ព្រះសីហនុៈ ថ្នាក់ដឹកនាំ​ទេសចរណ៍​​អាស៊ាន​បានប្រកាស​ជា​ផ្លូវ​ការបើក​​ទេសចរណ៍​អាស៊ាន​ឡើងវិញ​ដោយ​បាន​ដាក់ចេញ​នូវ​គោលការណ៍​ ៥ ​ចំណុច​ដើម្បី​អនុវត្ត បើទោះបីជា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​កំពុង​​យាយី​ដោយ​ការរីក​រាលដាល​នៃ​វីរុស​​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ក៏ដោយ​។

ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ទេសចរណ៍​អាស៊ាន​រួម​នឹង​អគ្គលេខាធិការ​អាស៊ាន​នា​ល្ងាច​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ បានរួម​គ្នា​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​ចេញពី​ខេត្ត​ព្រះសីហនុ​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍​ចុះ​កាលពី​ថ្ងៃ ព្រហស្បតិ៍ ដោយ​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​នេះ​មាន​ក្នុង​ចក្ខុវិស័យ​លើ​ការស្តារ​សេដ្ឋកិច្ច-​សង្គម​អាស៊ាន​ឡើងវិញ ដោយ​ឈរលើ​គោលការណ៍​ ៥ ​ចំណុច​ដែលមាន​ដូចជា ចាប់ផ្តើម​បើក​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន​ធ្វើឱ្យ​ចេញ​ជា​រូបរាង​នូវ​ច្រក​ធ្វើ​ដំណើរ​អាស៊ាន និង​បង្កើត​នូវ​កាត​វ៉ាក់សាំង​ឌីជីថល​; កំណត់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ជា​គន្លឹះ​ក្នុងការ​សម្រេចបាន​នូវ​ភាពស៊ាំ​សហគមន៍​ឆ្ពោះទៅ​ការ​ដំណើរការ​ចង្វាក់​ឧស្សាហកម្ម​ទេសចរណ៍​ឡើងវិញ​; ជំរុញ​លើកទឹកចិត្ត​ការរស់នៅក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​ស្រប តាម​វិធាន​សុខាភិបាល និង​ស្តង់ដា​ប្រតិបត្តិ​នៃ​ប្រទេស​សមាជិក​នីមួយៗ​; ធានា​ឱ្យបាន​ថា​សេវាកម្ម និង​ធុរកិច្ច​ទេសចរណ៍​ដំណើរការ​ដោយ​អនុលោម​តាម​គោលការណ៍​អាស៊ាន​ស្តីពី​អនាម័យ និង​សុវត្ថិភាព​សម្រាប់​អ្នកជំនាញ​ទេសចរណ៍ និង​សហគមន៍​; និង​ជំរុញ​ភាពជឿជាក់ និង​ទំនុកចិត្ត​តាមរយៈ​ការលើកទឹកចិត្ត​ដល់​ប្រតិបត្តិករ និង​អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ក្នុង​តំបន់​អាស៊ាន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​។

លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ​២០២២ លើក​ទី​ ៤០ ថា ក្នុង​រយៈពេល ២ ​ឆ្នាំ កន្លង​ទៅនេះ វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩ បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សេដ្ឋកិច្ច​សង្គម ពិសេស​ឆ្នាំ​ ២០២០ អាស៊ាន​ទាំងមូល​ទទួលបាន​ទេសចរ​អន្តរជាតិ​ចំនួន​តែ ២៥,៩៦ ​លាន​នាក់ ធ្លាក់ចុះ​ ៨០ ​ភាគរយ​ហើយ​ចំណូល​ពី​វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​រហូតដល់ ៧៥,៨ ​ភាគរយ​។ និន្នាការ​ធ្លាក់ចុះ​នេះ​នៅតែ​បន្ត​ក្នុង​ឆ្នាំ ២០២១ កន្លងទៅ​។ លោក​ថា នៅ​មុនពេល​ផ្ទុះឡើង​ជំងឺ​កូវីដ ​១៩ អាស៊ាន បានទទួល​កំណើន​ទេសចរ​ប្រចាំឆ្នាំ​ក្នុង​រង្វង់​ ៦​ ភាគរយ ហើយ​ត្រឹម​ឆ្នាំ​ ២០១៩ វិស័យ​ទេសចរណ៍​អាស៊ាន​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ ៣០ ​លាន​នាក់ និង​ចូលរួម​ប្រមាណ​ ១០​ភាគរយ​នៃ GDP របស់​តំបន់​។ ដោយឡែក​ទេសចរ​ផ្ទៃក្នុង​អាស៊ាន​មាន​ចំណែក​រហូតដល់​ជាង ​៤០ ​ភាគរយ​នៃ​ទេសចរ​អន្តរជាតិ​សរុប​។

ថ្លែង​ក្នុង​កម្មវិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​កាលពីពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍ថា​ការបើក​ដំណើរការ​សកម្មភាព​សង្គម-សេដ្ឋកិច្ច​ពេញលេញ​ជា​បណ្តើរៗ​ឡើងវិញ​ត្រូវ​បាន​វាយតម្លៃ​ថា ស្ថិតក្នុង​ស្ថានភាព​បន្ទាន់ និង​ត្រូវ​ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ប្រទេស​ទាំងអស់​នៅក្នុង​អាស៊ាន ដោយហេតុថា ស្ថានភាព​ទីផ្សារ​ទេសចរណ៍​នឹងមាន​ភាពតូច​ចង្អៀត ជាមួយ​នឹង​ការប្រកួតប្រជែង​កាន់តែ​ខ្ពស់​។

លោក​បាន​ថ្លែងបន្តថា​៖ «​ផលិតផល និង​សេវាកម្ម តម្លៃ​សមរម្យ ទំនុកចិត្ត​លើ​សុវត្ថិភាព​នៃ​គោលដៅ​ទេសចរណ៍​, វិធានការ​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការសម្រួល​ដល់​ការធ្វើដំណើរ​។ ចំណុច​ទាំងនេះ គឺជា​កត្តា​គន្លឹះ​សម្រាប់​ការសម្រេចចិត្ត​របស់​ភ្ញៀវទេសចរ​ក្នុង​ការជ្រើសរើស​គោលដៅ​ទេសចរណ៍​ក្នុង​បរិបទ​ថ្មី​»​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ណាន ​បាន​សម្តែង​ក្តី​ស្វាគមន៍​ចំពោះ​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ក្នុង​ការបើក​ឱ្យ​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​មែនទែន​ចំពោះ​សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ក្នុង​ការបើក​ទេសចរណ៍​ឡើងវិញ ដែល​នេះ​គឺជា​អ្វីដែល​វិស័យ​ឯកជន​ចង់បាន​ និង​ទន្ទឹងរង់ចាំ​»​។

លោក​បាន​ថ្លែង​បន្តទៀតថា​៖ «​វេទិកា ATF នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​កម្ពុជា​អាច​ធ្វើ​ទៅរួច​ដែល​ឆ្លុះបញ្ចាំង​ថា​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សុវត្ថិភាព​ទៅកាន់​ទេសចរណ៍​ពិភពលោក​។ ប្រសិន​អាស៊ាន​អាចអនុវត្ត​បាន​នោះ លំហូរ​ភ្ញៀវទេសចរ​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយ​នឹងមាន​កំណើន ដែល​វា​មិន​ត្រឹមតែ​ជួយ​ស្តារ​ទេសចរណ៍​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​កំណើន​សេដ្ឋកិច្ច​ផងដែរ​»​។

គិត​ត្រឹម​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២២ កម្ពុជា​សម្រេច​បាន​នូវ​អត្រា​គ្របដណ្ដប់​នៃ​ការចាក់​វ៉ាក់សាំង​រហូត​ដល់​ជាង ៨៩% និង​ដូស​ជំរុញ​បាន​ជាង ២៥% នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១៦ ​លាន​នាក់​។ ការណ៍​នេះ​បានអនុញ្ញាត​ឱ្យ​កម្ពុជា​សម្រេច​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ចាប់ពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ ២០២១ ​។ កម្ពុជា​ក៏បាន​បើកទទួល​ស្វាគមន៍​ទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​ពេញលេញ ដោយ​មិន​តម្រូវឱ្យ​ពួកគាត់​ធ្វើ​ចត្តាឡីស័ក​ឡើយ ចាប់ពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ ​២០២១ ផងដែរ​។ ​នេះ​បើ​យោងតាម​លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក​ថា រាជរដ្ឋាភិបាល​ក៏​សម្រេច​ដាក់ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ស្តីពី​ការរស់​នៅតាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូដវីដ​ ១៩ នៅ​ថ្ងៃទី ​១២ ខែវិច្ឆិកា ឆ្នាំ​ ២០២១ និង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូវីដ​ ១៩ ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១-២០២៣ នៅ​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២១​។

លើសពីនេះ​ទៅទៀត ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ក៏បាន​សម្រេច​ដាក់ឱ្យ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការបើកទទួល​ទេសចរ​វ៉ាក់សាំង និង​វិធានការ​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ឆ្នាំ​ ២០២១-២០២៣ ផងដែរ​៕ LA