
តម្លៃប្រេងលក់រាយនៅកម្ពុជាបាននិងកំពុងបន្តកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២១ រហូតដល់ដំណាច់ខែមករា ឆ្នាំ ២០២២។ ហេង ជីវ័ន
ភ្នំពេញៈ តម្លៃលក់រាយប្រេងឥន្ធនៈនៅតែបន្តឡើងថ្លៃជាបន្តបន្ទាប់ចាប់តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២១ រហូតដល់ដំណាច់ខែមករា ឆ្នាំ ២០២២ នេះ ខណៈដែលម្ចាស់ស្ថានីយប្រេងឥន្ធនៈនៅកម្ពុជាលើកឡើងថា ការលក់រាយប្រេងឥនន្ធៈមានការថយចុះគួរឱ្យកត់សម្គាល់។
បើតាមសេចក្តីជូនដំណឹងពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ថ្លៃប្រេង ក្រុមឥន្ធនៈលក់រាយបានបន្តឡើងថ្លៃក្នុងនោះ កាលពីថ្ងៃ ១៦ ដល់ ៣១ ខែធ្នូ ឆ្នាំ ២០២១ ប្រេងសាំងធម្មតា តម្លៃ ៤ ១០០ រៀល ហើយចាប់ពីថ្ងៃទី ១ ដល់ ១៥ ខែមករា ឆ្នាំ ២០២២ មានតម្លៃ ៤ ២០០ រៀល និងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ បន្តឡើងដល់ ៤ ៣៥០ រៀល ក្នុង ១ លីត្រ។ អ្នកសេដ្ឋកិច្ចលើកឡើងថា ការបន្តឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈនេះ ដោយសារតែសន្ទស្សន៍នៃផ្សារហ៊ុននៃថ្លៃប្រេងឥន្ធនៈឡើងថ្លៃផង និងតម្រូវការប្រេងឥន្ធនៈសម្រាប់វិស័យផលិតកម្មនៅតាមរោងចក្រពីបណ្តាប្រទេសផ្សេងៗ ជាពិសេសចិនមានសម្ទុះតម្រូវការ ប្រេងកើនឡើងខ្លាំង ក្រោយពីវិបត្តិកូវីដ ១៩ បានធូរស្រាលបន្តិច។
លោក គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តម្រូវការទៅលើប្រេងឥន្ធនៈច្រើនជាងការផ្គត់ផ្គង់ ដោយអង្គការនៃប្រទេសផលិតប្រេង ឬហៅកាត់ថា (OPEC ) ដែលជាស្ថាប័នផ្តាច់មុខទៅលើការផ្គត់ផ្គង់ប្រេងឥន្ធនៈបានកំណត់ចំនួនផ្គត់ផ្គង់ គួបផ្សំនឹងការថមថយនូវទំនិញជំនួសប្រេងផលប៉ះពាល់នៃបរិស្ថាននិងវិបត្តិនៅប្រទេសស្រីលង្កា ដែលរុញច្រានឱ្យប្រេងឥន្ធនៈឡើងថ្លៃជាបន្តបន្ទាប់។
លោកបានបញ្ជាក់ថា៖ «តម្លៃប្រេងឥន្ធនៈនេះអាចនឹងឡើង ឬចុះថ្លៃអាស្រ័យទៅលើតម្រូវការប្រើប្រាស់ និងការផ្គត់ផ្គង់ ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងកត្តាការវិវឌ្ឍនៃរូបិយវត្ថុរបស់សហរដ្ឋអាមេរិកផងដែរ»។
លោក ស៊ឺន នីត ម្ចាស់ស្ថានីយប្រេងឥន្ធនៈភីធីធី ព្រែកកំពឹស បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា ក្រោយស្ថានភាពកូវីដមានសភាពធូរស្រាល ការធ្វើដំណើររបស់ពលរដ្ឋចាប់ផ្តើមវិលទៅរកភាពប្រក្រតីវិញ ដែលជំរុញឱ្យការលក់ប្រេងឥន្ធនៈនៅស្ថានីយរបស់លោកមានកំណើនឡើងវិញផងដែរ។
លោកបានបន្តថា ដោយសារតែស្ថានីយប្រេងឥន្ធនៈរបស់លោកបានទិញសិទិ្ធអាជីវកម្មពីក្រុមហ៊ុនភីធីធីរបស់ថៃ ដូចនេះរាល់តម្លៃប្រេងឥន្ធនៈត្រូវគោរពទៅតាមការកំណត់របស់រដ្ឋ។
លោកយល់ថា ការឡើងថ្លៃនៃប្រេងឥន្ធនៈនេះ គឺបណ្តាលមកពីតម្លៃប្រេងឆៅអន្តរជាតិឡើងថ្លៃ តែមិនទាក់ទងនឹងបុណ្យចូលឆ្នាំចិន ដែលចិននឹងប្រារព្ធនាពេលខាងមុននោះទេ។
លោកបានបញ្ជាក់ថា៖ «ក្រោយពីតម្លៃប្រេងចាប់ផ្តើមឡើងថ្លៃជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន សាំង ធម្មតាតម្លៃ ៤ ៣៥០ រៀលនេះមកធ្វើឱ្យការលក់របស់លោកបានចាប់ផ្តើមថយចុះនៅថ្ងៃធម្មតា និងអាចកើនវិញក្នុងថ្ងៃបុណ្យទាន ដោយអាចកើនពី ៨ ម៉ឺនលីត្រ ទៅ ១៣ម៉ឺន លីត្រ ក្នុង ១ ខែ»។
លោក ទី តូ ម្ចាស់ស្ថានីយប្រេងឥន្ធនៈ កាល់តិច នៅតាមបណ្តោយផ្លូវ ២១៧ ក្នុងខណ្ឌដង្កោ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ការលក់ប្រេងឥន្ធនៈនៅស្ថានីយរបស់លោកបានថយចុះពី ១០ ម៉ឺនលីត្រ មកនៅត្រឹម ៧ ម៉ឺនលីត្រ នៅក្នុង ១ ខែ។
លោកបានបន្តថា ការថយចុះនេះអាចថាដោយសារតែពលរដ្ឋចាប់ផ្តើមកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់ព្រោះតែប្រេងឥន្ធនៈឡើងថ្លៃ។
លោកបានបញ្ជាក់ថា៖ «ចាប់ពី ចុងឆ្នាំ ២០២១ មកការលក់ប្រេងមានការកើនឡើងបន្តបន្ទាប់ ជាពិសេសពេលរាជរដ្ឋាភិបាលប្រកាសឱ្យមានការធ្វើដំណើរកម្សាន្តឡើងវិញនាំឱ្យការធ្វើដំណើរច្រើន ប៉ុន្តែចាប់តាំងពីតម្លៃប្រេងឡើងថ្លៃវិញមក ការលក់ ក៏ថយចុះវិញផងដែរ ព្រោះបើសាំង ឡើងថ្លៃបែបនេះពលរដ្ឋក៏មិនសូវមានធ្វើដំណើរច្រើនដែរ»។
បើយោងតាមសារព័ត៌មាន Reuter ចុះកាលពីថ្ងៃទី ១២ ខែមករា តម្លៃប្រេងដែលបាននិងកើនឡើង ៥០ ភាគរយ កាលពីឆ្នាំ ២០២១ នោះនឹងបន្តការកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំ ២០២២នេះ ខណៈដែលអ្នកវិភាគខ្លះធ្វើការព្យាករថា បញ្ហាកង្វះនៃសមត្ថភាពនៃផលិតកម្ម និងការវិនិយោគដែលមានដែនកំណត់នៅក្នុងវិស័យនេះនឹងធ្វើឱ្យតម្លៃប្រេងឆៅនឹងកើនឡើងដល់ ៩០ ដុល្លារ ឬខ្ពស់ជាង ១០០ ដុល្លារក្នុង ១ បារ៉ែល៕ LA