល់​ការបង្កើត និង​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​វិភាគ​មូលបត្រ​ទៅដល់​វិនិយោគិន​។ យើង​ធ្វើការ​ដើម្បី​ធានា​ឱ្យបាន​នូវ​បរិយាកាស​ជួញដូរ​ដោយ​ភាពយុត្តិធម៌ និង​តម្លាភាព ដើម្បី​រក្សា​ទំនុកចិត្ត និង​ផលប្រយោជន៍​របស់​វិនិយោគិន​ទាំង​ក្នុងស្រុក និង​បរទេស​ទាំងអស់​»​។

អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា (SERC) លោក ស៊ូ សុជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​ថា ឆ្នាំ​ ២០២២ នឹង​ក្លាយជា​ឆ្នាំ​ល្អ​សម្រាប់​ទីផ្សារ​មូលធន​កម្ពុជា​ដើម្បី​រីកចម្រើន ខណៈដែល​ក្រុមហ៊ុន​ជាច្រើន​ទៀត​គ្រោង​នឹង​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​មួយ​នេះ ហើយ​នឹងមាន​រៀបចំ​ព្រឹត្តិការណ៍​មួយចំនួន​សម្រាប់​អភិវឌ្ឍ​ទីផ្សារ​។

លោក​បញ្ជាក់ថា​៖ «​ឆ្នាំ​ ២០២២ នឹង​ក្លាយជា​ឆ្នាំ​ដ៏គួរឱ្យ​រំភើប និង​ជា​ឆ្នាំ​ដែល​ផ្ដល់​ផ្លែផ្កា​មួយ​ផ្សេងទៀត​សម្រាប់ SERC ក្នុងនាម​ជា​និយតករ​ទីផ្សារ​មូលធន​ក្នុងប្រទេស​កម្ពុជា និង​ជា​ប្រធាន​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន (ACMF)​។ អាទិភាព​ចម្បង​របស់​យើង​គឺ​ការលើកកម្ពស់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​កាន់តែច្រើន និង​ការជួញដូរ​កាន់តែច្រើន តាមរយៈ​ការធ្វើឱ្យមាន​ការចុះបញ្ជី និង​បរិយាកាស​ជួញដូរ​កាន់តែ​អំណោយផល​។ ការធ្វើ​ពិពិធកម្ម​ផលិតផល​កាន់តែច្រើន​នៅលើ​ទីផ្សារ​មួយ​នេះ​»​។

លោក​បាន​បន្ថែមថា​៖ «​ក្នុងនាម​ជា​និយតករ​នៃ​ទីផ្សារ​មូលធន​យើង​តែងតែ​ដាក់​ការការពារ​វិនិយោគិន​យើង​ជា​អាទិភាព​ចម្បង​។ SERC បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ដល់​សាធារណជន​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ទីផ្សារ​មូលបត្រ​»​។

យោងតាម​របាយការណ៍​នេះ​កាលពី​ឆ្នាំ​ ២០២១ ផ្សារមូលបត្រ​កម្ពុជា​បាន​ចុះបញ្ជី​ក្រុមហ៊ុន​នៅលើ​ទីផ្សារ​កំណើន​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ដ្រ​របស់ខ្លួន​ដោយមាន​ក្រុមហ៊ុន​និមិត្តសញ្ញា ​(DBDE) ហើយ​ក៏បាន​ចុះបញ្ជី​មូលបត្រ​បំណុល​សាជីវកម្ម​ឯកជន​ជា​លើកដំបូង​បង្អស់​ផងដែរ គឺ​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន​ថែលកូថេក (Telcotech) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប​។

ការចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ DBDE ប្រមូល​មូលធន​បាន​ជាង ១៥ ​ពាន់​លាន​រៀល និង Telcotech ប្រមូលបាន​មូលធន ៨០ ​ពាន់​លាន​រៀល​។

គួរ​កត់សម្គាល់ថា បរិមាណ និង​តម្លៃ​ជួញដូរ​ភាគហ៊ុន​ជា​មធ្យម​នៅ​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ឆ្នាំ​ ២០២១ បាន​បំបែក​កំណត់ត្រា​ខ្ពស់បំផុត​ចាប់តាំងពី​បើក​ដំណើរការ​ទីផ្សារ​គឺមាន​ចំនួន ២៣៤ ៦២៨ ​ភាគហ៊ុន និង​ប្រមាណ ១ ​ពាន់​លាន​រៀល​រៀង​គ្នា​ក្នុង​ ១ ​ថ្ងៃ​៕ LA