ភ្នំពេញៈ ប្រទេស​កម្ពុជា​រួមជាមួយ​ប្រទេស​ចិន និង​កូរ៉េ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែលមាន​រូបិយប័ណ្ណ​ឌីជីថល ធនាគារ​កណ្ដាល (CBDC) លក់រាយ​ដែល​ចាស់ទុំ​ជាងគេ​បំផុត​ទាំង ​១០ ខណៈ​ដែល​ប្រព័ន្ធ​ទូទាត់ បាគង របស់​ប្រទេស​កម្ពុជា​ផ្តល់​ជា​ករណី​ជាក់ស្តែង​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ការចែកចាយ (DLT) ជា​លក្ខណៈ​ឯកជន​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​អាស៊ាន+៣​។

របាយការណ៍​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១៩ ខែមករា​បង្ហាញថា មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​គម្រោង​រូបិយប័ណ្ណ​ឌីជីថល​ធនាគារកណ្តាល (CBDC) ទូទាំង​ពិភពលោក​។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២១ ​ធនាគារកណ្តាល​របស់​ប្រទេស​បាហាម៉ា នីហ្សេរីយ៉ា និង​ការីបៀន​ខាងកើត​បាន​ចាប់ផ្តើម​ដំណើរការ CBDC សម្រាប់​ការប្រើប្រាស់​លក្ខណៈ​ពាណិជ្ជកម្ម​។

ប្រទេស​ចំនួន ១៤ បាន​ចាប់ផ្តើម​ដំណើរការ ឬ​បញ្ចប់​ការធ្វើ​តេស្ត​សាកល្បង​ CBDC ប្រទេស​ចំនួន ១៦ ​កំពុងស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍ ឬ​ដំណាក់កាល​សាកល្បង ហើយ​ប្រទេស​ចំនួន​ ៤០ ​ផ្សេងទៀត​កំពុង​ធ្វើការ​ស្រាវជ្រាវ​លើ​ផលិតផល​នេះ​។ ធនាគារកណ្តាល​អាស៊ាន+៣ ជាច្រើន​ក៏មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ផងដែរ​នៅ​ផ្នែក​ជួរមុខ​។

របាយការណ៍​ឱ្យដឹង​ដោយ​ផ្អែកលើ PwC (2021) ទីក្រុង​ហុងកុង ប្រទេស​ចិន (​ចាប់ពី​ទីក្រុង «​ហុងកុង​») ជប៉ុន សិង្ហ​បុរី និង​ថៃ​ត្រូវបាន​ចាត់ទុកថា មាន​គម្រោង CBDC លក់ដុំ​ដែល​ចាស់ទុំ​បំផុត​ទាំង​ ១០ ​នៅ​ទូទាំង​ពិភពលោក ខណៈ​ដែល​ប្រទេស​ចិន កម្ពុជា និង​កូរ៉េ មាន​គម្រោង CBDC លក់រាយ​ដែល​ចាស់ទុំ​បំផុត​ទាំង​ ១០​។

របាយការណ៍​បន្តថា ប្រព័ន្ធ​ទូទាត់​បាគង​របស់​ប្រទេស​កម្ពុជា​ផ្តល់​ជា​ករណី​ជាក់ស្តែង​នៃ​ការប្រើប្រាស់ DLT លក្ខណៈ​ឯកជន​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់ ទោះបីជា​គម្រោង​នេះ​មិនមែនជា​ប្រព័ន្ធ CBDC ក៏ដោយ ពីព្រោះ​មិនមាន​ប្រាក់​ដើមកំណើត​ជា​ឌីជីថល​ត្រូវ​ជាប់​ពាក់ព័ន្ធ​នោះទេ​។ របាយការណ៍​ឱ្យដឹងថា​៖ «​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា (​ឆ្នាំ ២០២០) បាន​ឱ្យដឹងថា ការប្រើប្រាស់ DLT នៅក្នុង​គម្រោង​នេះ​សម្រេច​បាន​នូវ​មុខងារ​សំខាន់ៗ ដូចជា ប្រតិបត្តិការ​ចុងក្រោយ និង​លទ្ធភាព​ផ្លាស់ប្តូរ​ទំហំ​ជាមួយ​នឹង​ទិន្នផល​ប្រតិបត្តិការ​រហូត​ដល់ ២ ០០០ ដង ក្នុង​ ១​វិនាទី និង​តិចជាង ៥ ​វិនាទី​ក្នុង​រយៈពេល​ប្រតិបត្តិ​»​។ «​នៅក្នុង​ប្រព័ន្ធ​នេះ ស្ថាប័ន​ដែល​ចូលរួម​ដើរតួនាទី​ទាំង​ ២ ​ជា​បណ្តាញ​តភ្ជាប់​សម្រាប់​អ្នកប្រើប្រាស់​ជាក់ស្ដែង ដើម្បី​ចូលទៅក្នុង​ប្រព័ន្ធ​នេះ និង​ជា​តំណភ្ជាប់​វិមជ្ឈការ​បន្ថែម​ដែល​បង្កើន​ភាព​ធន់​របស់​ប្រព័ន្ធ​នេះ​។ គម្រោង​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែតុលា ឆ្នាំ​ ២០២០»​។

កាលពី​ថ្ងៃទី ​៤ ខែមករា ឆ្នាំ​ ២០២២ ​នេះ​ប្រព័ន្ធ​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជាប់​ពានរង្វាន់​ «​អ្នកឈ្នះ​ឆ្នើម​សម្រាប់​ឆ្នាំ​ ២០២១​ របស់ Nikkie លើ​សេវាកម្ម​និង​ផលិតផល​ដ៏អស្ចារ្យ​លើ​បច្ចេកវិទ្យា និង​ការធ្វើឱ្យមាន​ឥទ្ធិពល​ទៅដល់​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍ​សង្គម​។

បើ​យោងតាម​ការរាយការណ៍​របស់​សារព័ត៌មាន​ប្រចាំថ្ងៃ ​Nikkei Asia ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​ធនាគារ​ក្នុងស្រុក​ ដើម្បី​ប្រតិបត្តិការ និង​ពង្រីក​ការទទួល​យក​បាគង​។ ជា​លទ្ធផល រូបិយប័ណ្ណ​បាន​ទៅដល់​មនុស្ស​ប្រហែល ៧,៩ ​លាន​នាក់​ដែល​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​ចំនួន ១៦,៧ ​លាន​នាក់ រួមទាំង​អ្នក​ដែល​បានទទួល​ដោយ​ប្រយោល​តាមរយៈ​កម្មវិធី​ពី​ធនាគារ​ដៃគូ​។ មាន​ប្រតិបត្តិ​ការសរុប​ចំនួន ៦,៨ ​លាន​ដង ដែល​មាន​តម្លៃ​ប្រហែល ២,៩ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែវិច្ឆិកា​។

លោកស្រី ជា សិរី អគ្គនាយិកា​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន Nikkei Asia ថា ប្រព័ន្ធ Bakong អាចធ្វើ​អន្តរ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ជាច្រើន​ផ្សេងៗ​គ្នា​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដែល​ធ្វើឱ្យ​ការទូទាត់​តាម​ឌីជីថល​មាន​ភាពងាយស្រួល និង​កាន់តែ​មាន​ប្រសិទ្ធភាព​។ «​អន្តរ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ជាច្រើន​ផ្សេងៗ​គ្នា​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នឹងមិន​ត្រឹមតែ​បង្កើត​តម្លៃបន្ថែម​ដល់​អ្នកប្រើប្រាស់​ជាក់ស្ដែង​ទាក់ទង​នឹង​សេវាកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ភ្ជាប់​គម្លាត​រវាង​តំបន់​ជនបទ និង​ទីក្រុង​ដែល​ទទួលបាន​សេវា​ធនាគារ និង​មិន​ទទួលបាន​សេវា​ធនាគារ ដូច្នេះ​វា​បង្កើត​ឱ្យ​មាន​ការភ្ជាប់​ទំនាក់ទំនង​សង្គម​»​។

បើ​យោ​តាម​លោកស្រី សិរី ត្រូវបាន​ដកស្រង់​សំដី​ដោយ​លើកឡើងថា​៖ «​ការណ៍​នេះ​គឺជា​ការកត់សម្គាល់​ជាពិសេស​ក្នុងចំណោម​ពលករ​ចំណាក​ស្រុក និង​និស្សិត​ដែល​ចាកចេញ​ពី​ស្រុកកំណើត​របស់​ពួកគេ​ទៅ​ធ្វើការ ឬ​សិក្សា​នៅ​តំបន់​ទីក្រុង ហើយ​ត្រូវ​ការតភ្ជាប់​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​»៕LA