ភ្នំពេញៈ អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ (JETRO) និង​សភា​ពាណិជ្ជកម្ម​កម្ពុជា ​(CCC) បាន​ឯកភាពគ្នា​ជាគោលការណ៍ ពិនិត្យ​លទ្ធភាព​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅពេល​ខាងមុខ ដើម្បី​ពង្រឹង និង​ពង្រីក​​កិច្ចសហប្រតិបត្តិការ​លើ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ប្រសើរឡើង​មួយកម្រិត​ទៀត​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែ មករា ឆ្នាំ​ ២០២២ ថា សភាពាណិជ្ជកម្ម​កម្ពុជា និង Jetro បានធ្វើ​កិច្ចសហការ​ការងារ​​បាន​យ៉ាង​ល្អ និង​ជាច្រើន​អនេក​ដោយ​ក្នុងនោះ​សភា​ពាណិជ្ជ​កម្ពុជា​បាន​បញ្ជូន​សហគ្រិន​វ័យក្មេង​កម្ពុជា​ទៅ​បណ្តុះបណ្តាល​នៅក្នុង​ប្រទេស​ជប៉ុន និង​ធ្វើ​កិច្ចការ​ពាណិជ្ជកម្ម និង​វិនិយោគ​ជាច្រើន​ផ្សេងទៀត​រវាង​ប្រទេស​ទាំង​ ២​។

លោក​បន្តថា អនុស្សរណៈ​លើ​កិច្ចសហប្រតិបត្តិការ​នៃ​ស្ថាប័ន​ទាំង​ ២ ដែល​ត្រៀម​នឹងធ្វើ​នេះ​ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ជប៉ុន​ចេញ​ជា​រូបរាង​។ មិនតែប៉ុណ្ណោះ​ស្ថាប័ន​ទាំង​ ២ ​ក៏​នឹង​ជជែក​គ្នា​ក្នុង​ភាព​ជា​ដៃគូ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ។ ជាមួយគ្នានេះដែរ Jetro បាន​សហការ​ជាមួយ​​នឹង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​នាំយក​ពាណិជ្ជករ​ជប៉ុន​ជាច្រើន​មក​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​យើង​ធ្វើការ​បាន​ច្រើន​ជាមួយ Jetro ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម និង​វិនិយោគ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​ក៏បាន​បង្កើត​ការិយាល័យ​សភាពាណិជ្ជកម្ម​សេន​ដៃ​នៅក្នុង​ប្រទេស​ជប៉ុន ដើម្បី​ពង្រឹង​ការវិនិយោគ​នៃ​ប្រទេស​ទាំង​ ២ ​ផងដែរ​»​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ក៏ដូចជា​ដៃគូ​វិនិយោគ​ទាំងអស់​ត្រូវតែ​សហការ​គ្នា​ជួយ​ជំរុញឱ្យមាន​ការហោះហើរ​ត្រង់​ឱ្យបាន​ច្រើន​រវាង​ប្រទេស​ទាំង​ ២ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ប្រទេស​ទាំង​ ២ ​ឡើងវិញ​»​។

លោកស្រី Marisa Haruta ប្រធាន​តំណាង Jetro ប្រចាំ​នៅ​កម្ពុជា និង​លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​កាល​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០២២ បាន​ពិភាក្សា​ពាក់ព័ន្ធ​នឹង​កិច្ចសហការ និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

ស្ថាប័ន​ទាំង​ ២ ​អាច​សហការ គ្នា​ជា​លក្ខណៈ​ទ្វេភាគី និង​កម្រិត​តំបន់​ផងដែរ​ក្នុង​ក្របខ័​ណ្ឌ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ី​ខាងកើត ដោយ​គ្រោង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។

លោក គិត ម៉េង ប្រធាន​​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​ត្រេកអរ​យ៉ាងខ្លាំង​ចំពោះ​ជំហាន​ឆ្ពោះទៅមុខ​ដ៏អស្ចារ្យ​នេះ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន​។ ខ្ញុំ​ទន្ទឹងរង់ចាំ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​នាពេល​អនាគត​ដ៏ខ្លី​ខាងមុខ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន​»​។

លោក គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២០ ខែមករា ឆ្នាំ​ ២០២២ ​ថា Jetro ប្រចាំ​នៅ​កម្ពុជា​បាន​គាំពារ​ពាណិជ្ជកម្ម​កម្ពុជា-ជប៉ុន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយបាន​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ និង​អ្នកវិទ្យាសាស្ត្រ​ដោយ​សិក្សា​ផ្តោត​សំខាន់​ទៅលើ​ពាណិជ្ជកម្ម និង​វិនិយោគ​ពាក់ព័ន្ធ​នឹង​អាស៊ាន​ផងដែរ​។

លោក​បាន​មានប្រសាសន៍​បន្តថា ដោយឡែក​ចំពោះ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU) រវាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​នៅពេល​ខាងមុខ គឺ​ក្នុង​គោលបំណង​ដើម្បី​លើក​កម្ពស់​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា-​ជប៉ុន ឱ្យ​កាន់តែ​រឹងមាំ និង​កាន់តែ​ពង្រីក​ឱ្យ​កាន់តែ​ធំ​​បន្ថែមទៀត​លើ​វិសាលភាព​នៃ​ការនាំចេញ និង​នាំចូល ព្រម​ទាំង​ជា​ឱកាស​សម្រាប់​កម្ពុជា ទាក់ទាញ​វិនិយោគិន និង​បច្ចេកវិទ្យា​ជប៉ុន​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​៕