ទីក្រុងសេអ៊ូលៈ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃពុធ ថា CITIC Capital ដែលជាក្រុមហ៊ុនវិនិយោគសកលគ្រប់គ្រងទឹកប្រាក់ ១៦ ពាន់លានដុល្លារទូទាំងពិភពលោកបានវិនិយោគនៅក្នុងក្រុមហ៊ុន Organica ដែលជាក្រុមហ៊ុនអាហារដែលមានមូលដ្ឋានពីរុក្ខជាតិនៅប្រទេសកូរ៉េ។
ពួកគេបានបន្ថែមថា វាគឺជា ករណីដំបូងរបស់ CITIC Capital របស់ប្រទេសចិនដែល បណ្តាក់ទុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុនរបស់ប្រទេសកូរ៉េ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបាននិយាយថា ក្រុមហ៊ុន CITIC បានបង្ហាញចំណាប់អារម្មណ៍លើចក្ខុវិស័យរបស់ Organica សម្រាប់និរន្តរភាព និងផលិតផលដែលមានមូលដ្ឋានលើរុក្ខជាតិរបស់ក្រុមហ៊ុននោះ ចាប់ពីទឹកស្អាត និងអាហារសម្រន់ រហូតដល់អាហាររួចរាល់។ វាមានគោលបំណងដើម្បីទទួលបានការឈរជើងជាសកលដោយការបោះទុនលើមូលនិធិខាងក្រៅដែលខ្លួនបានលើកឡើងពី CITIC។
លោក Jungwook Hong ប្រធានក្រុមហ៊ុន Organica បាននិយាយថា៖ «ភាពជាដៃគូរបស់ Organica-CITIC Capital នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើឱ្យអាហារបួសកូរ៉េ (K-vegan) ក្លាយជាស្តង់ដាពិភពលោក»។
រហូតមកដល់ឆ្នាំ ២០១៩ លោក Hong ក៏ជាប្រធានក្រុមហ៊ុន Herald Corp. ដែលជាក្រុមហ៊ុនមេរបស់សារព័ត៌មាន The Korea Herald ផងដែរ។
CITIC Capital មានក្រុមហ៊ុនច្រើនជាង ១៦០ នៅក្នុងប្រទេសចិន និងនៅទូទាំងពិភពលោក។ ក្នុងនាមជាអ្នកវិនិយោគយុទ្ធសាស្ត្រ CITIC Capital នឹងធ្វើការយ៉ាងសកម្មជាមួយ Organica និង BriteBelly សម្រាប់ការពង្រីកជាសកលរបស់ពួកគេ។ BriteBelly គឺជា ផលិតផលពី Organica ដែលកំណត់គោលដៅទីផ្សារផលិតផលសាច់ជំនួស។
លោក Hanxi Zhao នាយកគ្រប់គ្រងជាន់ខ្ពស់របស់ CITIC Capital បាននិយាយថា «យើងរីករាយក្នុងការគាំទ្រ Organica ជាមួយនឹងបេសកកម្មជាសកលរបស់ខ្លួនក្នុងការផ្តល់នូវអាហារប្រកបដោយភាពច្នៃប្រឌិតសម្រាប់សុខភាព និងបរិស្ថានរបស់យើង»។
បង្កើតឡើងក្នុងឆ្នាំ ២០១៣ ផលិតផលរបស់ Organica រួមមានសាច់ជំនួស ប្រូតេអ៊ីនរុក្ខជាតិ និងអាហារដែលមានមុខងារ ព្រមទាំងអាហារសម្រន់ និងភេសជ្ជៈ។ ក្រុមហ៊ុននេះបានបើកដំណើរការផលិតផលនៅទូទាំងបណ្តាញសំខាន់ៗដូចជា Starbucks, Coffee Bean, 7-Eleven និង Yakult៕Korea Herald-ANN/RR