ទីក្រុងវៀងចន្ទន៍ៈ ក្រុមហ៊ុន Amata Corp Pcl ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្មដ៏ធំមួយនៅក្នុងប្រទេសថៃគ្រោងនឹងវិនិយោគចំនួន ១ ពាន់លានដុល្លារក្នុងការសាងសង់ទីក្រុង Amata Smart និងធម្មជាតិ (Eco City) នៅភាគខាងជើងនៃប្រទេសឡាវ។
រដ្ឋាភិបាលឡាវបានផ្តល់ដីសម្បទានដល់ក្រុមហ៊ុន Amata ដើម្បីសាងសង់តំបន់ឧស្សាហកម្មលើផ្ទៃដី ៤១០ ហិកតាក្នុងតំបន់ Natuey ក្នុងខេត្ត Luang Namtha។
លោក Vikrom Kromadit ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Amata ត្រូវបានដកស្រង់សម្តីក្នុងកាសែត Bangkok Post ថា ការសាងសង់គម្រោង Amata Smart និង Eco City Natuey នឹងចាប់ផ្តើមនៅដើមឆ្នាំនេះជាមួយនឹងសក្តានុពលសម្រាប់ពង្រីកដល់ ២ ម៉ឺនហិកតាក្នុងដំណាក់កាលបន្ទាប់។
លោកបានបន្ថែមថា បរិវេណឧស្សាហកម្មនេះត្រូវបានកំណត់ឱ្យក្លាយជាគំរូសម្រាប់សួនឧស្សាហកម្មទំនើប ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសន្សំសំចៃថាមពល និងការគ្រប់គ្រងបរិស្ថានប្រកបដោយនិរន្តរភាព។
លោក Somphavan Chanthachakvong មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្ត Luang Namtha បានប្រាប់កាសែត Vientiane Times នៅថ្ងៃទី ១៨ ខែមករាថា Amata Smart និង Eco City ត្រូវបានរចនាឡើងដើម្បីផ្លាស់ប្តូរមុខមាត់នៃខេត្ត Luang Namtha និងឡាវទាំងមូលជាវិជ្ជមាន។
ទីក្រុងឆ្លាតវៃនេះមានគោលបំណងបម្រើអ្នកវិនិយោគអន្តរជាតិក្នុងឧស្សាហកម្មផ្សេងៗរួមទាំងការដឹកជញ្ជូន និងឃ្លាំង ផលិតផលកៅស៊ូ និងជ័រប្លាស្ទិក គ្រឿងម៉ាស៊ីន អាហារ និងភេសជ្ជៈ ក៏ដូចជាសារធាតុគីមី និងឱសថស្ថាន។
លោក Somphavan បាននិយាយថា៖ «ទីក្រុងឆ្លាតនេះមានទីតាំងនៅជិតស្ថានីយរថភ្លើង Natuey ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែនប្រទេសចិន»។
លោកនិយាយថា៖ «មានស្ថានីយរថភ្លើងចំនួន ២ នៅក្នុងខេត្ត Luang Namtha ដែលបម្រើជាច្រកផ្លូវរវាងអាស៊ាន និងចិន ដើម្បីជំរុញការផ្លាស់ប្តូរទេសចរ និងពាណិជ្ជកម្មបន្ថែមទៀត។
លោក Somphavan បាននិយាយថា ផ្លូវរថភ្លើងឡាវ-ចិននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន និងលើសពីនេះទៀត។
លោក Vikrom ត្រូវបានគេដកស្រង់សម្ដីចុះផ្សាយក្នុងកាសែត Bangkok Post ដែលបាននិយាយថា Amata គ្រោងនឹងអញ្ជើញក្រុមហ៊ុន និងរដ្ឋាភិបាលចម្រុះជាតិសាសន៍ពីប្រទេសចិន ជប៉ុន សិង្ហបុរី និងថៃ ដើម្បីផ្សព្វផ្សាយគម្រោង Amata Smart និង Eco City៕Vientiane Times-ANN/RR